(ភ្នំពេញ)៖ អតីតបវរកញ្ញាឯកកម្ពុជា «Miss Grand Cambodia» ២០១៧ រាងខ្ពស់ស្រឡះ សម្បុរស្រអែម ទឹកមុខមានមន្តស្នេហ៍ កញ្ញា ខ្លឹម ស្រីគា ត្រូវបានអ្នកនិយមតាមដានសិល្បៈមើលឃើញថា ចាប់តាំងពីបញ្ចប់កម្មវិធីបង្ហាញម៉ូតមក នាងហាក់មានទីផ្សារសិល្បៈខ្លាំង ដោយក្តោបក្តាប់តំណែងធំៗក្នុងភាពយន្តផងដែរ។ ទន្ទឹមគ្នានេះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺមួយរយៈចុងក្រោយនេះ រូបរាងរបស់នាងហាក់ខុសប្លែកពីមុនដាច់ស្រឡះតែម្តង បើប្រៀបធៀបកាលពីចូលសិល្បៈដំបូង នាងមានដងខ្លួនយ៉ាងទាក់ទាញ សិចស៊ី ខណៈឥឡូវមានសាច់ទ្រលុកទ្រលន់ ឡើងគីឡូខ្លាំងខុសពីមុនដាច់។ តែយ៉ាងណា ខ្លឹម ស្រីគា បានឲ្យដឹងថា នាងនឹងព្យាយាមហាត់ប្រាណយករាងពីមុនឲ្យបាន ដើម្បីសម្រុកយកទីផ្សារសិល្បៈឲ្យកាន់តែខ្លាំងជាងនេះ ព្រោះជឿជាក់ថា ពេលបានរាងស្អាតវិញហើយ នឹងមានការងារសិល្បៈច្រើន។

ពាក់ព័ន្ធនឹងការងារសិល្បៈ ក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទ កញ្ញា ខ្លឹម ស្រីគា បានឲ្យដឹងថា រយៈពេល២ឆ្នាំនៃការចូលប្រឡូកក្នុងវិស័យសិល្បៈ នាងទទួលបានបទពិសោធន៍ការងារជាច្រើន ក្នុងនោះមានទាំងបទពិសោធន៍ការសម្តែង ក៏ដូចជាការបង្ហាញម៉ូតជាដើម។ ដោយមានការបង្ហាត់បង្រៀនពីអ្នកដឹកនាំ និងរៀមច្បងសិល្បៈ ក្នុងរយៈពេល២ឆ្នាំនេះ ខ្លឹម ស្រីគា ថាថតភាពយន្តបាន៣រឿងហើយ ក្នុងនោះមានរឿងភាគ២ និងរឿងដុំមួយ។ ​

ងាកមកបច្ចុប្បន្ន ខណៈទើបតែបញ្ចប់កុងត្រាសម្តែងនោះ ខ្លឹម ស្រីគា បានបង្ហើបថា មិនទាន់ទទួលថតភាពយន្តផ្សេងទៀតទេ ព្រោះកំពុងតែមមាញឹកខ្លាំងក្នុងការហាត់ប្រាណ ដែលនាងកំពុងព្យាយាមធ្វើយ៉ាងណាយករាងពីមុនមកឲ្យបាន ទោះមិនបាន១០០ភាគរយ តែបានត្រឹមដូចមុន ៥០ភាគរយក៏អស់ចិត្តដែរ។ ក្នុងរយៈពេល១ខែទៀតប៉ុណ្ណោះ នឹងមានដំណឹងល្អប្រាប់ទស្សនិកជន ក្រោយពីបានរាងស្អាតហើយនោះ។ ខ្លឹម ស្រីគា បានបន្តថា ទោះបីកាលពីមុនរាងតូចច្រឡឹងស្អាតទាក់ទាញក៏ពិតមែន តែទម្រង់មុខមិនសូវស្អាតទេ ខណៈបច្ចុប្បន្នទោះធាត់មិនមានទីផ្សារផ្នែករាង តែបើទម្រង់មុខវិញ គឺស្អាត ពោលគឺមុខពេញ ញញឹមស្រស់តែម្តង។

អតីតបវរកញ្ញា Miss Grand ២០១៧ ធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ ខ្លឹម ស្រីគា បានបង្ហាញពីក្តីសង្ឃឹមថា នៅពេលដែលបានរាងស្អាតប្រឡប់មកវិញហើយ និងទម្រង់មុខនៅតែពេញ ញញឹមស្រស់ដដែលនោះ នឹងមានទីផ្សារសិល្បៈកាន់តែខ្លាំងបន្ថែមទៀត ព្រោះជឿថា កាលណាមានរាង និងទម្រង់មុខស្អាតហើយ នឹងមានបណ្តាផលិតករ ក៏ដូចជាក្រុមហ៊ុននានាត្រូវការ ដើម្បីឲ្យនាងសម្តែង ឬថតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

គួរជម្រាបថា ខ្លឹម ស្រីគា ធ្លាប់បានជ្រើសរើសឲ្យធ្វើជាបវរកញ្ញា តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង សម្រស់លើឆាកអន្តរជាតិ ក្នុងកម្មវិធី «Miss Grand International» ឆ្នាំ 2017 ដែលកាលណោះ មានប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។ រហូតមកទល់នឹងបច្ចុប្បន្ន មានរយៈពេល២ឆ្នាំហើយ ដែលនាងដើរលើវិថីសិល្បៈ តាមរយៈការចូលរួមសម្តែងភាពយន្តភាគ និងដុំនានា។ តាមរយៈទេពសកោល្យពីធម្មជាតិផ្នែកសិល្បៈនេះ នាងទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានទស្សនិកជនជាច្រើនគាំទ្រ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា