ខេត្តកំពត ៖ សេ​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ខេត្តកំពត បាន​ទទួល​បណ្តឹង​ពី​ស្ត្រី​ថា​ជា​ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​អង់គ្លេស មានឈ្មោះ KATHRYN DIANE REAVILL អាយុ​២៩​ឆ្នាំ លិខិតឆ្លងដែន​លេ ខ ៥៥៧៣៤៦១៨៨ ដោយ​បាន​ចោទប្រកាន់​ថា នៅ​ម៉ោង​ប្រហែល​២​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ មាន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់ បាន​ដឹក​នាង​ទៅ កន្លែង​ស្ងាត់ រួច​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ នៅ​ចំណុច​ផ្លូវ​វាង​មួយ​កន្លែង​តាម​មាត់សមុទ្រ ម្តុំ​កោះ​ស្មៅ ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

ពាក្យបណ្តឹង​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស​នោះ បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​បាន​ចាប់​ឱប ថើប និង​យកដៃ​លូក​ស្ទាប​ប្រដាប់​ភេទ​នាង មាន​ចេតនា​ប៉ុនប៉ង រំលោភ​សេពសន្ថវៈ ប៉ុន្តែ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​ថា នាង​បាន​រើបម្រះ និង​ធាក់​ជនសង្ស័យ​មួយ​ជើង​រួច​រត់គេច​ខ្លួន​។

នារី​រង​គ្រោះ​បញ្ជាក់​ទៀត​ថា តាម​ពិត​នាង​បាន​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​បី ដឹក​ទៅ​ផ្ទះ​ដែល​ខ្លួន​ស្នាក់​នៅ ក្នុងភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឺ​ក​ឈូ ខេត្តកំពត​នោះ​ទេ ប៉ុន្តែ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នោះ បាន​ដឹក​វាង​កាច់​កុង​ចុះឡើង​ទៅ​រក​កន្លែង​ស្ងាត់ ហើយ​មានគំនិត​ទុច្ចរិត​ប៉ុនប៉ង​ចាប់រំលោភ​។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាម​រក​ហៅ​បុរស​នោះ ដើម្បី​នាំ​ទៅ​សាកសួរ​លើ​ការ​ចោទ​របស់​ជន​រង​គ្រោះ លុះ​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ដដែល ទើប​សមត្ថកិច្ច​ប្រទះ​ឃើញ​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ គឺ​ឈ្មោះ ម៉ាត់ អ៊ី​សា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

នៅ​ចំពោះ​មុខ​សមត​ត្ថ​កិច្ច​ជនជាប់សង្ស័យ​បាន សារភាព​ថា ខ្លួន​ពិតជា​បាន​ដឹក​ស្ត្រី​ជនបរទេស​ម្នាក់​នោះ​មែន ប៉ុន្តែ​មិន​បាន​ដឹក​វាង​ដូច​ការ​ចោទប្រកាន់ ហើយ​ក៏​មិន​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នាង​ដែរ នេះ​គឺជា​ការ​មួលបង្កាច់​ទាំងស្រុង​។

ទោះជា​យ៉ាងណា​ក្តី ក្នុង​ន័យ​ស្រី​ប្រកាន់​ប្រុស​ប្រកែក ពាក់ព័ន្ធ​លើ​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នោះ សមត្ថកិច្ច​មិនមែន​ជា​អ្នក​កាត់សេចក្តី​ទេ ដូច្នោះ​មាន​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]