ថ្ងៃនេះ សពលោក នួន ជា បងធំទី២របបខ្មែរក្រហម នឹងត្រូវបូជាហើយ

//s5.kh1.co/a1/a1526ba9af057fa683b3a2c5b9f370674870daf6.jpg
សង្គម

 ០៩-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ សពរបស់ លោក នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហម នឹងត្រូវបូជានៅវត្តព្រំគិរីមរកត ក្នុងខេត្តប៉ៃលិន នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនជាប់ចោទ នួន ជា បានទទួលមរណភាព នៅម៉ោង៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។ សពរបស់លោក ត្រូវបានក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យកទៅធ្វើបុណ្យនៅខេត្តប៉ៃលិន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។

ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ សាលាក្តីខ្មែរក្រហម មិនទាន់សម្រេចថា សំណុំរឿងពាក់ព័ន្ធនឹង នួន ជា ត្រូវតែបិទបញ្ចប់ឬយ៉ាងណាទេ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អង្គជំនុំជម្រះតុលាការកំពូល នឹងធ្វើសេចក្តីសម្រេចថា តើត្រូវបន្តសំណុំរឿងពាក់ព័ន្ធនឹង លោក នួន ជា បន្តទៀត ឬយ៉ាងណា នៅពេលខាងមុខនេះ។

លោកអះអាងថា៖ ក្រុមមេធាវីការពារក្តី នួន ជា បានអនុវត្តតាមបណ្តាំចុងក្រោយរបស់ នួន ជា ស្នើសុំតុលាការបន្តនីតិវិធី ដើម្បីអ្វីដែលតាមរយៈមេធាវីការពារក្តី នួន ជា អះអាងក្នុងសន្និសីទសារព័ត៌មាន៦ម៉ោងក្រោយមរណភាពនួន ជា «ដើម្បីបង្ហាញការពិតក្នុងការពិត»។

លោកបញ្ជាក់ថា «យោងតាមច្បាប់ កម្ពុជា បណ្តឹងអាជ្ញានឹងត្រូវរលត់នៅពេលដែលជនជាប់ចោទស្លាប់។ ប៉ុន្តែការសម្រេចយ៉ាងណា គឺអាស្រ័យលើចៅក្រមនៃអង្គជំនុំជម្រះតុលាការកំពូល»។

រហូតមកដល់ពេលបច្ចុប្បន្ននេះ មានមេដឹកនាំកំពូលខ្មែរក្រហម ៣រូបហើយ ក្នុងចំណោម៥រូប ដែលត្រូវបាននាំមកកាត់ទោស បានបាត់បង់ជីវិត ក្នុងនោះក្រៅពី លោក នួន ជា ក៏មាន លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លាប់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ក្នុងអាយុ៨៧ឆ្នាំ និង លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចស្លាប់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ ក្នុងអាយុ៨៣ឆ្នាំផងដែរ។

ករណីអៀង សារី និងអៀង ធីរិទ្ធ ត្រូវបានតុលាការសម្រេច មិនបន្តសំណុំរឿងទៀតទេ ដោយបានសម្រេចរំលត់បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនជាប់ចោទទាំង២។

បច្ចុប្បន្ននេះ មានមេដឹកនាំខ្មែរក្រហមនៅមានជីវិត ដែលកំពុងស្ថិតក្នុងការជំនុំជម្រះក្តីនៅសល់ម្នាក់នោះគឺ ខៀវ សំផន។ ដោយឡែក ម្នាក់ទៀតគឺ លោក កាំង ហ្គិចអៀវ ហៅឌុច បានបិទបញ្ចប់ការជំនុំជម្រះក្តីហើយ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ១ជីវិតរបស់គាត់នៅពន្ធនាគារ៕

https://s4.kh1.co/__image/w=650,h=309,q=100/61/617a4a4fe35b2740051b6b1a3e0bec82275a5dde.jpg
https://s6.kh1.co/__image/w=650,h=434,q=100/84/8496ebec4ffaf383affa0f13d36592ad7d0f5c8f.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T