ក្តុកក្តួល! ប្តីប្រពន្ធចំណាស់មួយគូ ធ្លាក់ខ្លួនឈឺ… ជួបជុំគ្នានៅបន្ទប់ ICU ជាលើកចុងក្រោយ ធ្វើឱ្យមហាជនទប់ទឹកភ្នែកពុំបាន

//s6.kh1.co/89/892633e5b7102eed44608605c529ab02e5a5b1cc.png
សង្គម

 ០៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះមានរឿងរ៉ាវរបស់ប្តីប្រពន្ធចំណាស់មួយគូរស់នៅក្នុងទីក្រុងសិនជិន បានធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកពុំបាន បន្ទាប់ពីពួកគេបានរៀបការជាមួយគ្នាអស់រយៈពេលជាង ៥៧ឆ្នាំ ហើយស្រាប់តែពួកគេធ្លាក់ខ្លួនឈឺជាទម្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា លោកយាយ Peng (ប្រពន្ធ) បានចូលមន្ទីរពេទ្យកាលពី០៨ ខែកក្កដាកន្លងទៅនេះ ព្រោះតែគាត់មានជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ខណៈពេលលោកតា Gao (ប្តី) ស្រាប់តែគាំងបេះដូង ត្រូវចូលមន្ទីរពេទ្យកាលពីថ្ងៃទី១៧ ខែកក្កដា។ ពួកគាត់ទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ HKU-SZ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

កាលពីថ្ងៃទី២៧ ស្រាប់តែលោកយាយ Peng ដឹងខ្លួន ក្រោយពីទទួលការវះកាត់រួច។ បន្ទាប់មក លោកយាយក៏បានដឹងថាប្តីគាត់ក៏ត្រូវបានបញ្ជូនទៅកាន់បន្ទប់ ICU ផងដែរ។

ដោយដឹងថានេះអាចនឹងជាឱកាសចុងក្រោយសម្រាប់គាត់ក្នុងការឃើញប្តីជាលើកចុងក្រោយ ដូច្នេះលោកយាយ Peng ក៏បានស្នើឱ្យបុគ្គលិកមន្ទីរពេទ្យនាំគាត់ទៅជួបប្តីគាត់នៅក្នុងបន្ទប់ ICU។

បុគ្គលិកមន្ទីរពេទ្យនាំលោកយាយ Peng ទៅជួបប្តី
បុគ្គលិកមន្ទីរពេទ្យនាំលោកយាយ Peng ទៅជួបប្តី

បើទោះបីជាលោកយាយ Peng ពុំទាន់បានជាសះស្បើយ ១០០% ពីការវះកាត់ក្តី ក៏ខាងបុគ្គលិកមន្ទីរពេទ្យយល់ព្រមនឹងសំណើរបស់គាត់ដែរ។

ដូច្នេះពួកគេក៏បាននាំគាត់ទៅក្នុងបន្ទប់ ICU ដោយដាក់គ្រែពួកគាត់នៅក្បែរគ្នា និងបានឱ្យពួកគាត់ជួបជុំគ្នាជាលើកចុងក្រោយ។

ភ្លាមៗនោះលោកយាយ Peng ក៏បានចាប់ដៃលោកតា Gao ហើយសម្លឹងមើលមុខប្តីដោយទឹកមុខក្តុកក្តួលបំផុត។

លោកយាយបាននិយាយទៅកាន់ប្តីថា៖

«តាចាស់ភ្ញាក់ឡើង...តាចាស់ភ្ញាក់ឡើង...»

លោកយាយ Peng ជួបជុំប្តីជាលើកចុងក្រោយ
លោកយាយ Peng ជួបជុំប្តីជាលើកចុងក្រោយ

លោកយាយ Peng បានជួបជុំប្តីបានត្រឹមតែ ១០នាទីប៉ុណ្ណោះ ព្រោះតែមិនចង់ឱ្យគាត់ក្តុកក្តួលខ្លាំងពេក និងប៉ះពាល់ទៅដល់ស្ថានភាពជំងឺ។

ចំណែកកូនស្រីរបស់លោកយាយ Peng និងលោកតា Gao បាននិយាយថា៖

«ដំបូងឡើយ ខ្ញុំមិនរំពឹងទុកថាខាងមន្ទីរពេទ្យយល់ព្រមសំណើម៉ាក់ខ្ញុំដោយនាំគាត់ទៅជួបប៉ាខ្ញុំនោះទេ។ ខ្ញុំពិតជាអរគុណពួកគេជាខ្លាំង ព្រោះមិនត្រឹមតែពួកគេយល់ព្រមនឹងសំណើមួយនេះទេ ប៉ុន្តែពួកគេក៏ធ្វើការបានលឿនភ្លាមៗផងដែរ។ ពេលនេះខ្ញុំបានធូរចិត្តហើយ ព្រោះម៉ាក់ខ្ញុំបានឃើញប៉ាខ្ញុំជាលើកចុងក្រោយ។»

គួរឱ្យដឹងផងដែរថា លោកតា Gao កំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ហើយអាចនឹងបាត់បង់ជីវិតគ្រប់ពេលវេលាទាំងអស់។

រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សជាច្រើនបានជូនពរពួកគាត់ឱ្យឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗនេះផងទៅចុះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T