ចិន៖ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសចិន ត្រូវបានរកឃើញថា នាងមានដុំសក់ប្រមាណ ១៨សង់ទីម៉ែត្រនៅក្នុងពោះវៀន ខណៈពេលនាងមានអាការក្អួតចង្អោរនិងពុំសូវចង់ហូបបាយ។

ដំបូងឡើយ ឪពុកម្តាយនាងគិតថា កូនស្រីគ្រាន់តែមានបញ្ហាធម្មតាប៉ុណ្ណោះ។ ដូច្នេះ ពួកគេក៏បាននាំកូនស្រីទៅឱ្យគ្រូពេទ្យពិនិត្យ។ ឆ្លងកាត់ការស្កេន CT រួច គ្រូពេទ្យបានរកឃើញថា កូនស្រីម្នាក់នេះ មានដុំសក់ជាង ១៨សង់ទីម៉ែត្រនៅក្នុងពោះវៀន បណ្តាលឱ្យគ្រូពេទ្យ និងឪពុកម្តាយនាងមានការភ្ញាក់ផ្អើលជាខ្លាំង។

ម្តាយនិងក្មេងស្រីអភ័ព្វរូបនេះ

យោងតាមប្រភពបានឱ្យដឹងថាក្មេងស្រីម្នាក់នេះរស់នៅក្នុងទីក្រុងហាប៊ីន ខេត្តហីឡុងជាំង ប្រទេសចិន។ នាងគឺជាក្មេងស្រីម្នាក់ដែលមានរូបរាងស្គមតាំងតែពីតូចមកម្ល៉េះ ព្រោះតែនាងរមែងហូបអាហារតែបន្តិចបន្តួចតែប៉ុណ្ណោះ។

ប៉ុន្តែ នាងជាក្មេងស្រីម្នាក់ដែលរីករាយនិងមានអត្តចរិតល្អ ដូច្នេះឪពុកម្តាយនាងពុំដែលរកឃើញអ្វីប្លែកចំពោះកូនស្រីនោះទេ។

យ៉ាងណាមិញ កាលពីនាងមានអាយុ៨ឆ្នាំ ម្តាយនាងធ្លាប់ឃើញកូនស្រីហូបសក់ខ្លួនឯងម្តង ប៉ុន្តែមិនដែលបានឃើញទៀតទេ។

លុះដល់ថ្មីៗនេះ ទើបកូនស្រីធ្លាក់ខ្លួនឈឺ ទើបគាត់សង្កេតឃើញថា សក់របស់កូនស្រីចាប់ផ្តើមទំពែកតិចៗ ហើយក៏សង្ស័យថានាងបានហូបសក់ខ្លួនឯងហើយ។

ក្រោយមក ម្តាយនាងក៏ចាប់ផ្តើមសួរនាំនាង ចុងក្រោយនាងបានសារភាពថា នាងបានហូបសក់ខ្លួនឯងតាំងពីនៅក្មេងមកម្ល៉េះ។

គ្រូពេទ្យស្កេន CT រកឃើញដុំសក់នៅក្នុងពោះវៀន
រូបថតស្កេន CT

ដោយឡែក គ្រូពេទ្យបានរកឃើញថា នាងអាចនឹងមានជំងឺ Pica ដែលជំងឺនេះគឺជាជំងឺប្លែកម្យ៉ាង ដែលនឹងឃ្លានហូបតែរបស់ណាដែលគ្មានជីវជាតិប៉ុណ្ណោះ។ ដូច្នេះបានជានាងហូបសក់ខ្លួនឯងបែបនេះ។

យ៉ាងណាមិញ ឆ្លងកាត់ការវះកាត់ចំនួន២ដង គ្រូពេទ្យអាចយកសក់ចេញបានតែពាក់កណ្តាលតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត គ្រូពេទ្យបានរកឃើញថា នាងមានដំបៅពណ៌សនៅជញ្ជាំងក្រពះរបស់នាងជាច្រើន។ បច្ចុប្បន្ន នាងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយរយៈទៀត ដើម្បីទទួលការវះកាត់ជាលើកទី៣៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]