រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឆ្លៀតឱកាស​លួច​រថយន្ត RAV4 មួយ​គ្រឿង​បាន​សម្រេច ខណៈ​ម្ចាស់​ចុះ​ពីលើ​រថយន្ត​ដោយ​មិន​បាន​ដក​សោ​ចេញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​កន្លែង​នៅ​ជិត​វិទ្យាល័យ​បាក់​ទូក ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។

ក្រោយមក​ដោយ​រថយន្ត​មាន​ជាប់​ប្រព័ន្ធ GPS ក៏​ត្រូ​វ​ម្ចាស់​រថយន្ត​រាយការណ៍​ជូន​សមត្ថកិច្ច​និង​តាម​ស្វែងរក តែ​ជនសង្ស័យ​ដឹងខ្លួន​ក៏​បើករថយន្ត​ទៅ​ប្លុង​ទុក​ចោល​នៅ​ក្នុងផ្ទះ​ទុក​ចោល​មួយ​កន្លែង​ជាប់​ខាងក្រោម​ស្ពាន​អាកាស​៥​មក​រា ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ភឿន ចាន់​ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​នៅ​ក្រុមហ៊ុន​ឯង​ជន BV ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

បើ​តាម​ប្រភព​ពី​បុរស​រង​គ្រោះ​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-7017 ដែល​ជា​រថយន្ត​របស់​ថៅកែ​ក្រុមហ៊ុន ដោយ​បាន​បើក​ដឹក​ឥ​វ៉ា​ន់​ចេញ​មក​ពី​ក្រុមហ៊ុន​នៅ​ម្តុំ​អូ​បែក​ក្អម បំណង​យក​ឥ​វ៉ា​ន់​ទៅ​ដាក់​ផ្ញើ​នៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​មួយ​កន្លែង​ដែល​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ លុះ​មក​ដល់ បុរស​ជា​អ្នក​បើករថយន្ត​បាន​ឈប់​ចត​ដោយ​បាន​ពន្លត់​ម៉ាស៊ីន ប៉ុន្តែ​មិន​បាន​ដក​សោរ​ចេញពី​រថយន្ត​ទេ ព្រោះ​ឃើញ​មាន​បុគ្គលិក​នៅ​ទីនោះ​ច្រើន ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​បុរស​អ្នក​បើករថយន្ត​ក៏​លើក​ឥ​វ៉ា​ន់​ដែល​ត្រូវ​ផ្ញើ​ទៅ​ស្រុក​ក្រៅ​ចេញ​ក្នុង​រថយន្ត​​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដើម្បី​ធ្វើការ​ផ្ញើ ប៉ុន្តែ​ខណៈ​ដែល​ដើរ​ចូល​ទៅ​មិន​ទាន់​នឹង​ផ្ញើ​ផង ស្រាប់តែ​មាន​ជនសង្ស័យ​ឆ្លៀតឱកាស​លួច​ឡើង​បញ្ឆេះ​រថយន្ត​បើក​ចេញ​ទៅ​បាត់​ស្រមោល​។

ភ្លាម​ៗ​នោះ​បុរស​ជា​អ្នក​បើក​ខាងលើ​ក៏​ស្រែក​ឆោឡោ និង​រត់​ដេញ​តាម​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​លួច​បើក​យក​ទៅ តែ​រត់​តាម​មិន​ទាន់​។ បន្ទាប់​មក​បុរស​ជា​អ្នក​បើករថយន្ត ក៏​ទាក់ទង​ប្រាប់​ថៅកែ​ដែល​ជា​ម្ចាស់​រថយន្ត​ឱ្យ​ឆែក​​ប្រព័ន្ធ GPS ដែល​ដាក់​នៅ​លើ​រថយន្ត​ខាងលើ និង​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ឆែក​មើល​ប្រព័ន្ធ GPS ដែល​នៅ​ជាប់​លើ​រថយន្ត​ខាងលើ គឺ​ជនសង្ស័យ​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចេញ​ស្វែងរក​រថយន្ត​ខាងលើ​។ រហូត​ដល់​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ដោយ​សមត្ថកិច្ច និង​ជន​រង​គ្រោះ​ជិះ​តាម​រក​រថយន្ត​តាម​ប្រព័ន្ធ GPS ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ខាងលើ ត្រូវ​បាន​ជនសង្ស័យ​លួច​បើក​យក​មក​ប្លុង​ចោល​នៅ​ត្រង់​ចំណុច​ផ្ទះ​ទុក​ចោល​មួយ​កន្លែង ដែល​នៅ​ជាប់​ខាងក្រោម​ស្ពាន​អាកាស​៥​មក​រា​តែ​ម្តង។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​នោះ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ដែល​ស្លៀក​​សំលៀក​បំពាក់​ដូច​ជា​អង្គរក្ស និង​មាន​សៀត​កាំភ្លើងខ្លី​មួយ​ដើម រួម​ទាំង​វិទ្យុទាក់ទង (​អាយ​ឌី​) មួយ​គ្រឿង​ផង​ដែរ បាន​បើករថយន្ត​ខាងលើ​មក​ឈប់​ចត​នៅ​ក្នុងផ្ទះ​ទុក​ចោល​នោះ រួច​ក៏​ដើរ​ចាកចេញ​ទៅ​បាត់​ស​ម្រោ​ល​ទៅ ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ រួម​ទាំង​អ្នក​បើរ​រថយន្ត​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ ដើម្បី​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​តាម​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ និង​ធ្វើការ​ប្រគល់​រថយន្ត​ខាងលើ​ទៅ​ឲ្យ​ជន​រង​គ្រោះ​យក​ត្រលប់​ទៅ​វិញ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]