គន្លឹះខ្លីៗក្នុងការថែទាំ និងត្រួតពិនិត្យរថយន្ត ក្នុងរដូវវស្សា!

//s5.kh1.co/44/443d9b7d1940258ec174e2580ed549ecb3a640e1.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីចៀសវាងបញ្ហា ដែលអាចកើតមានឡើងពេលបើកបរនៅរដូវភ្លៀង? វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។​ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និងភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះ ដែលបង្កឲ្យមានការច្រែះ ខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យ ដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការត្រួតពិនិត្យរថយន្ត
ការត្រួតពិនិត្យរថយន្ត

1. ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត

ការមើលឃើញច្បាស់នៅពេលបើកបរ ជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ ឬពេលភ្លៀងខ្លាំង​ ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសំអាតចង្កៀងចេញ ឬប្តូរអំពូលថ្មីតែម្តង។

ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត
ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត

2. ពិនិត្យផ្នែកដំបូល កញ្ចក់ទ្វាររថយន្ត

ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើក ជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថាតើវាដំណើរការធម្មតាឬទេ។ លើសពីនេះទៅទៀតដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយដូចជា ការបិទមិនជិតដោយសារធូលីដី ឬមានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេច ជ្រៀបទឹកភ្លៀងស្រក់ចូលរថយន្ត។

3. ពិនិត្យផ្លិតទឹក

ជាមួយគ្នានេះដែរ អ្នកត្រូវពិនិត្យមើលប្រតិបត្តិការផ្លិតទឹកមុខក្រោយ ជៀសវាងមានការរហែកជ័របក់ទឹក ឬផ្លិតទឹកមិនដំណើរការប្រក្រតីទៅតាមចលនាលឿនយឺតជាដើម។

4. ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត

ពេលអ្នកបើកបរកាត់ទឹក ឬចតក្នុងទឹកជម្រៅណាមួយ ទឹកអាចជ្រៀបចូលក្នុងគ្រឿងបង្គំមួយចំនួននៃផ្នែកខាងក្រោមរបស់រថយន្តបាន ដូចនេះអ្នកត្រូវពិនិត្យមើលប្រព័ន្ធជើងក្រោមរថយន្តចៀសវាងបញ្ហាទឹកជ្រៀបដល់ទីតាំងសុវត្ថិភាពណាមួយបាន។ អ្នកត្រូវពិនិត្យទៅលើប៉ាឡុង តើវាមានរបូត ឬរលុងកន្លែងណាមួយ ឬអត់ និងត្រូវពិនិត្យមើលការលេចជ្រាបមានដូចជា បូម កាទែម៉ាស៊ីន និងប្រអប់លេខជាដើម។ ប្រការសំខាន់មួយទៀតត្រូវពិនិត្យមើលកៅស៊ូការពារដីមានដូចជាកៅស៊ូរឺទីលចង្កូត កៅស៊ូអាប៊ូហ្សេ កៅស៊ូទាំងអស់នេះគឺសម្រាប់ការពារដី និងទឹកមិនឲ្យចូលនៅពេលអ្នកបើកបរកាត់ទឹក កាត់ភក់ ដែលអាចធ្វើឲ្យគ្រឿងបង្គំផ្នែកខាងក្រោមច្រែះ ធ្វើឲ្យការបើកបរមានបញ្ហា។ ចំនុចចាំបាច់មួយទៀត អ្នកត្រូវពិនិត្យមើលកាឡេខ្វែងប្រសិនបើកាឡេខ្វែងរថយន្តអ្នករលុងនឹងធ្វើឲ្យប៉ះពាល់ដល់ការដាក់លេខ ធ្វើឲ្យរថយន្តកន្ត្រាក់នៅពេលបើកបរ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យប្រេងប៉ុងថាមានការលេចជ្រាបដែរ ឬទេ ចៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានពេលបើកបរផ្លូវឆ្ងាយ។

ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត
ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត

5.​ ត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងរថយន្ត

ហ្វ្រាំង គឺជាប្រព័ន្ធមួយដ៏សំខាន់ដូចប្រព័ន្ធផ្សេងៗទៀតដែលមាននូវក្នុងតារាងត្រួតពិនិត្យរថយន្តផងដែរ ។ អ្នកគួរយករថយន្តទៅត្រួតពិនិត្យដោយជាងជំនាញនូវយានដ្ធានដើម្បីធានាថាស្បែកហ្វ្រាំងនៅមានកំរាស់ក្រាស់និងមិនខូចគុណភាព។ មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យប្រេងហ្វ្រាំងផងដែរ។

6. ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត

ដោយ​សារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុនេះ​ហើយ​ប្រសិន​បើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំង​អស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យមានភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ​អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

7. ត្រួតពិនិត្យសំបករថយន្ត

ការត្រួតពិនិត្យសំបកកង់ មិនសំដៅតែលើសំពាធកង់មួយមុខនោះទេ យើងត្រូវពិនិត្យមើលកាលបរិច្ឆេទនៅលើសំបកកង់ ប្រសិនបើសំបកកង់រថយន្តផុតថ្ងៃហួសកំណត់អ្នកត្រូវប្តូរចេញភ្លាមទោះបីជាក្រឡាកង់នៅមានកំរាស់ក្រាស់ក៏ដោយ។ មួយវិញទៀត អ្នកត្រូវពិនិត្យមើលកម្រិតនៃកម្រាស់សំបកកង់ដែលបានកំណត់ដោយរោងចក្រផ្ទាល់ ថាដល់ពេលដែលគួរប្តូរសំបកកង់ ឬនៅ។

ត្រួតពិនិត្យសំបករថយន្ត
ត្រួតពិនិត្យសំបករថយន្ត

8. ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត

អ្នកគួរពិនិត្យនៅលើក្បាលអាគុយ ប្រសិនបើក្បាលអាគុយមានស្នឹម អ្នកគួរយកទឹកក្ដៅមកលាងសំអាតត្រង់កន្លែងដែលមានស្នឹម ដែលអាចបង្កឲ្យមានបញ្ហាពេលបញ្ឆេះរថយន្ត។ ម្យ៉ាងទៀតគួរពិនិត្យកម្រិតអាស៊ីតក្នុងអាគុយ បើកម្រិតអាស៊ីតឡើងខ្ពស់ នោះបញ្ជាក់ថាដល់ពេលប្ដូរអាគុយថ្មីហើយ។

ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត
ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត

9. លាងសំអាត និងប៉ូលារថយន្តឲ្យបានត្រឹមត្រូវ

នៅក្រោមលក្ខខណ្ឌអាកាសធាតុសើមវាជាការលំបាកខ្លាំងណាស់ក្នុងការលាងសំអាតស្នាមទឹកជាប់លើថ្នាំរថយន្ត។ ទោះជាយ៉ាងណាក៏ដោយការលាងនិងប៉ូលារថយន្តបានត្រឹមត្រូវ អាចជួយសំអាតស្នាមទាំងនោះបាន។ ការសំអាតកញ្ចក់រថយន្តបានស្អាតល្អ ក៏អាចជួយលោកអ្នកមើលបានច្បាស់ពេលបើកបរផងដែរ។ ម្យ៉ាងទៀតលោកអ្នកគួរប្រើទឹកជូតកញ្ចក់ដើម្បីសំអាតកញ្ចក់ជុំវិញរថយន្តបានស្អាតល្អ។

10. ត្រូវប្រុងប្រយ័ត្ន កុំបើកបរលឿនពេកនៅពេលភ្លៀង

បន្ទាប់ពីអ្នកបានធ្វើតាមគន្លឹះមួយចំនួនដែលបានរៀបរាប់ខាងលើ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅរដូវភ្លៀង។ អ្នកមិនត្រូវចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗនោះទេ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ការធ្វើបែបនេះនឹងជួយរក្សាលំនឹងកង់ជៀសវាងការរអិល។ អ្នកគួរបើកបរនៅជួរកណ្ដាលនៃផ្លូវ ព្រោះពេលមានភ្លៀងធ្លាក់ផ្នែកសងខាងផ្លូវតែងមានទឹកលិច។
ដូចនេះហើយ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះអ្នកអាចយករថយន្តទៅយានដ្ឋានជួសជុលនិងថែទាំរថយន្ត ឬអ្នកមកកាន់មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត Ford ផ្ទាល់ដើម្បីឲ្យជាងដែលមានជំនាញច្បាស់លាស់ធើ្វការត្រួតពិនិត្យ ឬជួសជុលរថយន្តអ្នកមុនរដូវវស្សាខិតជិតមកដល់៕

មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត Ford 
មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត Ford 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T