I.            តើលន់នល់ និងប៉ុលពតជានរណា?

លន់នល់ជាអ្នកធ្វើរដ្ឋប្រហារ ដណ្តើមរាជរដ្ឋាភិបាល ពីសម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដោយមានការគាំទ្រ ពីសហរដ្ឋអាមេរិក។ ប៉ុលពតជាមេដឹកនាំខ្មែរក្រហម យកលេសថានឹងដណ្តើម រដ្ឋអំណាចមកថ្វាយជូនសម្តេចព្រះនរោត្តមសីហនុវិញ។

II.            តើប្រជាជនរស់នៅយ៉ាងដូចម្តេច?

ក្នុងអំឡុងឆ្នាំ ១៩៧៥ ប្រជាជនខ្មែរ មានជាង ៦លាននាក់ ជាង ៣លាននាក់រស់នៅទីក្រុង និងទីប្រជុំជន ខេត្ត ស្រុក និងឃុំ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលន់នល់ ដោយឡែកប្រជាជនប្រមាណ ៣លាននាក់រស់នៅតាមភូមិ និងព្រៃភ្នំដែលគ្រប់គ្រងដោយខ្មែរក្រហម។ លន់នល់កាន់កាប់ផលិតផលឧស្សាហ៏កម្ម ដើម្បីដោះដូរស្រូវអង្ករពីតំបន់ប៉ុលពត។

III.            តើប្រជាជនមានទឹកចិត្តយ៉ាងដូចម្តេច?

        នៅតំបន់លន់នល់

ពួកគេជាអ្នករកស៊ី សិស្សនិសិ្សត មន្ត្រីរាជការ ប៉ូលីស ទាហ៊ាន ពួកគេមិនសប្បាយចិត្តចំពោះលន់នល់ ដូចខាងក្រោម៖

  • កែនកូនចៅគេ ទៅធ្វើទ័ពដើម្បីច្បាំងជាមួយ ទ័ពខ្មែរក្រហម
  • ធ្វើឲ្យទំនិញឡើងថ្លៃ ពីមួយថ្ងៃទៅមួយថ្ងៃ
  • អ្នកកាន់អំណាចប្រព្រឹត្តអំពើពុករលួយ

ស្ទើរតែ ៩៥% ចង់ឲ្យរបបនេះ ដួលរំលំឆាប់រហ័យ ដោយរំពឹងថានឹងបានសម្តេចព្រះនរោត្តមសីហនុ យាងមកគ្រប់គ្រងប្រទេសវិញ។

        នៅតំបន់ប៉ុលពត

ពួកគេជាអ្នកធ្វើស្រែ ចម្ការ ពួកគេភាគច្រើនបានឲ្យកូនចៅ ទៅធើ្វយោធាដោយស័្មគ្រចិត្ត។ ពួកគេចង់ផ្តួលរំលំលន់នល់ ដើម្បីឲ្យសម្តេចព្រះនរោត្តមសីហនុ បានយាងមកមាតុប្រទេសវិញ ប៉ុន្តែក៏មានអ្នកខ្លះមិនសប្បាយចិត្តនឹងប៉ុលពតដែរ ដូចជា៖

  • កែនកូនចៅគេទៅធ្វើយោធា បណ្តាយឲ្យស្លាប់នៅសមរភូមិ
  • បង្ខំឲ្យគេលក់ស្រូវអង្ករ ឲ្យអង្កការដោយតម្លៃថោក
  • បង្ខំឲ្យគេដាក់ដីស្រែធ្វើរួមជាសហករ

IV.            តើកងទ័ពប៉ុលពតធៀបនឹងលន់នល់យ៉ាងដូចម្តេច?

       កងទ័ពលន់នល់

  • ទាហ៊ាន៖ មានទាហ៊ានគ្រប់ប្រភេទ ជើងគោក ជើងទឹក ទ័ពអាកាស
  • សមត្ថភាព៖ ចេះក្បួនយុទ្ធសាស្រ្តត្រឹមត្រូវ ម្នាក់ៗសុទ្ធតែចេញពីសាលាកងទ័ព
  • យុទ្ធភណ្ឌ៖ មានរថយន្តដឹកទ័ព រថក្រោះ នាវាចម្បាំង យន្តហោះចម្បាំង កាំភ្លើងផ្លោង និងកាំភ្លើងយន្តគ្របប្រភេទ

        កងទ័ពប៉ុលពត

  • ទាហ៊ាន៖ ជាទាហ៊ានឈ្លប
  • សមត្ថភាព៖ ច្បាំងបណ្តើរ រៀនក្បួនទ័ពបណ្តើរ
  • យុទ្ធភណ្ឌ៖ មានតែកាំភ្លើងធម្មតា ដណ្តើមនិងប្រមូលទិញ យុទ្ធភណ្ឌពីលន់នល់។

