(ព្រះសីហនុ)៖ ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅម៉ោង១១៖៣០នាទីយប់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់។

នគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈពេលដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកក្រុមជនសង្ស័យ បានជិះរថយន្តរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ចំពោះជនសង្ស័យ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]