គ្នា​យើងប្រហែល​ជា​ឆ្ងល់​ហើយ​ពេល​ឃើញ​អត្ថបទ​នេះ ព្រោះ​ជាធម្មតា “Hello គ្រូពេទ្យ” ​ណែនាំ​គ្នា​យើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែ​បែរ​ជា​ពេល​ឲ្យ​ប្រយ័ត្ន​ទៅ​វិញ? មូលហេតុ គឺដោយ​សារ ខ្លាច​គ្នា​យើង​មាន​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ​នុះឯង បាន​ជាប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​បែបនេះ។ ចង់​ដឹង​ច្បាស់​អ្វី​ជា​ជំងឺ​ហឺត​ពេល​ហាត់​ប្រាណ អាន​លេងៗ​សិនទៅ។

១- និយមន័យ

ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុង​ពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។

២- រោគសញ្ញាជំងឺ​ហឺត​ពេល​ហាត់​ប្រាណ

វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖
– ហត់
– ក្អក
– ចុកណែនទ្រូង ឬឈឺទ្រូង
– អស់កម្លាំង ឬខ្សោយកម្លាំង
– ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច
បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។

៣- មូលហេតុបង្ក

ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។ លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ បង្កឲ្យមានរោគសញ្ញាជំងឺហឺត។ អ្វីដែលធ្វើឲ្យមានហានិភ័យខ្ពស់ប្រឈមជំងឺហឺតពេលហាត់ប្រាណ មានផ្សែងពុល លម្អងផ្កា និងសារធាតុគីមីផ្សេងៗ។ ការឆ្លងរោគលើប្រព័ន្ធដង្ហើម ជំងឺសួត អាចកើតមានលើការលេងកីឡា ដូចជា ទាត់បាល់ និងរត់ប្រណាំង។

៤- វិធីព្យាបាលជំងឺ​ហឺត​ពេល​ហាត់​ប្រាណ

វិធី​ព្យាបាលដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងអាការៈមានដូច​ជា៖
– លេបថ្នាំ មុនហាត់ប្រាណ ជួយកាត់បន្ថយ និងបង្ការរោគសញ្ញាជំងឺហឺតពេលហាត់។ ប្រឹក្សាជាមួយពេទ្យឲ្យច្បាស់ពីកម្រិតលេបថ្នាំ ចន្លោះពេលលេប និងការហាត់ប្រាណ។
– ថ្នាំប្រើរយៈពេលយូរ ត្រូវលេបប្រចាំថ្ងៃ ដើម្បីគ្រប់គ្រងរោគសញ្ញាជំងឺ ដូចជា ប្រើថ្នាំបាញ់ច្រមុះ Corticosteroids និងប្រើរួមគ្នាជាមួយថ្នាំលេប Leukotriene។

៥- ប្រយ័ត្នហឺតធ្វើទុក្ខពេលហាត់ប្រាណ

ហាត់ប្រាណទៀងទាត់ ធ្វើឲ្យសុខភាពយើងកាន់តែប្រសើរឡើង ទោះបីជាមានជំងឺហឺតពេលហាត់ប្រាណក៏ដោយ ហើយវីធីសាស្ត្រល្អៗខាងក្រោមអាចជួយយើងបាន៖
– សម្រាកមួយៗ ក្រោយហាត់ប្រាណ
– កម្ដៅសាច់ដុំយឺតៗ ១០ នាទីមុនហាត់
– ហាមហាត់ទៀត បើមិនស្រួលខ្លួន
– ដាក់ថ្នាំបាញ់ច្រមុះជាប់ខ្លួន
– ចៀសវាងហាត់ប្រាណកន្លែងមានខ្យល់កខ្វក់
– លេបថ្នាំតាមវេជ្ជបញ្ជា
– ព្យាយាមដកដង្ហើមតាមច្រមុះ បើយើងហាត់ប្រាណនៅកន្លែងមានខ្យល់ត្រជាក់ ឬស្ងួត។
ជ្រើសរើសហាត់ប្រាណដែលសមស្របសម្រាប់យើងគឺ ហែលទឹក និងចៀសវាងកីឡាទាត់បាល់ ឬរត់ប្រណាំង។ បើមានសំណួរ ឬចម្ងល់អាចទៅពិគ្រោះជាមួយពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]