សពលោក នួន ជា នឹងត្រូវបូជានៅវត្តព្រំគិរីមរកត ខេត្តប៉ៃលិន ថ្ងៃទី០៩ ខែសីហា

//s5.kh1.co/db/db43097d0d91ac8f44e202a53c0fdb7e49ce64b2.jpg
សង្គម

 ០៦-សីហា-២០១៩ ៧ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ សពលោក នួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហម នឹងត្រូវបូជានៅវត្តព្រំគិរីមរកត ខេត្តប៉ៃលិននាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក នេត្រ ភក្រ្តា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា «សពលោក នួន ជា នឹងត្រូវបូជានៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅវត្តព្រំគិរីមរកត ស្ថិតនៅភូមិផ្សារព្រហ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីបុណ្យសពលោក នួន ជា នឹងបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែសីហា ធ្វើបុណ្យ ៧ ថ្ងៃជាកិច្ចបង្ហើយបុណ្យ»។

សពលោក នួន ជា ត្រូវបានគ្រួសាររបស់គាត់ដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោង ៤៖៤៧នាទីព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ ហើយបានទៅដល់ទីកន្លែងពិធីបុណ្យ នាខេត្តប៉ៃលិន នៅម៉ោង ១២៖៣០នាទីថ្ងៃត្រង់ថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាព នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។

នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។

នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ នេះបើតាមការប្រកាសរបស់ សាលាក្តីខ្មែរក្រហម។

អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕

https://s5.kh1.co/__image/w=600,h=350,q=100/db/db43097d0d91ac8f44e202a53c0fdb7e49ce64b2.jpg
https://s4.kh1.co/__image/w=650,h=356,q=100/6d/6d17e275b35c037450ecc37818dab87ceb8e0176.jpg
https://s6.kh1.co/__image/w=650,h=356,q=100/52/5223fefafc9f81a8f6baf7dfa25231b843f11157.jpg
https://s6.kh1.co/__image/w=650,h=356,q=100/23/231f16627a3cf7fbcc87ed937bb2e13d50ea783f.jpg

ប្រភព៖ freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T