អាមេរិក៖ ស្ត្រីម្នាក់មានអាការដូចជាផ្ដាសាយ ត្រូវបានកាត់ដៃ និងជើងទាំងសងខាងចោល ដោយសារការឆ្លងមេរោគប្រភេទម៉្យាង ដែលបង្កឡើងដោយទឹកមាត់ឆ្កែចិញ្ចឹមរបស់គាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Marie Trainer អាយុ៥៤ឆ្នាំ មានអាការផ្ដាសាយបន្ដិចបន្តួចបន្ទាប់ពីគាត់វិលត្រលប់មកពីលេងសមុទ្រវិញ។ ប៉ុន្ដែស្ថានភាពចាប់ផ្ដើមធ្ងន់ធ្ងរខ្លាំង មានទាំងក្អួតចង្អោរ ឈឺដៃជើង និងសីតុណ្ហភាពក្នុងខ្លួនឡើងកម្ដៅខ្លាំង គាត់ក៏ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។

អ្នកស្រីត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ដោយដាក់អុកស៊ីសែនជាប់ជានិច្ច​ ព្រោះគាត់សឹងតែមិនអាចដកដង្ហើមដោយខ្លួនឯងបាន។

ស្ថានភាពដៃរបស់អ្នកស្រី

ក្រោយមក ក្រុមគ្រួសាររបស់អ្នកស្រីបានទទួលដំណឹងដ៏រន្ធត់មួយពីគ្រូពេទ្យគឺ អ្នកស្រីបានឆ្លងមេរោគប្រភេទម៉្យាងដែលហៅថា Capnocytophaga canimorsus ។ វាជាមេរោគដែលមាននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ មេរោគនេះអាចឆ្លងពីសត្វទៅកាន់មនុស្សបាន ដោយការខាំ ខ្វាច និងលិឍ។ ដូច្នេះដើម្បីការពារជីវិត អ្នកស្រីត្រូវតែកាត់ដៃ និងជើងទាំងសងខាងចោល។

គ្រូពេទ្យបានសន្និដ្ឋានថា អ្នកស្រីត្រូវបានសត្វឆ្កែចិញ្ចឹមរបស់គាត់ លិឍដំបៅតូចមួយដែលនៅលើដៃរបស់គាត់។

ប្រភពបានបន្ដថា បើមិនវះកាត់ដៃនិងជើងទាំងសងខាងចោលទេ អ្នកស្រីអាចនឹងបាត់បង់ជីវិតដោយសារជំងឺហឺត និងជំងឺសរសៃប្រសាទបាន។

យ៉ាងណាមិញ ក្រោយពីទទួលបានការវះកាត់រួច អ្នកស្រីមានអារម្មណ៍ពិបាកទទួលយកការពិត ដែលត្រូវរស់នៅក្នុងសភាពពិការបែបនេះជារៀងរហូត ប៉ុន្ដែក្រុមគ្រួសារ និងជាពិសេសស្វាមី តែងតែជួយផ្ដល់កម្លាំងចិត្តឲ្យគាត់ជានិច្ច។ ទោះបីយ៉ាងណាក៏ដោយ អ្នកស្រីក៏មិនបានគិតពីការឈប់ចិញ្ចឹមសត្វឆ្កែនោះដែរ៕

ឆ្កែរបស់អ្នកស្រី
អ្នកស្រីបន្ទាប់ពីវះកាត់រួច
អ្នកស្រីនិងស្វាមីកំពុងផ្ដល់បទសម្ភាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]