ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ!

//s4.kh1.co/66/663e0250573de17ef852e413d7a3d6594bfa405d.jpg
នារី

 ៣១-កក្កដា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ រួច​បន្តបំបៅដោះ​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ ទារក​ម៉ឹម​ទឹកដោះ​ម្តាយ​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៦ ខែ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ?
នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល រួម​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើនស្តី​អំពី ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយឆ្នាំ២០១៩ បាន​បញ្ជាក់​ពី​ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាលអាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល២០%។
កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។
លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាលបានបញ្ជាក់ថា ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក មានសុវត្ថិភាព និង​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ចំពោះ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះម្តាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ។
អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្តាយ​បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើ​ប្រៀប​ធៀប​នឹង​កុមារ​ទទួល​បាន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ពេញ​លេញ។
ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T