ក្លិនមាត់ធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយក៏អាចជាសញ្ញាបង្ហាញពីជំងឺពួនសម្ងំ និងជំងឺដែលកំពុងកើត ដែលត្រូវព្យាបាលកុំឲ្យកាន់តែធ្ងន់។ អង្កេតមើលពីភាពខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ កុំចាំតែពេទ្យថែទាំ ឬព្យាបាល។

បើចាប់ផ្ដើមមានក្លិនមាត់ អាចសង្កេតលើចំណុចខាងក្រោម ដើម្បីដឹងពីស្ថានភាពជំងឺក្នុងខ្លួន៖

១- #រោគផ្លូវដង្ហើម

គ្រុនផ្ដាសាយ និងរលាកប្រហោងឆ្អឹងច្រមុះ ធ្វើឲ្យការដកដង្ហើមខុសប្រក្រតី ហើយបញ្ហានេះធ្វើឲ្យបាក់តេរីក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះធ្លាក់ចូលក្នុងបំពង់ក ដែលធ្វើឲ្យដង្ហើមក្លិនមិនល្អ។

២- #ស្ងួតមាត់ស្ងួតក

ស្ងួតមាត់ ឬភាសាបច្ចេកទេសហៅថា Xerostomia ពេលដែលក្រពេញទឹកមាត់ខូច មុខងារលែងដំណើរការ ឬមានបញ្ហាដកដង្ហើមតាមមាត់។ យើងអាចដឹងខ្លួនឯងថាមានបញ្ហាស្ងួតមាត់ ឬអត់ ដោយសម្គាល់ទៅលើបញ្ហាក្លិនមាត់។

៣- #ទឹកនោមផ្អែម

ជំងឺគួរឲ្យរំខានមួយនេះ មិនទៅណាឆ្ងាយទេ សូម្បីតែការដកដង្ហើម ក៏អាចប្រាប់ពីការមានជំងឺទឹកនោមផ្អែម។ បើដង្ហើមដកចេញមក ធុំក្លិនផ្អែម មានន័យថា កម្រិតជាតិស្ករក្នុងឈាមគ្រប់គ្រងមិនបានល្អ ឬភាសាបច្ចេកទេសហៅថា Ketoacidosis ជាកន្លែងដែលរាងកាយដុតជាតិខ្លាញ់ជំនួសជាតិស្ករសម្រាប់យកថាមពល។

៤- #ធាត់ពេក

ក្លិនដង្ហើមរបស់មនុស្សម្នាក់ៗ ក៏ជាសញ្ញាបញ្ជាក់ថាធាត់លើសទម្ងន់។ សម្រាប់អ្នកមាន BMI ខ្ពស់ និងមានភាគរយជាតិខ្លាញ់ខ្ពស់ច្រើនតែមានកំហាប់មេតាន និង អ៊ីដ្រូហ្សែន ខ្ពស់ជាងអ្នកដែលមាន BMI ធម្មតា ធ្វើឲ្យមានក្លិនមាត់មិនល្អ។

៥- #ខូចតម្រងនោមឬថ្លើម

ផលវិបាកនៃការខូចតម្រងនោម ឬថ្លើម មានរោគសញ្ញាគួរឲ្យកត់សម្គាល់ ហើយមានបញ្ហាក្លិនមាត់មិនល្អ។ បើអ្នកមានជំងឺនេះ ដង្ហើមអាចមានក្លិនដែលងាយស្រួលដឹង ព្រោះដោយសារតែខូចមុខងារតម្រងនោម និងថ្លើមធ្វើឲ្យជាតិពុលក្នុងរាងកាយបញ្ចេញចោលតាមសួត ធ្វើឲ្យមានក្លិនមាត់មិនល្អ។

៦- #មហារីកសួត

អ្នកមានមហារីកសួត ងាយស្រួលធ្វើការបែងចែក ដោយវិធីវិភាគទៅលើចលនាដង្ហើម ព្រោះកម្រិតសារធាតុគីមីងាយហួត (volatile compounds) អ្នកជំងឺមហារីកសួត មានភាពខុសពីមនុស្សដទៃ។ កម្រិតសារធាតុគីមីងាយហួត ធ្វើឲ្យមានក្លិនដង្ហើមមិនល្អ។ យើងអាចពិនិត្យជាមួយនឹងបច្ចេកវិទ្យាច្រមុះអេឡិចត្រូនិកដែលមានប្រសិទ្ធភាពក្នុងការស្វែងរកជំងឺមហារីកសួត។

៧- #មេរោគផ្សិត

មានក្លិនមាត់មិនល្អ បណ្ដាលមកពីពពួកមេរោគផ្សិត candida albicans សម្រាប់អ្នកចោះក្រវិលអណ្ដាត ពាក់ធ្មេញស្និត ឬអ្នកប្រើ retainers សម្រាប់ទប់ធ្មេញក្រោយការពត់ធ្មេញ។ ក្លិនមាត់មិនល្អធ្វើឲ្យមនុស្សបាត់បង់ភាពជឿជាក់ បើគ្នាយើងមានបញ្ហាក្លិនមាត់ ឬសង្ស័យរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ ត្រូវជួបពេទ្យពិនិត្យ និងព្យាបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]