(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗ ខណៈ ៦នាក់ផ្សេងទៀតរងបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដយីឌុបធុនធំដឹកអុស ព្រលះគ្នាជាមួយរថយន្ដកែច្នៃធុនតូចស្ថិតនៅចំណុច ផ្លូវ វិថីឈ្នះ ឈ្នះ ក្នុងក្រុម០៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

របាយការណ៍របស់នគរបាលមូលដ្ឋានខណ្ឌជ្រោយចង្វារ បញ្ជាក់ថា រថយន្តយីឌុបធុនធំដឹកអុស ពាក់ផ្លាកលេខ តាកែវ 3A- 1110 បើកពីខាងក្រោយរថយន្តកែច្នៃធុនតូចគ្មានស្លាកលេខ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តយីឌុបធុនធំដឹកអុស បុកចំពីចំហៀងរថយន្ដធុនតូចពេញទំហឹង បណ្ដាលឲ្យមានអ្នកស្លាប់ ក្នុងរយន្ដទាំងសងខាងចំនួន ២នាក់ ពោលគឺខាងរថយន្តយីឌុបធុនធំដឹកអុសស្លាប់ម្នាក់ និងខាងរថយន្ដកែច្នៃធុនតូចស្លាប់ម្នាក់ និងមនុស្សចំនួន ៦នាក់ ក្នុងនោះមានក្មេងអាយុ៤ឆ្នាំម្នាក់ផងដែរ បានរងរបួសធ្ងន់ស្រាល ហើយអ្នកបើកបររថយន្ដយីឌុបធុនធំ បានរត់គេចខ្លួនបាត់ទៅហើយ បន្ទាប់ពីកើតហេតុភ្លាមៗ។

យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលចរាចរមូលដ្ឋានខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងប្រើរថយន្ដស្ទូចយកមនុស្សដែលស្លាប់ និងរបួសដែលគៀបជាប់ក្នុងរថយន្ដទាំងពីរ ក្នុងការបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ និងបន្តនិតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]