ភ្នំពេញ​៖ ធនាគារ ABA ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា សូមប្រកាសថា ធនាគារបានទទួលកិត្តិនាមជា “ធនាគារឆ្នើមជាងគេនៅកម្ពុជាឆ្នាំ 2019” ពី Euromoney ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏លេចធ្លោ និងគួរឲ្យទុកចិត្តបំផុតមួយនៅក្នុងពិភពលោក។ ពិធីប្រគល់ពានរង្វាន់សម្រាប់អ្នកឈ្នះនៅទូទាំងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងហុងកុង នាថ្ងៃទី16 ខែកក្កដា ឆ្នាំ2019។

Euromoney បានអបអរសាទរ ABA ចំពោះគុណសម្បត្តិយ៉ាងជាក់ស្តែងរបស់ធនាគារ នៅក្នុងវិស័យប្រព័ន្ធឌីជីថល ការពង្រីកសក្តានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់ក្នុងអំឡុងឆ្នាំកន្លងទៅនេះ។ អ្នកឯកទេសបានសរសើរជាពិសេសទៅលើភាពជោគជ័យរបស់កម្មវិធី ABA Mobile នៅក្នុងទីផ្សារ ការលើកកម្ពស់ការប្រើប្រាស់កូដ QR និងការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងការបង្កើនសមត្ថភាពបន្ថែមនៅក្នុងប្រព័ន្ធពាណិជ្ជកម្មធនាគារអនឡាញ PayWay របស់ខ្លួន។

ពានរង្វាន់ពី Euromoney

នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានថ្លែងចំពោះការទទួលបានពានរង្វាន់យ៉ាងដូច្នេះថា៖

«យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលផលិតផលរបស់យើង និងមធ្យោបាយនៃការទំនាក់ទំនងជាមួយអតិថិជន ត្រូវបានទទួលស្គាល់ដោយស្ថាប័នហិរញ្ញវត្ថុដ៏គួរឲ្យគោរពមួយ ថាមានគុណភាពល្អបំផុតនៅក្នុងប្រទេស។ យើងសម្រេចបានការអភិវឌ្ឍស្តង់ដារថ្មីមួយ សម្រាប់ការផ្តល់ជូនសេវាធនាគាររូបវន្តបុគ្គលនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលជឿជាក់ និងងាយស្រួលប្រើសម្រាប់អតិថិជនរបស់យើង។ យើងក៏បានដាក់បញ្ចូលបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលស្ទើរទាំងស្រុង ក្នុងការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយវាបានជួយពង្រឹងជំហររបស់យើង និងធានានូវកំណើននៅក្នុងចំណែកទីផ្សារ ក៏ដូចជាប្រាក់ចំណេញផ្នែកអាជីវកម្មរបស់យើងផងដែរ។ អតិថិជនរបស់យើងបានកើនឡើងដល់ទៅ 76% កាលពីឆ្នាំទៅ ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនគ្រប់រូប សម្រាប់ការជ្រើសរើសប្រើប្រាស់សេវាធនាគាររបស់យើង»។

ការសម្រេចផ្តល់ជូនជ័យលាភីត្រូវបានធ្វើឡើងដោយ Euromoney បន្ទាប់ពីមានការវាយតម្លៃ ទៅលើសកម្មភាពចម្បងៗរបស់ធនាគារ ABA ក្នុងរយៈពេល 12 ខែក្នុងឆ្នាំកន្លងទៅ។ គណៈវិនិច្ឆ័យ រួមមានក្រុមអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលមាននិពន្ធនាយករបស់ទស្សនាវដ្ដី Euromoney ជាអធិបតី រួមជាមួយនឹងការចុះស្រាវជ្រាវផ្ទាល់របស់គណៈកម្មាធិការផ្ទៀងផ្ទាត់នៅក្នុងទីផ្សារធនាគារ និងមូលធន។

«ជាធនាគារដ៏រឹងមាំ ជាក់ស្តែងបំផុតនៅក្នុងប្រទេសកម្ពុជា ABA ទទួលបានអត្ថប្រយោជន៍ពីភាគហ៊ុនិកដែលខ្លាំង ការអនុវត្តល្អ និងទីផ្សារដ៏រីកចម្រើន»។

នេះបើតាមប្រសាសន៍របស់លោក Clive Horwood និពន្ធនាយករបស់ទស្សនាវដ្ដី Euromoney ដែលផ្តល់អនុសាសន៍ក្នុងការប្រគល់ពានរង្វាន់នេះ។ 

«ក្នុងអំឡុងពេលធ្វើការពិនិត្យពិច័្ចយរបស់យើង យើងឃើញថាប្រាក់ចំណេញសុទ្ធរបស់ធនាគារ ABA ចំនួន 71.82 លានដុល្លារសហរដ្ឋអាមេរិក បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ 55% ពីមួយឆ្នាំទៅមួយឆ្នាំ និងសម្រេចបានផលចំណេញលើមូលធនក្នុងអត្រា 28%។ ការពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងលឿន ក៏បង្ហាញពីចំណែកមួយយ៉ាងធំនៃគម្រោងការរបស់ធនាគារ ABA ផងដែរដូចជា ការបើកសាខាថ្មីចំនួន 15 កាលពីឆ្នាំកន្លងទៅ និងការបន្ថែមម៉ោងប្រតិបត្តិការនៅតាមសាខាដែលមមាញឹកមួយចំនួន។ បន្ថែមពីលើនោះទៀត ធនាគារ ABA បានចាប់យកប្រព័ន្ធឌីជីថលច្រើនជាងធនាគារក្នុងស្រុកណាៗទាំងអស់ ដោយផ្អែកលើកម្មវិធី ABA Mobile របស់ខ្លួន»។ លោកបានបន្ថែម។

ធនាគារ ABA ទទួលបានការគោរពសរសើរបន្តឥតដាច់ពីទស្សនាវដ្តី Euromoney ចាប់តាំងពីធនាគារទទួលបានជ័យលាភី “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដំបូងនៅក្នុងឆ្នាំ2014 មក។ ធនាគារ ABA ក៏ទទួលបានពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា” ពីទស្សនាវដ្តី Global Finance ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 និងពានរង្វាន់ “ធនាគារឆ្នើមប្រចាំឆ្នាំ” ពីទស្សនាវដ្ដី The Banker ក្នុងឆ្នាំ 2014 និង 2016 ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]