អតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាព

//s4.kh1.co/99/9986e9bf6c83b6571e67c7342562b3c9ae89a44c.jpg
សង្គម

 ០៥-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា អាយុ៩៣ឆ្នាំ ដែលជាអតីតមេដឹកនាំរបបខ្មែរក្រហម បានទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពី លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពី មន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩មក។

សូមជម្រាបថា យោងតាមសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត ហើយមានឈ្មោះក្លែងក្លាយថា «បងទី២» កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។

លោកបានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។

នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយ​នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយ របបកម្ពុជាប្រជាធិបតេយ្យ។

លោក នួន ជា រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ​ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕

//s4.kh1.co/93/935cc853a6b4b29c7c4b58e51b1833511b38a787.jpg
//s5.kh1.co/4b/4b0e4d1620bc1599e25894dc3e243d39f124d874.jpg
//s6.kh1.co/bb/bb78078706136b4a0f27888a0c22d422178ade4f.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T