កូរ៉េខាងត្បូង ៖ វាមិនមែនជាលើកទីមួយទេដែល Jin សមាជិកក្រុម BTS ត្រូវអ្នកគាំទ្រសុំរៀបការត្រង់ៗបែបនេះ នេះក៏មកពី Jin ត្រូវបានគេស្គាល់ថា ជាសមាជិកដែលមានភាពផ្អែមល្ហែមជាងគេ និងពូកែកំប្លែងជាងគេ ហើយក៏ជាមនុស្សដែលមានទេពកោល្យ ជាច្រើនយ៉ាងផងដែរ។

បើនិយាយពីភាពស្រស់សង្ហាវិញនោះ អ្នកកម្លោះរូបនេះគឺជា Visual member នៅក្នុងក្រុម BTS តែម្ដង មានន័យថា លោកជាសមាជិកមានមុខមាត់សង្ហា តំណាងក្រុម។

យ៉ាងណាមិញ បើងាកមកមើលពីប្រវត្តិរបស់លោកវិញ Jin គឺជាសមាជិកដែលធ្លាប់ត្រូវហ្វេនសុំរៀបការច្រើនបំផុត ប៉ុន្តែគ្មានម្ដងណាទេដែល Jin យល់ព្រម រហូតដល់ថ្ងៃម្សិលមិញនេះ ចម្លើយរបស់លោកស្រាប់តែផ្លាស់ប្តូរ ធ្វើឲ្យកក្រើកពេញបណ្ដាញអ៊ីនធើណែត។

នេះបើយោងតាម អ្វីដែលអ្នកគាំទ្រនារីដ៏សំណាងល្អម្នាក់បានរៀបរាប់ គឺនៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ក្រុមចម្រៀង BTS បានរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ នៅក្នុងប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យហ្វេនអាចជួប និងចាប់ដៃជាមួយពួកគេដោយផ្ទាល់។ ហើយនៅពេលនោះនាងក៏បានសុំ Jin រៀបការ ដោយនិយាយថា ៖ «តើអាចរៀបការជាមួយខ្ញុំបានទេ?» នៅខណៈពេលដែលនាងកំពុងចាប់ដៃ Jin។

ភ្លាមៗនោះ Jin ស្រាប់តែឆ្លើយថតថា ៖ «បាទ» ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ។

គួរបញ្ជាក់ផងដែរថា កាលពីមុន Jin ធ្លាប់បានឆ្លើយតបខ្លីៗត្រឹមតែថា ៖ «អរគុណ!» នៅពេលដែលអ្នកគាំទ្រនារីម្នាក់ បានសុំលោករៀបការ នៅក្នុងកម្មវិធី Fan Meeting មួយ។ ក្រោយមកនៅក្នុងវីដេអូ Live ក៏មានអ្នកគាំទ្រជាច្រើន បានសួរសំណួរសុំរៀបការដដែលៗ បែបនេះទៅកាន់ Jin ដូចគ្នា ប៉ុន្តែលោកតបត្រឹមតែថា ៖ «កុំនិយាយអ្វីដែលមិនអាចទៅរួច» និងពាក្យថា «វាមិនអាចនោះទេ»។ មិនស្មានសោះថា នៅទីបំផុតចម្លើយរបស់ Jin ស្រាប់តែផ្លាស់ប្ដូរ ភ្លាមៗបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]