រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច​ម៉ូតូ​មួយ​គ្រឿង​របស់​មន្ត្រី​នគរបាល​ម្នាក់​ដែល​ទើប​មក​ពី​ល្បាត តែ​សំណាងល្អ​មន្ត្រី​នគរបាល​រង​គ្រោះ និង​មន្ត្រី​នគរបាល​ផ្សេង​ទៀត​ដេញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ភ្លាម​ៗផងដែរ ។

ហេតុការណ៍ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ខាន់ វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ស្រុក បាភ្នំ ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​ឈ្មោះ អឿ​ន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ រស់នៅ​ភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១D-០៤៥០ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​ខាងលើ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញ​ល្បាត មាន​គ្នា​៤​នាក់ លុះដល់​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​និង​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មក​ដល់​ប៉ុស្តិ៍​មុន និង​បាន​ចូល​បន្ទប់ទឹក​ដើម្បី​ងូតទឹក ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចូល​មក​ធ្វើ​សកម្មភាព ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ក្រុម​ជនសង្ស័យ​អោយ​បក្ខពួក​ម្នាក់​ខាងលើ​ចូល​ទៅ​លួច​ម៉ូតូ ដែល​មន្ត្រី​នគរបាល​រង​គ្រោះ​ទុក​នៅ​មុខ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​បណ្តើរ​ម៉ូតូ​ចេញ​ទៅ​បាន​ប្រមាណ​៥០០​ម៉ែត្រ ទើប​ពេល​មន្ត្រី​នគរបាល​រង​គ្រោះ​ចេញ​មក​ពី​បន្ទប់ទឹក​វិញ​មិនឃើញ​ម៉ូតូ ក៏​បាន​ហៅ​កំ​លាំង​នគ​បាល​២​នាក់​ទៀត​ដេញ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ភ្លាម​ៗ​ផង​ដែរ ​ខណៈ​ជនសង្ស័យ​ម្នាក់នោះ​កំពុង​បណ្តើរ​ម៉ូតូ ព្រោះ​ម៉ូតូ​នោះក៏​មាន​កុងតាក់​សំងាត់ ធ្វើ​ឱ្យ​ជនសង្ស័យ​ជិះ​មិនកើត ​ដោយ​​នឹក​ស្មានថា​ម៉ូតូ​អស់​សាំង ចំណែក​បក្ខពួក​ជនសង្ស័យ​៤​នាក់​ទៀត​បើក​ម៉ូតូ​គេចខ្លួន​បាត់​អស់​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]