អង់គ្លេស៖ Liverpool បានចំណាយទំហំទឹកប្រាក់ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទិញកីឡាករល្អៗចូល ដែលបានជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Liverpool មួយនេះឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។

យ៉ាងណាមិញ ក្លិបហង្សក្រហម Liverpool ក៏បានចុះហត្ថលេខានាំយកកីឡាករល្អៗ ដែលមានតម្លៃខ្លួនក្រោម ១០លានផោន និងសុទ្ធតែជាតួអង្គសំខាន់សម្រាប់ក្លិបចំនួន ៥ រូបរួមមាន៖  

៥. Joel Matip (មិនមានតម្លៃខ្លួន)

កីឡាករ Matip (អាវក្រហម)

Liverpool បាននាំយកខ្សែការពារ Joel Matip ពីក្លិបអាល្លឺម៉ង់ Schalke 04 ដោយមិនអស់ប្រាក់មួយសេននោះទេ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ ២០១៦។ Matip បានបង្ហាញខ្លួន ៩០នាទីពេញ កាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League និងបានជួយបញ្ជូនបាល់ឲ្យ Origi បញ្ចប់ទីបានសម្រេចថែមទៀត។ 

៤. Divock Origi (១០លានផោន)

កីឡាករ Origi

Origi បានបង្ហាញពិភពលោកឲ្យស្គាល់ខ្លួនតាមរយៈការទាត់បាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិបែលហ្សិក ក្នុងព្រឹត្តិការណ៍ World Cup 2014 ដែលពេលនោះគេមានវ័យត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។ ក្រោយចប់ព្រឹត្តិការណ៍ World Cup ក្លិប Liverpool បានទិញរូបគេពីក្លិបបារាំង Lille ជាមួយតម្លៃខ្លួន ១០លានផោន នៅទីផ្សារដោះដូររដូវកាល ២០១៥-២០១៦។

Origi គឺជាអ្នករកគ្រាប់បាល់ឲ្យ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League 2018-2019 និងបានជួយឲ្យ Liverpool ឈ្នះពានរង្វាន់មួយនេះ។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ជាអ្នកស៊ុតបាល់បញ្ចូលទី ទម្លាក់ក្លិបអ្នកមានបុណ្យ Barcelona ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

៣. Joe Gomez (៣.៥លានផោន)

កីឡាករ Gomez

Liverpool បានទិញ Joe Gomez ក្នុងតម្លៃខ្លួនត្រឹមតែ ៣.៥លានផោនប៉ុណ្ណោះ ពីក្លិបនៅក្របខណ្ឌលំដាប់ទីពីរអង់គ្លេស Charlton Athletic កាលពីឆ្នាំ ២០១៥។ ក្នុងរដូវកាល 2018-2019 ខ្សែការពារវ័យ ២២ឆ្នាំ Gomez បានចូលលេងពេញតង់ចំនួន ១១ប្រកួត ក្នុងការចាប់ដៃគូជាមួយរៀមច្បង Van Dijk ដោយឲ្យដៃគូទាត់ចូលទីបានត្រឹម ៤គ្រាប់ និងបិទ Clean Sheets បាន ៧ប្រកួត។ 

២. James Milner (មិនមានតម្លៃខ្លួន)

កីឡាករ James Milner

កាលពីឆ្នាំ២០១៥ Liverpool បាននាំយកប្រធានក្រុម James Milner មកកាន់កីឡដ្ឋាន Anfield ដោយមិនអស់តម្លៃខ្លួននោះទេ បន្ទាប់ពីគេផុតកិច្ចសន្យាជាមួយ Manchester City។ គិតមកទល់ពេលនេះ អតីតជម្រើសជាតិអង់គ្លេស និងជាប្រធានក្រុម Liverpool រូបនេះចូលលេងបាន ១៧៧ប្រកួត រកគ្រាប់បាល់បាន ២២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ៣៦ដង។ 

១. Andrew Robertson (៨លានផោន)

កីឡារ Robertson

Robertson ត្រូវបាន Liverpool ទិញពីក្លិប Hull-City កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ៨លានផោន។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ខ្សែការពារឆ្វេងមួយរូបនេះគឺ រូបគេបានជាប់ឈ្មោះជាកីឡាករល្អក្នុងពានរង្វាន់ UEFA Champions League សម្រាប់រដូវកាល 2018-2019៕

ប្រភព : Fox Sports Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]