ម៉ិកស៊ិក៖ ជាទូទៅអ្នកនយោបាយតែងតែធ្វើការសន្យាខ្យល់ នៅពេលពួកគេត្រូវការសំឡេងឆ្នោត។ បើទោះបីជាពេលខ្លះ ពួកគេមិនអាចធ្វើបាននូវអ្វីដែលពួកគេបានសន្យាក្តី ក៏ពួកគេមិនមានរឿងអ្វីនោះដែរ។

ប៉ុន្តែថ្មីៗនេះ នៅក្នុងទីក្រុងមួយក្នុងប្រទេសម៉ិកស៊ិក ប្រជាពលរដ្ឋបានសម្រេចចិត្តផ្តល់មេរៀនទៅដល់អភិបាលក្រុងរបស់ពួកគេ ដោយពិន័យឱ្យគាត់ ត្រូវស្លៀករ៉ូបមនុស្សស្រីដើរពាសពេញផ្លូវ ព្រោះតែមិនអាចបំពេញតាមការសន្យាចំពោះប្រជាពលរដ្ឋខ្លួនបាន។

អភិបាលក្រុងនិងអភិបាលរងស្លៀករ៉ូបមនុស្សស្រី

យោងតាមប្រភពបានឱ្យដឹងថា លោក Javier Sebastián Jiménez Santiz បានឈ្នះឆ្នោត និងជាប់ឈ្មោះជាអភិបាលក្រុង Huixtán ដោយលោកបានធ្វើការសន្យាក្តែងៗថា លោកនឹងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងតំបន់ឱ្យបានល្អ ប៉ុន្តែចុងក្រោយបែរជាមិនអាចធ្វើបានតាមការសន្យាចំពោះប្រជាពលរដ្ឋ។

ដូច្នេះ ព្រោះតែប្រជាជនធុញទ្រាន់នឹងលេសរបស់លោកអភិបាលក្រុងរាប់មិនអស់ ពួកគេក៏បែកគំនិត ពិនិយលោកអភិបាលក្រុង និងអភិបាលរង Luis Ton ឱ្យស្លៀករ៉ូបមនុស្សស្រីចំនួន ៤ថ្ងៃដើរដង្ហែឱ្យមនុស្សម្នាមើល។

លើសពីនេះទៀត លោកអភិបាលក្រុង និងអភិបាលរងក៏ត្រូវបានប្រជាពលរដ្ឋបង្ខំឱ្យពួកគេឈរសុំប្រាក់បរិច្ចាគពីអ្នកដំណើរផ្សេងៗ សម្រាប់ការអភិវឌ្ឍន៍គម្រោងដែលពួកគេបានសន្យាថា នឹងធ្វើឱ្យប្រជាពលរដ្ឋផងដែរ។

អភិបាលក្រុងនិងអភិបាលរងសុំប្រាក់បរិច្ចាគពីអ្នកដំណើរ

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមសារព័ត៌មាន លោកអភិបាលក្រុង Santiz បានពន្យល់ថា មូលហេតុដែលលោកមិនអាចធ្វើតាមការសន្យាជូនប្រជាពលរដ្ឋបាន ព្រោះតែថវិកាចំនួន ៣លានប៉េសូ (១៥៨,០០០ដុល្លារ) ត្រូវបានបែងចែកទៅអភិវឌ្ឍន៍ទីក្រុងដទៃទៀត។ ដូច្នេះលោកពុំមានថវិកាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍គម្រោងនោះទេ។

យ៉ាងណាមិញ ក៏មានប្រជាពលរដ្ឋក្នុងតំបន់ជាច្រើននាក់ សុទ្ធសឹងតែមិនជឿសម្តីរបស់លោក Santiz នោះទេ ហើយពួកគេទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងពិសេសទាក់ទិនទៅនឹងប្រាក់ដែលលោកអភិបាលក្រុងបានអះអាងនោះ។

ស្របពេលជាមួយគ្នានេះដែរ រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សម្នាជាច្រើន សុទ្ធសឹងតែស្ងើចសរសើរប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Huixtán ហើយពួកគេក៏បាននិយាយថា មន្រ្តីនៅក្នុងតំបន់ពួកគេគួរតែទទួលបានមេរៀនស្រដៀងគ្នានេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]