ចិន៖ សព្វថ្ងៃយុវជនភាគច្រើននិយមចូលចិត្តហូបភេសជ្ជៈកំប៉ុងមានជាតិផ្អែមច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ូវកម្លាំង និងបំបាត់ភាពស្រេកទឹកជាដើម។

ប៉ុន្តែយើងគួរគប្បីមានការប្រុងប្រយ័ត្នខ្ពស់ និងកំណត់ជាតិស្ករដែលយើងទទួលទានប្រចាំថ្ងៃដែរ ជាក់ស្តែងមានបុរសម្នាក់នៅប្រទេសចិន បានស្លាប់ដោយសារជាតិស្ករខ្ពស់នេះឯង។

យោងតាមប្រភពបានឱ្យដឹងថា បុរសត្រកូល Wang អាយុ ៣០ឆ្នាំ ជាបុគ្គលិកធ្វើការការិយាល័យនៅក្នុងទីក្រុងស៊ូចូវ ចូលចិត្តហូបភេសជ្ជៈកំប៉ុងរាល់ថ្ងៃ ដើម្បីប៉ូវកម្លាំង និងជួយឱ្យផ្តោតលើការងារបានល្អ។ ដោយសារអាកាសធាតុក្តៅ ពេលខ្លះគាត់ហូបគ្រឿងកំប៉ុងផ្អែមៗជំនួសទឹកធម្មតាតែម្តងដើម្បីបំបាត់ភាពស្រេកទឹក។

រូបតំណាង

ប៉ុន្តែជាអកុសលនៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ លោក Wang ស្រាប់តែមានអារម្មណ៍ពុំស្រួលខ្លួន។ ដូច្នេះលោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់។ គ្រូពេទ្យសង្ស័យថា លោកមានជំងឺទឹកនោមផ្អែម ដូច្នេះពួកគេក៏ធ្វើការពិនិត្យឱ្យលោក ស្រាប់តែរកឃើញកម្រិតជាតិស្ករនៅក្នុងខ្លួនឡើងខ្ពស់ជាង ២០ដង ធៀបទៅនឹងកម្រិតជាតិស្ករទូទៅនៃមនុស្សធម្មតា។

រូបតំណាង

គ្រូពេទ្យរកឃើញទៀតថា លោក Wang ឡើងជាតិអាស៊ីតខ្ពស់ និងតម្រងនោម​មានបញ្ហាព្រោះមិន​អាច​រក្សា​កម្រិត pH ក្នុង​រាង​កាយ​ឱ្យ​មាន​តុល្យភាព​បាន​។ យូរ​ទៅ​បញ្ហា​នេះ​បង្ក​ជា​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ផ្សេង​ថែមទៀត​ដូច​ជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ។

គួរឱ្យសោកស្តាយ បើទោះបីជាគ្រូពេទ្យព្យាយាមជួយសង្រ្គោះជីវិតលោក​ Wang ក៏ដោយ ក៏ស្ថានភាពជំងឺគាត់ធ្ងន់ធ្ងរពេក ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតទៅ។

លោក Wang ពុំដឹងថាខ្លួនឯងមានជំងឺទឹកនោមផ្អែមតាំងពីយូរនោះទេ ទើបលោកបន្តហូបភេសជ្ជៈកំប៉ុងមានជាតិផ្អែមជំនួសទឹកសាបជាប្រចាំ។

ម្យ៉ាងវិញទៀត លោកក៏ចូលចិត្តហូបស្ករគ្រាប់ផងដែរ។ លោក​មានកម្ពស់ ១ម៉ែត្រ ៧៨សង់ទីម៉ែត្រ និងមានទម្ងន់ជាង ១១៣គីឡូក្រាម។

រូបតំណាង

យ៉ាងណាមិញ គ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់មនុស្សទូទៅ ឱ្យមានការកំណត់កម្រិតជាតិស្ករដែលខ្លួនទទួលទាន ហើយលោកអ្នកអាចពិសាភេសជ្ជៈកំប៉ុងដែលមានជាតិផ្អែមនៅក្នុងកម្រិតមធ្យម ប៉ុន្តែកុំពិសាច្រើនពេក​ដើម្បីចៀសវាងនូវជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]