ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មួយ​ប៉ុណ្ណោះ ដែល​គ្រោះថ្នាក់​បំផុត និង​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូងនៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សសៃ​ឈាម​បេះដូង?

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ឈាម។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ស្តែង​ឡើង​បណ្តាល​មក​ពី​កត្តា​គ្រោះថ្នាក់​ផ្សេងៗដូចជា កត្តា​អាយុ ជក់បារី មាន​ជំងឺ​លើស​ឈាម មាន​ជំងឺ​ទឹកនោម​ផ្អែម ធាត់​ពេក មាន​ជាតិ​ខ្លាញ់​ច្រើន ស្ត្រេស​ជាដើម។

២- អាការៈ​គាំង​បេះដូង

ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់ ​ជា​សញ្ញា​ដំបូងនៃ​អាការៈ​គាំង​បេះដូង។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរលើស​ពី ៣០ នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើស អស់កម្លាំង ឬ​វិលមុខ។

៣- វិធី​សង្គ្រោះ​អ្នក​ជំងឺ​គាំងបេះដូង

ជំងឺ​គាំង​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ប្រសិន​អ្នក​ជំងឺ​ចុក​ដើម​ទ្រូង​ខ្លាំង​ភ្លាម មាន​តែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ តែ​ក៏​ត្រូវ​ចៀសវាង​នូវ​កាយវិការ​មិន​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​រឹត​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត។
– ឲ្យ​អ្នក​ជំងឺ​សម្រាក អង្គុយ​នៅ​ស្ងៀម
– កុំ​អ្នក​ជំងឺ​ធ្វើ​ចលនា
– ឲ្យ​អ្នកជំងឺ​ដក​ដង្ហើម​ឲ្យ​បាន​គ្រប់​គ្រាន់ វែងៗ
– កុំ​ទៅ​រោម​អ្នក​ជំងឺ​ជិត ធ្វើ​ថប់​ខ្យល់ អត់​មាន​អុកស៊ីសែន​ដក​ដង្ហើម
– ទូស័ព្ទ​ហៅ​ឡាន​ពេទ្យ តាម​លេខ ១១៩។

មាន​តែ​ការ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា ទើប​អាច​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​គាំង​បេះដូង​បាន។ លោក​វេជ្ជបណ្ឌិត​ សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង បន្ថែម​ថា បើ​មាន​អ្នក​មាន​អាការៈ​គាំង​បេះដូង​ហើយ កុំ​​អូស​បន្លាយ​ពេល​វេលា ដោយ​ព្យាយាម ធ្វើ​តាម​វិធី​បុរាណ​ដោយ​ការ​កោស​ជប់​ខ្យល់ ឬ​ទៅ​បន់​ស្រន់​ផ្សេងៗ ព្រោះ​វិធី​នេះ​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ទេ។

ក្នុង​ករណី​អ្នក​ជំងឺ​គាំង​បេះដូង ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​បេះដូង​លែង​ដើរ លោក​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​សង្គ្រោះ​ដោយ​ការ​ធ្វើចលនាបេះដូង ដោយសង្កត់​បេះដូង និង​សប់ ឬ​ផ្លុះ​ខ្យល់ រង់ចាំ​គ្រូពេទ្យ​ទៅ​ដល់ ឬ​មុន​មក​ដល់​មន្ទីរពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]