រាជធានីភ្នំពេញ ៖ ស្ថានភាពជំងឺគ្រុនឈាមដែលបានផ្ទុះឡើងគួរឱ្យកត់សម្គាល់ គិតចាប់ពីខែមករា ដល់សប្តាហ៍ទី២នៃខែកក្កដា ឆ្នាំ២០១៩ នេះ អ្នកកើតជំងឺគ្រុនឈាមមានចំនួន ២១.១៣០នាក់ ស្លាប់២៥នាក់ ។ ចំនួននេះបានបង្ហាញថាអត្រាស្លាប់មាន០,១២% ក្នុងនោះខេត្តចំនួន៩កំពុងប្រឈមឡើងនិងចុះ ចំណែកខេត្ត១៦ទៀតមានការថយចុះ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ។
តាមរបាយការណ៍បានឲ្យដឹងថា ខេត្តដែលកំពុងប្រឈមឡើង-ចុះនៃជំងឺគ្រុនឈាមនេះ មានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកែប ខេត្តកំពត ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានត្រៀមថ្នាំអាបេត ថ្នាំបាញ់មូស សេរ៉ូមសម្រាប់ព្យាបាល និងចែកចាយរួចជាស្រេចទៅដល់មន្ត្រីក្រុមការងារនៅទូទាំង២៥រាជធានី-ខេត្ត ។
តួលេខអ្នកកើតជំងឺគ្រុនឈាមមានការកើនឡើងប្រហែល៥ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៨ដែលមានអ្នកជំងឺគ្រុនឈាមតែ៣.៩២៦ករណី និងស្លាប់៧នាក់ ។ ស្ថានភាពជំងឺនេះបាន កើនឡើងក្នុងរាជធានី-ខេត្ត នៅឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែមិនមែន បានន័យថា ជំងឺគ្រុនឈាមមាននៅគ្រប់កន្លែងទូទាំងប្រទេសនោះទេ គឺកើតមានរាយប៉ាយដុំៗតាមភូមិមួយ ឬភូមិពីរ នៃភូមិសាស្ត្រឃុំ-សង្កាត់នីមួយៗ ។ ជំងឺគ្រុនឈាមកើតលើមនុស្សគ្រប់វ័យ ទាំងក្មេងទាំងចាស់ប្រុសស្រី តែក្នុងក្រុមអាយុពី៥-១៤ឆ្នាំ ឈឺច្រើនជាងគេ និងអត្រាស្លាប់ខ្ពស់លើក្រុមអាយុក្មេងតិចជាង៥ឆ្នាំ(មាន៩នាក់ស្លាប់) ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ដើម្បីទប់ស្កាត់និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាតនៃជំងឺគ្រុនឈាមជាបន្តទៀតឲ្យបានទាន់ពេលវេលា លោកស្រីសំណូមពរឲ្យ បន្តចូលរួមសហការឲ្យបានកាន់តែទូលំទូលាយជា មួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលទូទាំង២៥រាជធានី-ខេត្ត បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំសុខភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ(ទូរទស្សន៍ វិទ្យុ សារព័ត៌មាន អប់រំតាម សហគមន៍ សាលារៀន វត្តអារាម និងអប់រំចល័ត)ស្តីពីវិធានការបង្ការជំងឺគ្រុនឈាម ពិសេសអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ សូមជួយចាត់ វិធានការសម្អាតការដ្ឋានសំណង់ និងសម្បកកង់រថយន្ត ឬម៉ូតូ ទុកចោលពាសវាលពាសកាលដើម្បីកុំឲ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លា ។
ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិតបានជំរុញដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យឡើងវិញនូវអត្រាគ្របដណ្តប់ដាក់អាបេតការពារកុំឲ្យកើតដង្កូវទឹក និងប៊ីធីអាយ(BTI)សម្រាប់សម្លាប់ដង្កូវទឹក ហើយត្រូវធានាថា អត្រាគ្របដណ្តប់អាបេត ឬប៊ីធីអាយ នៅតាមភូមិនីមួយៗបានលើសពី៩៥% បើភូមិណាមិនសម្រេចបាន៩៥% ត្រូវដាក់ឡើងវិញទាំងស្រុង ។
លោកស្រីបានផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យចូលរួមយ៉ាងសកម្ម អនុវត្តវិធានការការពារជំងឺគ្រុនឈាមដោយអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីស្ថានភាពជំងឺគ្រុនឈាមដែលបានចេញផ្សាយជាសាធារណៈកន្លងមកថ្មីៗនេះ ។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវនាវដល់អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ-អន្តរជាតិទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រ និងសហការជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងដូវភ្លៀងឆ្នាំ២០១៩នេះ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]