កូន​តូច​រាក ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ ទាំង​អាហារ​ដែល​ជួយ​បំពេញ​ជាតិ​ទឹក និង​អាហារ​ដែល​រឹត​តែ​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក​ថែម​ទៀត។ តើ​អាហារ​ណា​ខ្លះ​គួរ​ឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​កូន​ញ៉ាំ ពេល​​រាករូស?

បើ​តាម​កូន​សៀវភៅ​ដែល​ចងក្រង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បែង​ចែក​របប​អាហារ​សម្រាប់​ក្មេង​រាក ទៅ​តាម​អាយុ ចាប់​ពី​ពេល​កើត រហូត​ដល់​អាយុ ៦ ខែ ពី​អាយុ ៦ ខែ ដល់ ២៣ ខែ និង​ក្មេង​ចាប់​ពី​អាយុ ២៤ ខែ​ឡើង​ទៅ។

១- អាយុ ០ – ៦ ខែ
– ត្រូវ​បំបៅ​ដោះ​កូន​ញឹក​ញាប់​ជាង​ធម្មតា
– ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត (ORS) បើ​ចាំបាច់។

២- អាយុ ៦ – ២៣ ខែ
– បន្ត​បំបៅ​ដោះ​កូន​ធម្មតា
– ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន
– ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង
– ឲ្យកូន​ញ៉ាំ​អាហាររឹង បាយ ឬនំប៉័ង (បើកូនធំ​អាច​ញ៉ាំ​បាយ​បាន)។

៣- ចាប់​ពីអាយុ ២៤ ខែ​ឡើង

ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ២៤ ខែ ឡើង​ទៅ​រាករូស ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​ទន់ៗ ងាយ​រំលាយ ដូចជា​បបរ​ពងទា​ជាមួយ​ល្ពៅ បបរ​ត្រី ឬបន្ថែម​អាហារ​រឹង​ដូចជា បាយ នំប៉័ង ឬមី ពិសេស​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។

អាហារ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ៖

បើ​កូន​រាក​រូស ម៉ាក់ប៉ា​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ប្រភេទ​អាហារ​ផ្អែមៗ អាហារ​ត្រជាក់ អាហារ​ហឹរ អាហារ​ពិបាក​រំលាយ ព្រោះ​រឹត​តែ​ធ្វើ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពោះវៀន។
– អាហារ ឬភេសជ្ជៈផ្អែមៗ៖ ទឹកដោះស្រស់ ឬ​ទឹកដោះ​គោ​ឆៅ ការ៉េម ភេសជ្ជៈកំប៉ុង​ត្រជាក់ៗ។
– អាហារហឹរ៖ អាហារ​មាន​ជាតិ​ហឹរ​គ្រប់​ប្រភេទ មិន​ថា​អាហារ​មាន​ដាក់​ម្ទេស ឬ​ម្រេច​នោះទេ។
– អាហារ​ពិបាក​រំលាយ៖ អាហារ​ខ្លាញ់ អាហារ​បំពង សាច់​ជាប់​ខ្លាញ់ អហារ​មាន​សរសៃ​ច្រើន ដូច​ជា​ផ្សិត ទំពាំង ក្រអៅឈូក ឬ​សារ៉ាយសមុទ្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]