សព្វថ្ងៃនេះ យើងមានអាហារគ្រប់គ្រាន់ សំលៀកបំពាក់សមរម្យ មានផ្ទះសម្បែងជ្រកនៅ មានសេវាថែទាំសុខភាព ព្រមទាំងសេវាផ្សេងៗទៀត ក៏ដោយសារការរីកចម្រើននៃពាណិជ្ជកម្ម មានន័យថាពាណិជ្ជកម្ម គឺជាការផ្តល់ផលិតផល ឬសេវាសម្រាប់អ្នកប្រើប្រាស់។

)       តើការផ្តល់ផលិតផល និងសេវាកម្មរបស់ពាណិជ្ជកម្មយ៉ាងដូចម្តេច?

  • ម្ហូបអាហារ បានមកពីកសិកម្ម ដែលជាវត្ថុធាតុដើម
  • ផ្ទះសម្បែង គ្រឿងសង្ហារឹម បានមកពីព្រៃឈើ
  • សាំងដែលចាក់ដាក់ឡាន ហើយអគ្គីសនីដែលយើងប្រើប្រាស់ បានមកពីរ៉ែ។ វត្ថុធាតុដើមត្រូវបានកែច្នៃទៅជាទំនិញ ឲ្យអ្នកប្រើប្រាស់ប្រើ តាមរយៈពាណិជ្ជកម្ម។

        សព្វថ្ងៃនេះ តម្លៃទំនិញតែងតែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ មិនថានៅប្រទេសយើង ក៏ដូចជាប្រទេសដែលជឿនលឿន។

តាមទស្សនៈ ខ្មែរឡូត កត្តាដែលនាំឲ្យទំនិញឡើងថ្លៃនៅស្រុកយើង គឺប្រេងសាំង និងការដឹកជញ្ចូន។ ខ្មែរឡូត ធ្លាប់ទៅកោះមួយ នៃខេត្តស្ទឹងត្រែង បានឃើញបន្លែរលួយចោល អ្នកស្រុកគេថា បើដឹកទៅលក់នៅផ្សារ មិនរួចថ្លៃដឹកជញ្ចូននោះទេ មានន័យថាតម្លៃបន្លែនៅទីនោះ ស្មើនឹងសូន្យ ផ្ទុយទៅវិញ បន្លែនៅទីក្រុង មានតម្លៃថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។

)       តើពាណិជ្ជកម្មមានសារប្រយោជន៏អ្វីខ្លះ?

        នៅប្រទេសក្រីក្រ គេគួរផ្តើមពីការលក់ដូរខ្នាតតូច វាមិនត្រឹមតែឲ្យខ្លួនឯង ទទួលបានប្រាក់កំរៃ ហើយវាក៏ជួយផ្តល់ការងារ ដល់កម្មកររបស់ខ្លួនផងដែរ។ ការលក់ដូរខ្នាតតូច ពិតជាធ្វើឲ្យប្រទេសជាតិ មានកំណើរសេដ្ឋកិច្ចឆាប់រហ័ស។ ជាទ្រឹស្តី ប្រទេសមួយមិនអាចពឹងផ្អែកលើវិស័យកសិកម្ម តែមួយមុខបាននោះទេ ជាក់ស្តែងនៅរបបខ្មែរក្រហម អ្នកកាសែត យូហ្គោស្លាវី មកទស្សនកិច្ចនៅ កម្ពុជា នាឆ្នាំ១៩៧៨ បានសួរប៉ុលពតថា “ហេតុអ្វីបានជាសមមិត្ត បំបាត់ការចាយប្រាក់ ដោយមិនធ្វើពាណិជ្ជកម្ម?” ព្រោះកាលនោះប៉ុលពត ស្ទើរតែធ្វើកសិកម្ម ១០០% ហើយទីបំផុត ប្រជាជនខ្លះស្លាប់ដោយអត់អាហារ។ ជាការពិតណាស់ ដើម្បីឲ្យសេដ្ឋកិច្ចមួយមានលក្ខណៈពេញលេញ និងរឹងមាំ ផ្នែកកសិកម្ម ឧស្សាហ៏កម្ម និងពាណិជ្ជកម្ម ត្រូវតែមានចំណងគ្នាល្អ។

       ខ្មែរឡូត ធ្លាប់ទៅទស្សនកិច្ចនៅប្រទេសថៃ និងប្រទេសហ្វីលីពីន ច្រើនដង រឿងមួយដែល ខ្មែរឡូត ធ្វើការកត់សំគាល់ គឺគេមិនទុកផ្លែឈើរលួយចោលនោះទេ គេបានផលិតវាជាទឹកផ្លែឈើស្រស់ ហើយដាក់លក់នៅតាមសាលារៀន ព្រមទាំងតាមដងផ្លូវសាធារណៈ ដូចជាទឹកឪឡឹក ទឹកក្រូច ទឹកម្នាស់ ទឹកផ្លែស្វាយ ហើយនេះមិនទាន់គិតពីភេសជ្ជៈនៃផ្លែឈើ ដែលនាំចូលមកលក់ឲ្យប្រទេសយើងផង។ ស្រុកគេសម្បូរទៅដោយធនធានមនុស្ស និស្សិតគេចូលចិត្តរៀន បច្ចេកវិទ្យាផ្នែកឧស្សាហ៏កម្ម ហើយកម្មវិធីនៅឧត្តមសិក្សា គេរៀបចំដើម្បីទម្រង់ទិស ធ្វើឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចឆាប់រហ័ស ដោយឡែកយើងទទួលឥទ្ធិពល ពីអាណានិគមន៏បារាំង ដូច្នេះម្នាក់ៗមានផ្នត់គំនិត ចង់តែបំរើការជាមន្រ្តីរាជការ ហើយចូលចិត្តតែរៀនមុខវិជ្ជារដ្ឋបាលប៉ុណ្ណោះ។

        ទោះបីជាយ៉ាងនេះក៏ដោយ ខ្មែរឡូត សង្ឃឹមថាផ្នត់គំនិតនេះ នឹងត្រូវផ្លាស់ប្តូរនាពេលខាងមុខ ព្រោះពាណិជ្ជកម្មនៅស្រុកយើង កំពុងតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]