ចិន៖ ជាការពិតណាស់ ទុរេនត្រូវបានគេចាត់ទុកថា ជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែវាមានក្លិនដ៏ក្រអូបឈ្ងុយ និងរសជាតិឆ្ងាញ់ រីឯតម្លៃក៏ថ្លៃខ្ពស់មិនចាញ់ប្រភេទផ្លែឈើដទៃ។

ប៉ុន្តែមិនថាយ៉ាងណា សម្រាប់ភាគច្រើននៃប៉ែកអឺរ៉ុប (ជនជាតិបរទេស) ឬអាស៊ីយើងមួយចំនួនខ្លះ មិនចូលចិត្តផ្លែឈើមួយប្រភេទនេះឡើយ ព្រោះតែពួកគេគិតថា វាមានក្លិនមិនល្អ ខ្លះថាស្អុយៗ និងមានរសជាតិហាងៗ ឬក្រពុលៗគួរឲ្យចង់ក្អួត។

នាង iChang

យ៉ាងណាមិញ បើងាកមកមើលពីនារីស្រស់ស្អាតជនជាតិជប៉ុនម្នាក់នេះវិញ ក៏មិនខុសគ្នាប៉ុន្មានទៅនឹងជនបរទេសដទៃប៉ុន្មាននោះឡើយ ដែលដំបូងឡើយនាងគិតថា ទុរេនគួរឲ្យខ្ពើមមិនចង់ញ៉ាំ ប៉ុន្តែនៅពេលដែលនាងបានសាកល្បងញ៉ាំវាម្តងហើយ បែរជាជាប់ចិត្តរហូតញៀនញ៉ាំវាតែម្តង។

នារីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា iChang មានដើមកំណើតមកពីប្រទេសជប៉ុន ប៉ុន្តែបច្ចុប្បន្ននាងរស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន។ iChang គឺជានារីម្នាក់ ដែលចូលចិត្តញ៉ាំនូវផ្លែទុរេនយ៉ាងខ្លាំង បន្ទាប់ពីនាងបានសាកញ៉ាំវាម្តងនៅក្នុងប្រទេសម៉ាឡេស៊ី។

នាង iChang ទៅទិញទុរេនពីផ្សារ

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា iChang នាងធ្លាប់បានធ្វើដំណើរទៅលេងកម្សាន្តនៅប្រទេសម៉ាឡេស៊ី ហើយក៏ជាឱកាសមួយដែលនាងបានសាកញ៉ាំផ្លែទុរេនជាលើកដំបូងនៅទីនោះ រហូតទាល់តែជក់ចិត្តតែម្តង។

iChang ទទួលស្គាល់ថា រសជាតិរបស់វា គឺឆ្ងាញ់លើសពីអ្វីដែលនាងគិតទៅទៀត។ ហើយឥឡូវនេះ នាងពិតជាញ៉ាមចង់ញ៉ាំវាខ្លាំងណាស់ រហូតសូម្បីតែនំផ្សេងៗក៏នាងរើសយករសជាតិទុរេនដែរ។

ជាក់ស្តែង មួយរយៈពេលចុងក្រោយ ឬថ្មីៗនេះ នាងក៏បានបង្កើតជាវីដេអូឃ្លីបជាច្រើន បង្ហោះចែកចាយនៅលើឆាណែលយូធូបរបស់នាងផ្ទាល់ ដើម្បីជាការចែករំលែក និងបង្ហាញពីអារម្មណ៍ពិត ជុំវិញនឹងការញ៉ាំផ្លែទុរេននេះ ឲ្យគ្រប់គ្នាបានទស្សនាងផងដែរ។

វីដេអូឃ្លីបមួយ ដែលមានរយៈពេលជាង ៩នាទី iChang នាងបានដើរផ្សារមួយកន្លែង ក្នុងតំបន់ Yau Ma Tei នាទីក្រុងហុងកុង ដើម្បីស្វែងរកមើលទិញផ្លែទុរេន។ ទុរេនដែលដាក់លក់នៅទីនោះ មានតម្លៃចាប់ពី ៦៥ ទៅ ១៤០ដុល្លារហុងកុងឯណោះ (ឬប្រហែល ៨ ទៅ ១៨ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។

បើទោះបីជាតម្លៃមួយនេះ វាហាក់ថ្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែ iChang នៅតែទិញវាយកទៅញ៉ាំនៅផ្ទះ ដោយមិនរុញរា។

នាង iChang

ប៉ុន្តែអ្វីដែល iChang បានបង្ហាញឲ្យអ្នកទស្សនាឃ្លីបរបស់នាងបានដឹងនោះ គឺនាងបានត្អូញត្អែរថា ទុរេននៅហុងកុង គឺមានរសជាតិមិនសូវជាឆ្ងាញ់ ចាញ់ទុរេននៅម៉ាឡេស៊ីដែលនាងធ្លាប់បានញ៉ាំ។ ជាពិសេសនោះ ទុរេននៅ Penang (រដ្ឋ) ប្រទេសម៉ាឡេស៊ី ថែមទាំងមានតម្លៃថោក ឬធូថ្លៃ ឆ្ងាញ់ និងស្រួលទិញញ៉ាំទៀតផង។

iChang បាននិយាយថា ទុរេននេះវាពិតជាពិបាកញ៉ាំណាស់ (ទុរេននៅហុងកុង) ។ វាពិតជាមិនដូចនៅម៉ាឡេស៊ីពិតៗសោះ។ នាងពិតជាចូលចិត្តក្លិន និងរសជាតិដ៏ផ្អែមឆ្ងាញ់របស់ទុរេនណាស់ ប៉ុន្តែនាងប្រហែលជាមិនអាចមានឱកាសជាថ្មី ដើម្បីទៅភ្លក់រសជាតិរបស់វានៅប្រទេសម៉ាឡេស៊ីបានទៀតនោះឡើយ៕

ទស្សនាវីដេអូខាងក្រោម៖   

នាង iChang
នាង iChang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]