V.            តើប៉ុលពតប្រើយុទ្ធសាស្រ្តយ៉ាងដូចម្តេច?

ប៉ុលពតដឹងថាមិនអាចច្បាំងចំហ ជាមួយលន់នល់បានឡើយ គេត្រូវប្រយុទ្ធយូរអង្វែង ធ្វើយ៉ាងណាឲ្យលន់នល់ចុះចាញ់ ដោយខ្លួនឯង វិធីមានដូចខាងក្រោម៖

ពង្រីកតំបន់រំដោះ

        ប៉ុលពតប្រើវិធីកាត់ផ្តាច់ស្ពាន និងផ្លូវជាតិជាកង់ៗ ធ្វើឲ្យលន់នល់មិនអាចទាក់ទងតំបន់រំដោះបាន ដូចជាការមកទិញស្បៀងពីតំបន់រំដោះ។

បំបាត់ការចាយលុយ

        នៅតំបន់រំដោះ ប៉ុលពតបំបាត់ការចាយលុយ មានតែអង្កការទេ ដែលអាចយកលុយ ទៅទិញផលិតផលឧស្សាហ៏កម្ម ពីលន់នល់ដើម្បីយកមកផ្គត់ផ្គង់ នៅតំបន់រំដោះ បើប្រជាជនចង់បានអី គឺយកស្រូវអង្ករមកដោះដូរពីអង្គការវិញ ធ្វើយ៉ាងនេះដើម្បីកុំឲ្យប្រជាជន យកអង្ករទៅលក់ឲ្យលន់នល់បាន លើសពីនេះ អង្គការថែមទាំងយកលុយ ទៅទិញកាំភ្លើងពីទ័ពលន់នល់ទៀតផង។ បានសេចក្តីថានៅទីក្រុង ស្បៀងបរិភោគឡើងថ្លៃជារៀងរាល់ថ្ងៃ រហូតដល់ខ្វះស្បៀងតែម្តង។

ប្រើមនោគមន៏

ប៉ុលពតប្រើមនោគមន៏ដូចខាងក្រោម៖

  • ចំពោះអ្នកដែលស្និទ្ធនឹងលទ្ធិកុម្មុនីស ប៉ុលពតថានឹងរៀបចំសង្គមមួយ ដែលគ្មានវណ្ណៈជិះជាន់ បំបាត់អំពើពុករលួយ រៀបចំសង្គមស្អាតស្អំមួយ។
  • ចំពោះប្រជាជនធម្មតា ប៉ុលពតថានឹងយាងសម្តេចព្រះនរោតម្តសីហនុ ដើម្បីបានវិលមកគ្រប់គ្រងប្រទេស ឲ្យសម្បូរសប្បាយដូចសម័យដើម។

ប្រើមនុស្សបង្គប់ផ្ទៃក្នុង

        ខ្មែរក្រហមទិញទឹកចិត្ត មន្រ្តីរាជការ កងទ័ព ដោយសន្យាថានឹងផ្តល់តំណែងឲ្យពួកគេ ដើម្បីឲ្យពួកគេធើ្វបាតុកម្ម សំដៅឲ្យប្រជាជនបាត់ជំនឿលើលន់នល់។

យុទ្ធសាស្រ្តខាងលើធ្វើឲ្យលន់នល់ ដឹងថាមិនអាចទប់ទល់នឹងខ្មែរក្រហមបាន ក៏ភាសខ្លួនរត់ចោលស្រុក ទៅកោះហាវ៉ៃ ដោយទុកឲ្យខ្មែរក្រហម ចូលកាន់កាប់ភ្នំពេញ ដោយគ្មានការបង្ហូរឈាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

លេខក្រោយ ខ្មែរឡូត នឹងលើកយកប្រធានបទ៖

  1. ហេតុអ្វីបានជា ប៉ុលពត ត្រូវតែជន្លៀសប្រជាជនចេញពីភ្នំពេញ?
  2. ហេតុអ្វីបានជា ប៉ុលពត មិនចាយលុយដូចប្រទេសសង្គមនិយមដទៃទៀត?
  3. តើសាលារៀន ប៉ុលពត មានលក្ខណៈដូចម្តេច?
  4. តើមន្ទីរពេទ្យ ប៉ុលពត មានលក្ខណៈដូចម្តេច?
  5. តើសេដ្ឋកិច្ច ប៉ុលពត មានលក្ខណៈដូចម្តេច?
  6. តើប៉ុលពត ដឹងថាប្រជាជនអត់បាយឬទេ?
  7. តើប៉ុលពតកាត់ផ្តាច់ផ្លូវជាតិយ៉ាងដូចម្តេច?
  8. ហេតុអ្វីនៅតំបន់ខ្លះ ពុំសូវមានមនុស្សត្រូវបានសម្លាប់?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]