រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​ការណ៍​បឋម​ឱ្យ​បានដឹង​ថា រថយន្ត​កុង​តឺ​រ​ន័​រ​មួយ​គ្រឿង​បើក​ដោយ​បុរស​វ័យក្មេង​ម្នាក់ បាន​បើក​គេច​រោង​បុណ្យ​១០០​ថ្ងៃ​សង់​នៅ​តាម​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​លឿង​រាជ បណ្ដាល​ឲ្យ​បាក់​មែក​មួយ​ចំហៀង បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​បិទផ្លូវ​មិន​អាច​ឱ្យ​អ្នក​បើករថយន្ត ឬ​ម៉ូតូ​ឆ្លងកាត់​បាន​ទេ ហេតុ​ការ​នេះ​កើតឡើង​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៤៣​កែង​ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​កើតហេតុ មាន​បុរស​វ័យក្មេង​ម្នាក់​បើករថយន្ត​កុង​តឺ​រ​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-៩០៨០ បាន​បើក​តាម​ផ្លូវ​១៤៣ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រោង​បុណ្យ​គំរប់​១០០​ថ្ងៃ​សង់​អស់​ពាក់កណ្ដាល​ផ្លូវ​ធ្វើ​ឱ្យ​ផ្លូវ​រួម​តូច ទើប​រថយន្ត​បើក​គេច​​ក៏​ជ្រុល​ទៅ​បុក​មែក​ដើម​លឿង បណ្ដាល​ឲ្យ​បាក់​មួយ​ចំហៀង ចំណែកឯ​រថយន្ត​បើក​ទៅ​មុខ​លែង​រួច ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​រថយន្ត និង​ប្ដឹង​សមត្ថកិច្ច​អាជ្ញាធរ​ចុះ​មក​កន្លែង​កើត​ហេតុតែ​ម្ដង ។

តាម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា កំហុស​មក​ពី​បុរស​បើករថយន្ត​រវល់​តែ​និយាយ​ទូរស័ព្ទ និង​ម្យ៉ាង​ការ​សង់រោង​បុណ្យ​នៅ​លើ​ផ្លូវ​ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច នេះ​សំណាងល្អ​ហើយ ខណៈ​ពេល​កើតហេតុ​មិន​មាន​ភ្ញៀ​រ​នៅ​ក្នុង​រោង​បុណ្យ​ទេ ព្រោះ​យប់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌ​បឹង​កេងកង បាន​ចុះ​មក​កន្លែង​កើត​ហេតុ​ធ្វើការ​ត្រួតពិនិត្យ និង​រាយការណ៍​ជូន​លោក ធឹ​ម សំ​អាន អភិបាល​ខណ្ឌ និង បញ្ជា​ឱ្យ​​កម្លាំង​នាំ​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ។

មន្ត្រី​សាលា​ខណ្ឌ​ក៏​បញ្ជាក់​ដែរ​ថា ការ​សង់រោង​បុណ្យ​គឺ​លោក ធឹ​ម សំ​អាន ជា​អភិបាល​ខណ្ឌ​មិន​បាន​អនុញ្ញាតិ​ឱ្យ​សង់​ទេ ។ តែ​រោង​បុណ្យ រោងការ​នៅ​តែ​មាន​សង់​នៅ​តាម​ផ្លូវ​ជា​ហូរហែ​ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]