អាការៈ​ប្រកាច់ អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​សិន​ភ្លាម​ៗមិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​បឋម​​ត្រឹម​ត្រូវ ​ឬ​មិន​ទាន់​ពេល​។ ករណីភាគ​ច្រើនអាច​មាន​រឹង​ថ្គាម ខាំ​អណ្តាត ហើយ​ករណី​កម្រអាច​ធ្វើ​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅ​ចិញ្ចឹម​ខួរ​ក្បាលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នៅ​ពេល​ប្រទះ​ឃើញ​នរណា​ម្នាក់​មាន​អាការៈ​ប្រកាច់ គ្នា​យើង​គួរ​តែ​ចេះ​វិធីសង្គ្រោះ​បឋមខ្លះៗ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។

១- សង្គ្រោះ​បឋមអាការៈ​​ប្រកាច់អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្តែង​

ការ​ប្រកាច់​មាន​ច្រើន​ប្រភេទ ហើយ​ភាគ​ច្រើន​កើត​ឡើង​ត្រឹម​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ទាំង​នេះ​ជា​គន្លឹះ​ទូទៅ ដើម្បី​ជួយអ្នក​រង​គ្រោះ​ដែល​ប្រកាច់ដូចជា៖
– បន្ធូរ​សម្លៀក​បំពាក់នៅ​ជុំវិញកជនរងគ្រោះ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ពិបាក​ដក​ដង្ហើម។
– យក​វត្ថុអាចមុត ឬ​​រឹង​ចេញ​ឲ្យ​ឆ្ងាយ​ពីជន​រងគ្រោះ បើជន​រងគ្រោះ​ស្ថិត​​នៅ​កន្លែងអាច​បង្កគ្រោះ​ថ្នាក់។ ត្រូវ​ចាំ​ថា ​មិន​ត្រូវ​លើកជន​រងគ្រោះ​កំពុង​ប្រកាច់ចេញ​ទេ។
– នៅ​ជិតជនរងគ្រោះ រហូត​ទាល់​តែ​គេដឹង​ខ្លួន​ឡើង​វិញ ហើយ​បន្ទាប់​ពី​ប្រកាច់​ចប់ ត្រូវ​ជួយ​ឲ្យ​គេ​អង្គុយ​នៅ​កន្លែងមាន​សុវត្ថិភាព។ ពេលមាន​ស្មារតី និង​អាច​និយាយ​វិញ ត្រូវ​ប្រាប់​ជនរងគ្រោះ​ឲ្យ​នៅ​ស្ងៀម និង​ប្រាប់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​គាត់។
– លួងជន​រង​គ្រោះ​ និង​និយាយ​ដោយ​ថ្នម​ ហើយ​ស្ងាត់ៗ។
– ប្រើ​ខ្នើយ​ទន់ ដើម្បី​លើក​ក្បាល​គាត់​ឡើង ប្រសិន​បើ​មាន​​ដួល​ទៅ​លើដី។
– បន្ទាប់​ពី​ប្រកាច់ ត្រូវ​ផ្អៀង​ជនរងគ្រោះ​ទៅ​ម្ខាង ដើម្បី​ឲ្យ​ផ្លូវ​ដង្ហើម​បើក​ និង​ការពារ​កុំ​ឲ្យ​គាត់​ស្រូប​ចូល​ សារធាតុ​រាវណា​មួយ​ហៀរ​ពី​មាត់។
– ពិនិត្យ​មើល​ពេល​វេលា​ម្ដង​ទៀត ​បើ​ប្រកាច់​មិន​ឈប់​ក្នុង​ពេល​ ៥​នាទី​ ប្រញាប់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាប់ភ្លាម។
– បន្ទាប់​ពី​ប្រកាច់ ត្រូវ​ដាក់​ជនរងគ្រោះក្នុង​ស្ថាន​ភាព​សុវត្ថិភាព (Recovery position) ស្ថានភាព​ដេក​ផ្អៀង​ទៅ​ម្ខាង​ដោយ​លើក​ជង្គង់​ទប់ និង​ពិនិត្យ​មើល​ដង្ហើម​ ត្រលប់​មក​ធម្មតា​ហើយ​ឬ​នៅ។ ​បើ​ដង្ហើម​ឮសូរ​ពិបាកដក ត្រូវ​ពិនិត្យ​មើល​ក្នុង​មាត់ ដើម្បី​ប្រកដ​ថា​គ្មាន​អ្វី​​ស្ទះ​ផ្លូវ​ដង្ហើម ហើយ​ហៅ​រថយន្តសង្គ្រោះ​បន្ទាន់​ភ្លាម។
– អាច​ជួយ​​ហៅតាក់​ស៊ី ឬ​សាច់​ញាតិ​ជន​រង​គ្រោះ ដើម្បីប្រាកដ​ថា​ជូន​គាត់​ទៅ​ដល់​ផ្ទះដោយ​សុវត្ថិភាព។

