ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានករណីដាក់ថ្នាំសណ្តំបន្លំយកប្រាក់ពីអ្នកលក់នៅក្នុងហាងលក់ស្បែកជើងមួយកន្លែង ដែលមានទីតាំងនៅច្បារអំំពៅ។ 

យោងតាមបុគ្គលិកនៅក្នុងហាងលក់ស្បែកជើងបានប្រាប់ ខ្មែរឡូត ឱ្យដឹងថា ជនខិលខូចមានគ្នា២នាក់ បានជិះម៉ូតូមកដល់ហាង ដោយមានទាំងពាក់មួកសុវត្ថិភាព និងមានពាក់ម៉ាសផង។  ហើយក្រោយមក គ្នាគេម្នាក់ក៏បានធ្វើសកម្មភាពដើរចូលមកក្នុងហាង បំណងរកទិញស្រោមជើង១គូ ប៉ុន្តែបុរសម្នាក់នោះបានធ្វើពុតថាខ្លួនជាមនុស្ស គ ហើយប្រើកាយវិការប្រាប់ទៅអ្នកលក់ ដោយបានហុចលុយ ក្រដាស៥០ដុល្លារឱ្យអ្នកគិតលុយ និងប្រាប់ថា សុំលុយអាប់ជាលុយខ្មែរ លុយដុល្លារមិនយកទេ។

បន្ទាប់មកបុរសម្នាក់នោះក៏បានប៉ះដៃអ្នកគិតលុយ ហើយភ្លាមៗនោះស្រាប់តែបុគ្គលិករូបនេះហាក់ដូចជាត្រូវថ្នាំសណ្តំលែងដឹងខ្លួន និងបានប្រមូលលុយពីក្នុងថតតុប្រគល់ឱ្យជនខិលខូចអស់ប្រមាណជាជាង ៣០០ ដុល្លារ។

បន្ទាប់ពីទទួលបានប្រាក់ហើយ ជនខិលខូចទាំង២នាក់ក៏បានជិះម៉ូតូចេញទៅដោយសុវត្ថិភាព រហូតប្រហែលជាកន្លះម៉ោងក្រោយមកទើបបុគ្គលិកជាអ្នកគិតលុយនោះស្វាងពីថ្នាំសណ្តំបន្តិច និងដឹងខ្លួនថា បាត់លុយ ហើយឆែកកាម៉េរាសុវត្ថិភាពមើលទើបដឹងការពិត។

ហេតុដូច្នេះហើយ ម្ចាស់ហាងក៏បានសំណូមពរសូមឱ្យបងប្អូនទាំងអស់គ្នា ជាពិសេសបុគ្គលិកនៅកន្លែងគិតលុយ ត្រូវបង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះជនណា ដែលមានពាក់មួក និងម៉ាសចូលក្នុងហាង ព្រោះពួកគេអាចជាជនខិលខូចដូចនៅក្នុងវីដេអូនេះក៏អាចថាបាន៕

ទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]