បញ្ហាឈឺឆ្អឹងថ្គាម ឬជាប់ថ្គាមៗ ជាបញ្ហាឧស្សាហ៍កើតមានបំផុត ពិសេសពេលក្តៅក្នុង ហើមថ្គាម សូម្បីតែស្ត្រេសខ្លាំង ក៏អាចធ្វើឲ្យមានបញ្ហានេះដែរ ធ្វើឲ្យពិបាកញ៉ាំអាហារ ពិបាកសូម្បីតែនិយាយស្តី និងបញ្ហាមួយចំនួនទៀត។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារមួយចំនួន យើងគួរញ៉ាំ និងមិនគួរញ៉ាំនៅអំឡុងពេលនេះ។
១- អ្វីជាបញ្ហាឆ្អឹងថ្គាម?
បញ្ហាឆ្អឹងថ្គាម សំដៅលើអាការៈឈឺ ឬជាប់ឆ្អឹងថ្គាម ជាភាសាបច្ចេកទេស Temporomandibular joint ឬ (TMJ, TMD) ខណៈរោគសញ្ញាអាចមានខុសៗគ្នា ហើយអាចប៉ះពាល់ដល់ថ្គាម និងមាត់។រោគសញ្ញាទូទៅនៃបញ្ហាឆ្អឹងថ្គាម (TMD) រួមមាន សង្កៀតធ្មេញ (Clenching Teeth) ឈឺថ្គាមញឹកញាប់ខុសធម្មតា ឈឺក្បាល ពិបាកធ្វើចលនាបើកបិទមាត់ ហើយពេលខ្លះក៏អាច ឮសំឡេងនៅពេលទំពា ឬហ៊ឹងត្រចៀកផងដែរ។ បើគិតថាយើងកំពុងមានបញ្ហានេះ ល្អបំផុតគួរត្រួតពិនិត្យទម្លាប់ការញ៉ាំអាហារឡើងវិញ។
ដោយការញ៉ាំអាហារទន់ៗ បានកាត់តូចៗរួចស្រេច អាចជួយយើងកាត់បន្ថយកម្លាំងសង្កត់លើសន្លាក់ ដែលមាននាទីធ្វើឲ្យថ្គាមបើក និងបិទ ជួយធ្វើឲ្យសន្លាក់ អាចសម្រាកបានពេលកាន់តែច្រើន។ មានអាហារជីវជាតិជាច្រើន អាចសាកល្បងញ៉ាំ ដើម្បីចៀសវាង ឬកាត់បន្ថយរោគសញ្ញាបញ្ហាឆ្អឹងថ្គាមនេះ។
២- អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលមានបញ្ហាឆ្អឹងថ្គាម
– អាហារគួរញ៉ាំពេលមានបញ្ហាឆ្អឹងថ្គាម៖ ខាងក្រោមនេះ ជាប្រភេទអាហារទន់ៗ ជួយយើងថែរក្សាឆ្អឹងថ្គាម កុំឲ្យបើកធំពេក ដែលជាហេតុធ្វើឲ្យថ្គាមរងសម្ពាធខ្លាំង។ សូមសាកល្បងញ៉ាំអាហារទាំងនេះ ដើម្បីកម្រិតសម្ពាធទៅលើឆ្អឺងថ្គាម មាត់ និងធ្មេញ ដូចជា៖
- យ៉ាអួ
- បន្លែចំហុយ
- ទឹកផ្លែឈើច្របាច់ (ធ្វើខ្លួនឯង)
- ផ្លែឈើទន់ៗ ដូចជា ផ្លែបើរី ចេក ស្ត្រប៊ើរី ឈើរី
- សណ្ដែក
- ស៊ុប
- ពងចៀន
- ដំឡូងកិន។
– អាហារគួរចៀសវាងពេលមានបញ្ហាឆ្អឹងថ្គាម៖ គួរចៀសកុំញ៉ាំអាហារដែលពិបាកទំពា ឬអាហារបង្ខំឲ្យឆ្អឹងថ្គាមធ្វើការខ្លាំង ហើយអាហារខាងគួរតែចៀសវាង ពេលមានបញ្ហាឆ្អឹងថ្គាម មានដូចជា៖
– នំប៉័ងស្រួយ
– ស្រូវសាលីស្រួយៗ
– សាច់រឹង ដូចជា ស្ទេកសាច់គោ ជាដើម
– អាហារស្រួយ ឬស្អិត រួមមាន ការ៉ាមែលផ្លែប៉ោម (Caramel Apples) និងស្ករកៅស៊ូ (Chewy Candy)
– អាហារស្រួយ និងរឹង ដូចជា ការ៉ុត និងផ្លែប៉ោម។
បន្ថែមពីលើនេះ ត្រូវចាំថាស្ករកៅស៊ូ គឺហាមមិនឲ្យញ៉ាំដាច់ខាត ព្រោះចលនាទំពាញឹកញាប់ អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ជាការណែនាំ មិនគួរញ៉ាំ ជាតិកាហ្វេអ៊ីន ស្រា ស្ករ ដោយសារសារធាតុទាំងនេះ អាចធ្វើឲ្យសាច់ដុំនៅថ្គាម កើនសម្ពាធ និងធ្វើការខ្លាំងជាងមុន ហើយប្រើសារធាតុទាំងនេះ នឹងធ្វើឲ្យខូចធ្មេញនៅពេលទំពា ឬពេលសង្កៀតធ្មេញ ដែលធ្វើឲ្យបញ្ហាឆ្អឹងថ្គាមកាន់តែឈឺចាប់។ ហើយក៏គួរចៀសវាង កុំបៀមស្ករគ្រាប់ដូចគ្នា។
៣- មូលហេតុផ្សេងទៀត និងវិធីដោះស្រាយពេលមានបញ្ហាឆ្អឹងថ្គាម
ការស្រាវជ្រាវបង្ហាញថា មានកត្តាជាច្រើនទៀតអាចនាំឲ្យមានបញ្ហាឆ្អឹងថ្គាម រួមទាំងបញ្ហាស្ត្រេស ផងដែរ។ នៅពេលស្ត្រេសខ្លាំង គ្នាយើងខ្លះអាចនឹងខាំសង្កៀតធ្មេញខ្លួនឯង ហើយខ្លាំងៗទៀតផង។ បើមានបញ្ហាបែបនេះ ត្រូវតែធ្វើយ៉ាងម៉េចសម្រួលអារម្មណ៍ខ្លួនឯង ធ្វើសកម្មភាពមួយៗ អាចជួយបន្ថយកម្រិតស្ត្រេសធ្លាក់ចុះទាប។
មានវិធីងាយស្រួល តែមានប្រសិទ្ធភាព ដើម្បីបន្ថយស្ត្រេស រួមមាន ម៉ាស្សា ងូតទឹកក្ដៅឧណ្ហៗ ហាត់ប្រាណជាដើម។ យើងក៏អាចការពារ ឬបន្ថយរោគសញ្ញាបញ្ហាឆ្អឹងថ្គាម ដោយនិយាយប្រាប់ទៅមិត្តភក្ដិ ឬគ្រួសារ នៅពេលកំពុងស្ត្រេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet