ម៉ាឡេស៊ី៖ ផ្ទុះការភ្ញាក់ផ្អើលនិងកោតសរសើរពេញអ៊ីនធើណេត ក្រោយលោកពូម្នាក់តស៊ូលក់នំចិញ្ចឹមកូនឱ្យរៀនក្លាយជាមេធាវី និងគ្រូពេទ្យ ហើយឥឡូវនេះមានគេគូររូបដ៏ធំមួយឱ្យគាត់ទៀតផង។

យោងតាមប្រភពបានឱ្យដឹងថា លោកពូ Muniandi មុខរបរជាអ្នកលក់នំបុ័ងចល័ត ត្រូវបានសិល្បៈករមួយក្រុមគូររូបដ៏ធំមួយនៅលើជញ្ជាំងឱ្យលោកដើម្បីទុកជាការចងចាំពីជីវិតតស៊ូលក់នំនៅក្នុងរដ្ឋប៉េណាងអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។

លោកពូ Muniandi

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Acit Raman Abdullah បានឱ្យដឹងថា លោកព្រមទាំងមិត្តភក្តិរបស់លោកបានគូររូបដ៏ធំមួយឱ្យពូ Muniandi ព្រោះតែពូគឺជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមនិងជាគំរូដ៏ល្អសម្រាប់មនុស្សទូទៅ។

លោក Acit បានរៀបរាប់ទៀតថា លោកពូ Muniandi គឺជាមនុស្សដែលខំប្រឹងប្រែធ្វើការងារម្នាក់ ហើយលោកបានតស៊ូចិញ្ចឹមកូនឱ្យរៀនក្លាយទៅជាគ្រូពេទ្យ មេធាវី និងកូនម្នាក់ទៀតកំពុងតែរៀនវិស្វកម្មគីមីផងដែរ។

យោងតាមសម្តីកូនស្រីរបស់លោកពូ Muniandi បាននិយាយថា ប៉ានាងគឺជាមនុស្សខំធ្វើការខ្លាំងណាស់ ពោលគឺធ្វើការងារច្រើនផ្នែកដើម្បីតែរកប្រាក់ចិញ្ចឹមជីវិតកូនៗ។

ក្នុងនោះដែរ នាងបាននិយាយទៀតថា៖

«គាត់ភ្ញាក់ពីព្រលឹម ចេញទៅលក់នំបុ័ននៅម៉ោង ៨:៣០នាទីព្រឹក ហើយត្រលប់មកវិញនៅម៉ោង ១២ថ្ងៃត្រង់។ បន្ទាប់មកគាត់ក៏ផ្លាស់ប្តូរសំលៀកបំពាក់ រួចក៏ទៅឃ្វាលគោតែម្នាក់ឯង។ បន្ទាប់ពីគាត់ត្រលប់មកផ្ទះនៅម៉ោងជាង ៤ល្ងាចហើយ គាត់ក៏សម្រាកតែ ៣០នាទី រួចក៏ទៅលក់នំបុ័ងតទៀត រហូតដល់លក់អស់នៅយប់ជ្រៅ ទើបត្រលប់មកផ្ទះវិញ។»
លោកពូ Muniandi

បន្ថែមពីនេះទៀត នាងក៏បាននិយាយថា ឪពុកនាងមិនដែលត្អូញត្អែរចំពោះការងារច្រើននោះទេ ផ្ទុយទៅវិញនាងថែមទាំងបាននិយាយលេងសើចដាក់ឪពុកខ្លួន ថាគាត់គឺជាមនុស្សយន្តដោយមិនចាំបាច់សាកថ្ម។

យ៉ាងណាមិញ រឿងរ៉ាវរបស់លោកពូ Muniandi បាននិងកំពុងតែល្បីពេញបណ្តាញសង្គមម៉ាឡេស៊ី ហើយមនុស្សម្នាសុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តជាឪពុករបស់លោកពូយ៉ាងខ្លាំង៕

លោកពូ Muniandi និងអ្នកដែលជួយគូររូបឱ្យលោក
អ្នកដែលជួយគូររូបឱ្យលោកពូ Muniandi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]