ហូឡង់៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ Real Madrid និង Inter Milan កីឡាករ Wesley Sneijder បានប្រកាសព្យួរស្បែកជើង ចាកចេញពីអាជីពជាកីឡាករបាល់ទាត់ហើយ។

  កីឡាករ Wesley Sneijder 

Sneijder គឺជាថ្នាលយុវជនរបស់ក្លិប Ajax នឹងត្រូវបានតម្លើងមកលេងឲ្យក្រុមធំកាលពីឆ្នាំ ២០០២។ Sneijder បង្ហាញខ្លួនឲ្យ Ajax ដែលជាក្លិបមានមូលដ្ឋាននៅទីក្រុង Amsterdam សរុបបាន ១៨០ប្រកួត មុននឹងត្រូវក្លិបយក្សអេស្ប៉ាញ Real Madrid ទិញយកមកពីទឹកដីហូឡង់អំឡុងរដូវកាល ២០០៧-២០០៨ ក្នុងតម្លៃខ្លួន ២៣លានផោន។

Sneijder កាលលេងឲ្យ Ajax

យ៉ាងណាមិញ Sneijder ត្រូវបាន Real Madrid លក់ទៅឲ្យ Inter Milan ទីដែលគេបានឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០០៩-២០១០ ក្រោយការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho។

ក្រោយចាកចេញពី Inter Milan ក្នុងឆ្នាំ ២០១៣ Sneijder បានទៅចូលរួមជាមួយ Galatasaray, Nice និងចុងក្រោយបង្អស់គឺក្លិបនៅកាតា Al-Gharafa។

Sneijder ជាមួយពាន UEFA Champions League

ងាកមកមើលជាមួយក្រុមជម្រើសជាតិហូឡង់វិញ Sneijder ធ្លាប់ចូលលេងបាន ១៣៤ប្រកួត និងរកគ្រាប់បាល់បាន ៣១គ្រាប់ ព្រមទាំងបានជួយឲ្យក្រុមជម្រើសជាតិហូឡង់ក្លាយជាជើងឯករងព្រឹត្តិការណ៍ FIFA World Cup 2010 នៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព័្រត្រ។

Sneijder បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហូឡង់

ចំពោះការប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនេះ Sneijder បានត្រឡប់មកកាន់ទីក្រុង Utrecht វិញដែលជាទីកន្លែងកំណើតរបស់គេ ដោយបំពេញតួនាទីនៅខាងប្រព័ន្ធផ្សព្វផ្សាយឲ្យក្លិប Utrecht FC៕

ប្រភព៖ The Telegraph

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]