រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជន២នាក់សង្ស័យជាប្អូននឹងគ្នាត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួនម្នាក់ ក្រោយពីរូបគេ និងយុវជនត្រូវជាបងប្រុសបង្កើតរបស់គេម្នាក់ទៀតបាននាំគ្នាដើរចូលទៅក្នុងហាងម៉ាស្សាមួយកន្លែង ដែលមានយីហោថា «កូលាបក្រហម» ទៅលួចយកកាបូបលុយរបស់នារីម៉ាស្សាម្នាក់ ដែលកំពុងតែដេកកើយនៅលើសាឡុង ហើយធ្វើឱ្យនាងភ្ញាក់ដឹងខ្លួន និងស្រែកឆោឡោឡើង និងដេញចាប់បានភ្លាមៗ ដែលករណីនេះដែរបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីទាបភ្លឺព្រឹក ថ្ងៃទី១៧ ខែកក្កដានេះ នៅហាងម៉ាស្សា និងកោសជប់ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យជាប្អូនដែលបានចាប់ឃាត់ខ្លួននេះមានឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ និងយុវជនជាបងដែលរត់គេចខ្លួនបាត់នោះមានឈ្មោះ ម៉ៅ ឡាយ អាយុ១៨ឆ្នាំ ពួកគេទាំងពីរនាក់ មានមុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលផ្លូវលំ នៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅជាមួយគ្នា ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ ណែម ម៉ៅ អាយុ២២ឆ្នាំ មុខរបរម៉ាស្សា និងស្នាក់នៅក្នុងហាងម៉ាស្សាយីហោ «កូលាបក្រហម» ផ្ទះកើតហេតុខាងលើ ។
មុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងតែដេកលក់នៅលើសាឡុងនៅក្នុងហាងដោយដេកកើយកាបូបលុយរបស់នាង និងមានស្ត្រីអ្នកធ្វើការជាមួយគ្នាជាច្រើននាក់កំពុងតែផឹកនៅក្បែរនោះផងដែរ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក្រុមយុវជនជាជនសង្ស័យទាំងពីរនាក់បានដើរមកដល់ខាងមុខហាងម៉ាស្សា និងកោសជប់យីហោខាងលើបានឃើញយុវជនជាប្អូនក៏បានដើរចូលទៅខាងក្នុង ហើយយុវជនជាបងនៅឈរចាំមើលផ្លូវខាងក្រៅ។
ពេលនោះជនសង្ស័យជាប្អូនក៏បានទៅធ្វើសកម្មភាពទាញយកកាបូបលុយពណ៌លឿងមួយដែលនាងដាក់កើយធ្វើអោយនាងភ្ញាក់ដឹងខ្លួនឡើងស្រែកឆោឡោធ្វើអោយមានការភ្ញាក់ផ្អើលកើតឡើង និងនាំគ្នាដេញចាប់បានម្នាក់ភ្លាមៗ ចំណែកឯជនសង្ស័យជាបងប្រុសម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចក៏បានធ្វើការប្រគល់កាបូបលលុយពណ៌លឿងមួយដែលមានលុយចំនួន១៩០ដុល្លារ និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿងទៅអោយនារីម៉ាស្សាជនរងគ្រោះវិញ ចំណែកឯយុវជនជាជនសង្ស័យក៏បាននាំមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ទំនប់ទឹក និងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌចំការមនចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀតផងដែរ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]