កូរ៉េខាងត្បូង៖ កុមារីអាយុ ៦ឆ្នាំ ជា Youtuber រស់នៅក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់ បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងតូចរូបនេះ ត្រូវបានគេដឹងថា មានលទ្ធភាពទិញអចលនទ្រព្យ ឬអគារកម្ពស់៥ជាន់ ជាមួយនឹងតម្លៃរាប់លានដុល្លារឲ្យគ្រួសាររបស់នាង។

កុមារី Boram

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារី Boram ត្រូវបានគេចាត់ទុកថា ជាតារាយូធូប ឬ Youtuber វ័យក្មេងដ៏មានឥទ្ធិពលមួយរូប (ប្រជាប្រិយភាព) ប្រចាំប្រទេស ដោយសារតែឆាណែលយូធូបទាំងពីររបស់នាង Boram Tube Vlog និង Boram Tube ToysReview បូកបញ្ចូលគ្នាមានចំនួនអ្នកតាមដាន ឬ Subscribers រហូតដល់ទៅខ្ទង់ ៣២លាននាក់ ខណៈឯអ្នកចុចទស្សនារាល់ឃ្លីបវីដេអូរបស់នាង ក៏មានចំនួនច្រើនដល់ទៅខ្ទង់រាប់លាន View ឯណោះ។

កុមារី Boram

នាងតូច Boram ទើបតែចាប់ផ្តើមបង្កើត និងធ្វើបង្ហោះវីដេអូរបស់នាងនៅលើយូធូប នារយៈពេលប្រមាណជា ១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលនាងតូចទទួលបានត្រលប់មកវិញនោះ គឺមានការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឲ្យឆាណែលយូធូបទាំងពីររបស់នាង កើបបានអ្នកចុចចូលមើលសរុបមិនក្រោម ១០ពាន់លាន View នោះឡើយ។ នេះបើផ្អែកតាមរយៈការបង្ហាញពីគេហទំព័រស្រង់ស្ថិតិ ឬវិភាគ Social Balde ។

ឆាណែលយូធូប Boram Tube Vlog របស់នាង ត្រូវបានគេប៉ាន់ប្រមាណបានថា អាចរកប្រាក់ចំណូលបានក្នុងមួយខែៗ ខ្ទង់ចាប់ពី ៣,៦លានដុល្លារអាមេរិកឯណោះ។ ដូច្នេះបានន័យថា ក្នុង១ឆ្នាំ នាងតូច Boram អាចរកចំណូលបានប្រមាណ ៤២,៧លានដុល្លារអាមេរិក។

ចំណែកឯ ឆាណែលយូធូប Boram Tube ToyReview របស់នាងវិញ ក៏ត្រូវបានគេប៉ាន់ប្រមាណបានថា អាចរកប្រាក់ចំណូលបានក្នុងមួយខែៗ ខ្ទង់ចាប់ពី ៧៧៩,៧០០ដុល្លារអាមេរិកផងដែរ។ ដូច្នេះបានន័យថា ក្នុង១ឆ្នាំ នាងតូច Boram ក៏អាចទាញចំណូលបានពីឆាណែលមួយនេះ ប្រមាណ ៩,៤លានដុល្លារអាមេរិក។

កុមារី Boram

នៅក្នុងឆាណែលយូធូបរបស់នាងតូច Boram គឺតែងតែបង្ហោះចែកចាយនូវឃ្លីបវីដេអូរួមមានដូចជា ការប្រកួត ឬ Challenges គ្នា បែបសប្បាយៗ បង្ហាញពីការស្លៀកពាក់ ការចម្អិនអាហារ ការញ៉ាំ ក៏ដូចជាសកម្មភាពលេងសើច និងប្លែកៗជាច្រើនផ្សេងទៀតផងដែរ។

កុមារី Boram

យ៉ាងណាមិញ ទន្ទឹមនឹងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ទៅលើកុមារី Boram ដែលជា Youtuber ដ៏មានឥទ្ធិពល និងអាចរកប្រាក់ចំណូលបានក្នុង១ខែៗ មិនចេះតិចនោះ ថ្មីៗនេះនាងតូចដ៏ឆ្លាត និងស្រស់ស្អាតរូបនេះ ក៏រឹតតែធ្វើឲ្យមហាជន ក៏ដូចជាបណ្តាសារព័ត៌មានជាច្រើន មានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើនាង បន្ទាប់ពីនាងត្រូវបានគេដឹងថា បានចំណាយលុយទិញអគារ៥ជាន់ ស្ថិតនៅក្នុងសង្កាត់ Cheongdam-dong ស្រុក Gangnam ដែលត្រូវបានគេស្គាល់ថា ជាតំបន់អ្នកមានទ្រព្យរស់នៅ ជាមួយនឹងតម្លៃរហូតដល់ទៅ ៩,៥លានវ៉ុន ឬប្រហែលជាង ៨លានដុល្លារអាមេរិកឯណោះ។

កុមារី Boram

គួរឲ្យដឹងថា កម្មសិទ្ធិអចលទ្រព្យលំនៅដ្ឋាននោះ មានទំហំ ២៥៨.៣ម៉ែត្រការ៉េ ត្រូវបានគ្រួសារនាងតូច Boram ទិញយកតាំងតែពីថ្ងៃទី៣ មេសា ឆ្នាំ២០១៩ មកម៉្លេះ ខណៈទើបតែត្រូវបានលេចឮជាសាធារណៈនាពេលថ្មីៗប៉ុណ្ណោះ៕

ទស្សនាវីដេអូរបស់កុមារី Boram ខាងក្រោម៖  

កុមារី Boram
កុមារី Boram
អគារដែលបានទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]