(តាកែវ)៖ រថយន្ដកូរ៉េ២តោនកន្លះមួយគ្រឿង ផ្ទុកមនុស្សចាស់ក្មេងប្រមាណ៣០នាក់ បានរអិលក្រឡាប់ចុះក្រោម ពេលកំពុងបើកឡើងភ្នំចំបាប់ ស្ថិតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស ក្នុងនោះស្រី៦នាក់។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលជួបគ្រោះថ្នាក់នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្ដាល3A-0173 បានបើកឡើងទៅលើភ្នំចំបាប់ ដោយអ្នកបើកបរឈ្មោះ សុន កុសល អាយុ២៥ឆ្នាំ ដើម្បីដឹកអ្នកដំណើរទៅធ្វើបុណ្យនៅខាងលើ លុះពេលឡើងដល់ផ្លូវចំណោតស្រាប់តែ រថយន្ដរអិលថយក្រោយវិញ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានឲ្យដឹងទៀតថា នៅព្រឹកមិញនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៣ ភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ហេតុការណ៍នេះ កើតឡើងដោយរថយន្ដកូរ៉េដឹកឪឡឹក បុកជាមួយរថយន្ដដឹកអ្នកដំណើរ បណ្ដាលឲ្យមនុស្ស៦នាក់ រងរបួសធ្ងន់ស្រាលផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]