២- សកម្មភាព​ផ្សេង​ទៀត​គួរ​តែ​គិត
– ត្រូវ​នៅ​ស្ងៀម​នឹង​តាំង​ចិត្ត​ឲ្យ​ស្ងប់ តាម​ដែល​អាច​ធ្វើ​បាន
– កត់​សម្គាល់ពេល​វេលា​ប្រកាច់ ទាំង​ពេល​ចាប់​ផ្ដើម​ និង​បញ្ចប់ ​តើ​មាន​អ្វី​កើត​ឡើង​មុន​ពេល​ប្រកាច់។
– មិន​ត្រូវ​ចាប់​​ជំងឺ​ឲ្យ​ស្ងៀម​ ឬ​លើក​គាត់​ចេញ​ទាំង​កំពុង​ប្រកាច់​ជា​ដាច់ខាត។
– មិន​ត្រូវ​ដាក់​អ្វី​ចូល​មាត់​គាត់​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​របួស​ថ្គាម ​និង​ធ្មេញ។
– មិន​ត្រូវ​ព្យាយាម​ជំនួយ​ដង្ហើម​តាម​មាត់​ដល់ជនរងគ្រោះ​ឡើយ ដូច​ជាវិធី​សង្គ្រោះ​បឋម CPR ជា​ដើម។ ជនរងគ្រោះ​ជា​ទូទៅ​ នឹង​ចាប់​ផ្ដើម​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​វិញ​ បន្ទាប់​ពី​ប្រកាច់​រួច។
– ក្នុង​ករណី​ខ្លះ បើ​ដឹង​ថា​ជន​រង​គ្រោះ​មាន​ជំងឺ​ឆ្កួត​ជ្រូក (Epilepsy patient) មិន​ចាំបាច់​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឡើយ។
– មិន​ត្រូវ​ឲ្យ​អាហារ​ ឬ​ទឹក​ទៅជនរងគ្រោះ រហូត​ទាល់​តែមាន​ស្មារតី​ធម្មតា​វិញ។
– ​បើ​ជនរងគ្រោះ​មាន​របួស ឬ​ប្រកាច់​ម្ដង​ទៀត​ដោយ​មិន​ទាន់​ធូរ​ស្រាល​ ពី​ការ​ប្រកាច់​លើក​ទី​មួយ​ទេ ត្រូវ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាម។

៣- ករណី​យើង​ខ្លួន​ឯង​មាន​​ជំងឺ​ឆ្កួត​ជ្រូក
– ត្រូវ​ពាក់​ស្លាក​សម្គាល់​​ជំងឺ​​ជា​និច្ច បើ​មាន​ករណី​បន្ទាន់​ណា​មួយ​កើត​ឡើង ចំណេះ​ដឹង​ពី​ការ​ប្រកាច់​យើង​ទទួល​បាន​ អាច​ជួយមនុស្សជុំវិញ​ខ្លួន តាមរយៈ​វិធីសាស្ត្រត្រឹម​ត្រូវ និង​មាន​សុវត្ថិភាព។
– ចៀស​វាង​ការ​ផឹក​ស្រា ដោយ​សារ​អាច​ធ្វើ​ឲ្យ​ប្រសិទ្ធិ​ភាពថ្នាំ​ថយ​ចុះ និង​បន្ថយ​រលក​សញ្ញា​ប្រកាច់​របស់​ខួរ​ក្បាល (Brain’s seizure threshold)។
– ត្រូវ​ប្រាកដ​ថា​គ្រួសារ មិត្ត​ភក្ដិ និងមិត្ត​រួម​ការងារ ដឹង​ថា​​ត្រូវ​ធ្វើ​ដូច​ម្ដេច​នៅ​ពេលយើង​ប្រកាច់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]