រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ខណៈ​យុវជន​មួយ​ក្រុម​នាំ​គ្នា​ដើរ​លេង​នៅ​ម្តុំ​ដី​វាល​កំពុង​តែ​ថត​សែល​ហ្វុី​ ស្រាប់តែ​ត្រូវ​ភាគី​មួយ​ក្រុម​ទៀត​ដេញ​កាប់ ធ្វើ​ឱ្យ​ភាគី​ខាង​ជន​រង​គ្រោះភ័យ​រត់​ធ្លាក់​ចូល​ទឹក បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ម្តុំ​ដី​វាល (​ក្នុង​សង្កាត់​២​ជាប់​គ្នា​) ដែល​ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម ភូមិ​ចាក់​ជ្រូក និង​សង្កាត់​កា​កាប​ទី​២ ភូមិ​ត្រពាំង​ជ្រៃ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ខាងលើ ក្នុង​នោះ​១-​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់​ឈ្មោះ សិន រ៉ាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រោក ឃុំ​តា​សុះ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង និង​បុរស​រង​គ្រោះ​ដែល​រង​របួសស្រាល មិន​ស្គាល់ឈ្មោះ រស់នៅ​ខេត្តកំពត ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

ចំណែក​ ភាគី​ខាង​ក្រុម​ជន​បង្ក​មិនដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ម្នាក់​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​នាំ​គ្នា​ដើរ​លេង​ម្តុំ​ដី​វាល​ខាងលើ ដោយ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បន្ទាប់​មក​ក៏​ឃើញ​ភាគី​ក្រុម​ជន​បង្ក​អង្គុយ​ផ្តុំ​គ្នា​នៅ​ចំណុច​ដី​វាល ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ពួក​គាត់​នាំ​គ្នា​អង្គុយ​ថត​ស៊ែ​ល​ហ្វុី​លេង​សុខ​ៗ ស្រាប់តែ​ភាគី​ខាង​ក្រុម​ជន​បង្ក​បាន​ព្រួត​វាយ​មក​លើ​ពួក​គាត់ ធ្វើ​ឲ្យ​ភ័យ​ពួក​គាត់​ភ័យ​រត់​បាត់​អស់ បន្ទាប់​មក​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​សិន រ៉ាត់ បាន​នាំ​មិត្តភក្ដិ​ម្នាក់​ផ្សេង​ទៀត​ដែល​ទើប​មក​ថ្មី ដើម្បី​បង្ហាញ​កន្លែង​ដែល​ត្រូវ​គេ​ដេញ​វាយ​លើក​ដំបូង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​នាំ​មិត្តភក្តិ​មក​មើល ទីកន្លែង​ដែល​ត្រូវ​គេ​វាយ ស្រាប់តែ​ភាគី​ក្រុម​ជន​បង្ក​ខាងលើ​បាន​នាំ​គ្នា​ដេញ​វាយ​ជន​រង​គ្រោះ​ទាំង​២​នាក់ ភ័យ​រត់​ចោល​ម៉ូតូ ហើយ​ភាគី​ខាង​ក្រុម​ជន​បង្ក​ដេញ​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត ទោះបីជា​ជន​រង​គ្រោះភ័យ​រត់​ធ្លាក់ទឹក​ក៏​ដោយ ក៏​ភាគី​ក្រុម​ជន​បង្ក​នៅ​តែ​នាំ​គ្នា​ដេញ​កាប់​ដែរ បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល​ដោយសារ​រត់​រួច ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​ភាគី​ខាង​ជន​បង្ក​នាំ​គ្នា​វាយ​កម្ទេច​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​ភាគី​ក្រុម​ជន​បង្ក​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ គេ​មិនដឹង​ថា​ជា​រឿង​គំនុំ ឬ​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ សំរោង​ក្រោម​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​សិន រង់ចាំ​ប្រគល់​អោយ​ម្ចាស់​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]