ថៃ៖ រឿងរ៉ាវដ៏គួរឲ្យអស់សំណើចមួយ ក្នុងប្រទេសថៃ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពក្មេងសិស្សសាលាមួយក្រុម ជិះម៉ូតូយកឆ្នាំងសម្លពាក់ក្បាល ធ្វើជាមួកការពារសុវត្ថិភាព រហូតធ្វើឲ្យមន្រ្តីប៉ូលិសចាប់ឃាត់ពួកគេ ទាំងហួសចិត្ត និងឈរសើចតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ។

យកឆ្នាំងពាក់ក្បាល

បើតាមការឲ្យដឹងពីមន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ នៅ Nakhon Nayok ភាគពាយព្យនៃទីក្រុងបាងកក បាននិយាយថា នៅក្នុងថ្ងៃនោះ គាត់រួមនឹងក្រុមការងារ (ប៉ូលិស) គឺកំពុងតែបំពេញការងារនៅចំណុចផ្លូវប្រសព្វមួយ។ គ្រានោះ គាត់ក៏បានប្រទះឃើញអ្នកបើកម៉ូតូពីចម្ងាយ ពាក់អ្វីម្យ៉ាងនៅនឹងក្បាលយ៉ាងចម្លែក។

នៅពេលដែលអ្នកបើកម៉ូតូមកដល់ជិត ទើបគាត់ដឹងថា នោះគឺជាឆ្នាំងសម្លដែលក្មេងសិស្សម្នាក់ជាអ្នកបើកម៉ូតូបានពាក់វា ខណៈឯគ្នារបស់គេ២នាក់ផ្សេងទៀតជិះពីក្រោយ ពុំមានពាក់អ្វីការពារក្បាលនោះទេ។

លោកមន្រ្តីប៉ូលិសមិនបញ្ចេញឈ្មោះខាងលើ បាននិយាយទៀតថា នៅពេលនោះលោកពិតជាហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង។ ប៉ុន្តែមិនថាយ៉ាងណា លោកក៏មិនបានផាកពិន័យពួកគេនោះដែរ ដោយគ្រាន់តែធ្វើការព្រមានដល់ក្មេងៗទាំងនោះ ដោយនៅលើកក្រោយមិនអនុញ្ញាតឲ្យជិះម៉ូតូមួយ ៣នាក់នោះទេ ហើយក៏ត្រូវតែពាក់មួកការពារសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា។ ក្រោយណែនាំរួចរាល់ លោកប៉ូលិសក៏បានឲ្យពួកគេបន្តដំណើរទៅមុខទៀតផងដែរ។

យ៉ាងណាមិញ បើតាមប្រភពបានឲ្យដឹងថា នៅគ្រាដែលប៉ូលិសចាប់ឃាត់ពួកគេនោះ ក្មេងសិស្សសាលាទាំង៣នាក់ខាងលើនេះ ក៏បានប្រាប់ប៉ូលិសដែរថា ដោយសារតែ នៅសាលារបស់ពួកគេ មានការប្រកួតធ្វើម្ហូបទើបបានជាពួកគេយកឆ្នាំងទៅបែបនេះ។

យកឆ្នាំងពាក់ក្បាល

ពួកគេនិយាយថា នៅពេលធ្វើដំណើរតាមផ្លូវនោះ ពួកគេបានក្រឡេកឃើញប៉ូលិសឈរនៅចំណុចផ្លូវប្រសព្វ ហើយដោយមិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះ គ្នារបស់គេម្នាក់ (អ្នកអង្គុយពីក្រោយ) ក៏បានលើកឆ្នាំងនោះ ទៅពាក់ក្បាលមិត្តរបស់គេ ដែលអ្នកបើកម៉ូតូនោះតែម្តងទៅ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមមក ក្នុងនោះដែរ ក៏មានមហាជនជាច្រើនបានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ទៅលើក្មេងៗទាំង៣នាក់នោះផងដែរ។

ដោយឡែក គេមិនដឹងច្បាស់ទេ ជុំវិញនឹងការប្រកួតធ្វើម្ហូបនៅសាលារបស់ក្មេងៗទាំងនោះ ដូចអ្វីដែលពួកគេបានលើកឡើងនោះឡើយ។ តែគេសង្ឃឹមថា ឆ្នាំងនោះល្អស្អាត មិនប្រឡាក់អ្វីទៅចុះ មុនពេលដែលគ្នារបស់គេលើកយកទៅពាក់ក្បាលឲ្យមិត្តភក្តិ យ៉ាងគួរឲ្យអស់សំណើចបែបនេះ៕​

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]