អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Real Madrid កំពុងរៀបចំពង្រឹងសមត្ថភាពក្រុមរបស់ខ្លួនសម្រាប់រដូវកាលថ្មី ២០១៩-២០២០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ដោយបាននាំចូលកីឡាករល្អៗជាច្រើន។

ជាមួយនឹងការនាំចូលកីឡាករ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid ក៏អាចនឹងលក់ចេញនូវកីឡាករមួយចំនួនផងដែរ។ ខណៈពេលដែលកំពូលខ្សែបម្រើជម្រើសជាតិប្រេស៊ីល Casemiro ត្រូវបានគេដឹងថា ក៏ជាម្នាក់ក្នុងចំណោមកីឡាករដ៏ទៃទៀត ដែលអាចនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu។

កីឡាករ Casemiro

បើតាមការចុះផ្សាយរបស់ Don Balon, ជម្រើសជាតិប្រេស៊ីល Casemiro មិនស្ថិតនៅក្នុងគម្រោង និងក្រសែភ្នែក របស់អ្នកចាត់ការទូទៅលោក Zinedine Zidane នារដូវកាលក្រោយនោះទេ ហើយខាងក្លិបក៏បើកផ្លូវផងដែរ បើសិនជាគេមានបំណងក្នុងការចាកចេញ។ ប្រភពដដែលបន្តថា ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើទឹកប្រាក់ ៦០លានអឺរ៉ូ សម្រាប់ទិញយកខ្សែបម្រើការពាររូបនេះ ដែលតម្លៃនេះគឺជាតម្លៃសមស្របមួយ សម្រាប់ឲ្យ Real Madrid ពិចារណា។

កីឡាករ Casemiro និងលោក Zidane

ជាមួយការមិនមាន Casemiro នៅក្នុងគម្រោងរបស់លោក Zidane, អ្នកចាត់ការទូទៅរូបនេះ អាចនឹងអនុញ្ញាតឲ្យ ខ្សែបម្រើប្រេស៊ីលរូបនេះចាកចេញ បើសិនជា PSG ដាក់សំណើមកមែនដូចដែលខាងសារព័ត៌មានបានចុះផ្សាយ។ យ៉ាងណាមិញ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid កំពុងតែអន្ទងចង់បានខ្សែបម្រើរបស់ Liverpool កីឡាករ Fabinho សម្រាប់យកមកជំនួសកន្លែងលេងរបស់ Casemiro៕

កីឡាករ Fabinho

ប្រភព៖ Fox Sports Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]