អូស្រ្តាលី៖ សិល្បការិនីសម្ដែងសៀកម្នាក់ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ជាច្រើន ស្លុតអារម្មណ៍យ៉ាងខ្លាំង ស្រែកភ្លាត់សំឡេង ក្រោយការបង្ហាញក្បាច់សៀកជាមួយនឹងកងរង្វង់ ស្ថិតក្នុងរយៈកម្ពស់ដ៏ខ្ពស់មួយ ខុសបច្ចេកទេស បណ្តាលឲ្យធ្លាក់មកកណ្តាលឆាក រងរបួសធ្ងន់ធ្ងរ។

នាង Souza

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សិល្បការិនីសម្ដែងសៀក (Acrobat) រងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Gabby Souza មានអាយុ ២៨ឆ្នាំ។ កាលពីល្ងាចថ្ងៃអង្គារ កន្លងទៅនេះ Souza នាងបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍សម្ដែងសៀក Circus Rio ក្នុងទីក្រុង Adelaide ប្រទេសអូស្រ្តាលី។

ដូចសព្វមួយដង Souza នាងបានសម្ដែងក្បាច់សៀករបស់នាង ដែលជាប្រភេទ Acrobat (ជាប្រភេទកីឡា ឬសៀកលោតហក់ ដែលមានកាយវិការទន់ភ្លន់) ជាមួយនឹងកងរង្វង់មួយ ដែលត្រូវបានចង់ព្យួរយ៉ាងខ្ពស់នៅកណ្តាលឆាក។ Souza បានដាក់កងរង្វង់នោះ នៅត្រឹមតែពាក់កណ្តាលកញ្ចឹង.កខាងក្រោយរបស់នាងប៉ុណ្ណោះ ខណៈឯដងខ្លួនទាំងស្រុង គឺត្រូវបានទម្លាក់ចុះមកក្រោម។ នាងត្រូវបានប្រើកម្លាំងខ្លួននិងក្បាល ដើម្បីបង្វិលកងរង្វង់នោះ ក៏ដូចជាការបង្ហាញពីទេពកោសល្យសមត្ថភាពដែលនាងអាចធ្វើបាននេះផងដែរ។ ដូច្នេះមានន័យថា រាល់កម្លាំងទ្រខ្លួនខ្លាំងបំផុតនោះ គឺត្រូវពឹងផ្អែកទៅលើកញ្ចឹង.ករបស់នាងខ្លាំងជាងគេ។

ប៉ុន្តែជាអកុសល ការបង្ហាញមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែនាងក្រឡាច់.កពីកងរង្វង់ បណ្តាលឲ្យធ្លាក់មកក្រោមតែម្តង ជាមួយនឹងកម្ពស់ប្រមាណ ១១ម៉ែត្រពីឆាកសម្ដែង។

នាង Souza

ភ្លាមៗក្រោយកើតហេតុ អ្នកទស្សនាមួយចំនួនខ្លះបានគិតថា ទំនងនេះជាផ្នែកមួយនៃការសម្ដែងប៉ុណ្ណោះ។ ខណៈអ្នកទស្សនាផ្ទាល់ជាច្រើនផ្សេងទៀត បានស្រែកយំសឹងភ្លាត់សំឡេង ទាំងភ័យតក់ស្លុត។ ប៉ុន្តែមិនថាយ៉ាងណា រយៈពេលត្រឹម១០វិនាទីក្រោយមក ទើបពួកគេបានដឹងថា នេះមិនមែនជាផ្នែកមួយនៃការសម្ដែងនោះទេ ពោលគឺជាការសម្ដែងភ្លាត់ស្នៀត ហើយអ្នកខ្លះក៏បាននាំគ្នារត់ទៅមើល តែក៏ត្រូវបានខាងក្រុមការងារហាមឃាត់ពួកគេផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពដដែលបន្តថា នៅគ្រានោះ នាង Souza ក៏ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Royal Adelaide Hospital ក្នុងតំបន់ និងត្រូវបានគេដឹងដែរថា នាងបានរងរបួសធ្ងន់ធ្ងរ ដោយបាក់ឆ្អឹងនៅផ្នែកខ្លះទៀតផង។

បើទោះបីជាយ៉ាងនេះក្តី ប្រភពព័ត៌មានទទួលបានចុងក្រោយមកនេះ Souza នាងមានអាការធូរស្បើយជាងមុន ហើយក៏បានបង្ហាញស្នាមញញឹមមួយមកដល់គ្រប់គ្នា និងបានអរគុណចំពោះការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់នាង។

ទន្ទឹមនឹងនេះ មហាជន ក៏ដូចជាអ្នកគាំទ្រនូវទេពកោសល្យសមត្ថភាពសម្ដែងរបស់នាងជាច្រើន ក៏បាននាំគ្នាសម្ដែងការលើកចិត្ត និងជូនពរនាងឲ្យឆាប់ជាសះស្បើយវិញផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖  

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]