ឥណ្ឌា៖ លោកតាវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា លោកតាអាចរក្សាទុកសក់កណ្ដាញ់បានយ៉ាងវែងអន្លាយ មិនខ្ចីកក់ មិនខ្ចីកាត់ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងហេតុផលដ៏មិនគួរឲ្យជឿ។

លោកតា Sakal Dev Tuddu

លោកតា Sakal Dev Tuddu មានអាយុ ៦៣ឆ្នាំ ជាអ្នករស់នៅស្រុក Munger ភាគខាងកើតរដ្ឋ Bihar ប្រទេសឥណ្ឌា។ លោកតា Sakal Dev បានទុកសក់របស់គាត់ដោយមិនដែលកក់លាងសម្អាត និងកាត់ចេញ អស់រយៈពេលជាង៤០ឆ្នាំមកហើយ រហូតទាល់តែសក់របស់គាត់កណ្ដាញ់ចូលគ្នាដូចសម្បកឈើ ខណៈបើគិតមកទល់ពេលនេះ វាមានប្រវែងប្រហែល ១,៨ម៉ែត្រ។

លោកតា Sakal Dev Tuddu

បើតាមការឲ្យដឹងពីលោកតា Sakal Dev បាននិយាយថា មូលហេតុដែលរូបគាត់រក្សាទុកសក់វែងបែបនេះ ក៏ដោយសារតែ កាលពីប្រមាណជា ៤០ឆ្នាំមុន លោកតាបានដេកយល់សប្តិឃើញថា សក់របស់គាត់ស្រាប់តែរួញ ឬត្បាញចូលគ្នាដោយខ្លួនឯង ហើយក៏មានព្រះជាម្ចាស់ (ឬអាទិទេព) មកជួបនឹងលោកតាទៀតផង។

នៅក្នុងយល់សប្តិនោះ ព្រះជាម្ចាស់បានប្រាប់គាត់ថា កុំឲ្យកាត់សក់នេះចេញឲ្យសោះ ទើបចាប់តាំងពីពេលនោះមក លោកតាក៏បានសម្រេចចិត្តថា នឹងទុកវាឲ្យវែងបែបនេះរហូតដល់ថ្ងៃស្លាប់តែម្តង។ នេះក៏ព្រោះលោកតាមានជំនឿថា ប្រហែលជាអំណោយ ឬជាការប្រទានពរដ៏ពិសេសមួយរបស់ព្រះមកកាន់គាត់ហើយ។ ហើយប្រសិនណាបើលោកតា មិនជឿ ឬមិនធ្វើតាមនោះ ក៏ទំនងនឹងអាចកើតមានរឿងមិនល្អដល់លោកតាក៏ថាបាន។

លោកតា Sakal Dev Tuddu

លោកតា Sakal Dev បានឲ្យដឹងទៀតថា លោកតាក៏បានលះបង់នូវការផឹកស្រា និងការជក់បារី ក៏ដូចជាការប្រព្រឹត្តនូវអំពើមិនល្អ ដើម្បីជាការគោរពយ៉ាងស្ម័គ្រស្មោះអស់ពីចិត្តដល់ព្រះជាម្ចាស់ ឬអាទិទេព។

ប្រភពដដែលបន្តថា អ្នកជិតខាងផ្ទះលោកតា ពួកគេក៏ថែមទាំងបានដាក់ឈ្មោះផ្សេងឲ្យលោកតាថា «Mahatma Ji» ដែលជាការតំណាង ឬការបញ្ជាក់ពីការគោរពមួយដល់លោកតា ទៅលើភាពបរិសុទ្ធ (ចិត្តបុណ្យ) និងអាកប្បកិរិយាដ៏ល្អប្រពៃដែលលោកតាមានផងដែរ។

លើសពីនេះ លោកតាក៏ត្រូវបានគេស្គាល់ថា ជាអ្នកព្យាបាលតាមបែបបុរាណម្នាក់ និងដើររៀបចំធ្វើកិច្ច (ឬព្យាបាល) តាមផ្ទះ ដល់គូស្វាមីណាដែលគ្មានបុត្រថែមទៀតផង (មានអ្នកកាន់)។

សឹងតែជារៀងរាល់ថ្ងៃ លោកតា Sakal Dev តែងតែមានមនុស្សម្នាជាច្រើនមកជួប ឬសួរសុខទុក្ខជាហូរហែ ខ្លះមកដើម្បីចង់ថតរូបជាមួយនឹងលោកតា ខណៈឯលោកតាក៏ទទួលស្វាគមន៍ពួកគេ ដោយចិត្តរីករាយដូចគ្នា។

លោកតា Sakal Dev Tuddu

គួរឲ្យដឹងផងដែរថា លោកតា Sakal Dev ធ្លាប់បម្រើការនៅនាយកដ្ឋានព្រៃឈើក្នុងតំបន់ អស់រយៈពេល ៣១ឆ្នាំ ។ សព្វថ្ងៃលោកតារស់នៅជាមួយនឹងភរិយាឈ្មោះ Rupiya Devi មានកូនប្រុស៣ ស្រី៣ និងចៅៗចំនួន៧នាក់ផងដែរ។

លោកតាថា ប្រពន្ធរបស់គាត់មិនដែលមានបញ្ហាអ្វីទើសទាស់ ជាមួយនឹងសក់របស់គាត់នោះឡើយ។ គ្រប់គ្នាគោរព និងស្រលាញ់ចូលចិត្តលោកតាគ្រប់ៗគ្នា៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

លោកតា Sakal Dev Tuddu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]