ម៉ាឡេស៊ី៖ លោកយាយអាយុ៦៩ឆ្នាំម្នាក់ ត្រូវបានចៅប្រុសរបស់គាត់ដាល់លើផ្ទៃមុខ ដោយសារខឹងកូនស្រីតូចរបស់ខ្លួនយំខ្លាំងពេក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ វេលាម៉ោង៦:00ព្រឹក នៅតំបន់ Kampung Hillir ក្នុងប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពបានឲ្យដឹងថា មុនពេលចៅប្រុសចូលបន្ទប់ទឹក បានឲ្យលោកយាយជួយមើលថែកូនស្រីរបស់ខ្លួនដែលទើបតែកើតបាន៨ខែ។ ខណៈពេលកំពុងនៅក្នុងបន្ទប់ទឹក ក្មេងស្រីតូចនោះបានស្រែកយំមិនឈប់។ ចៅប្រុសក៏ផ្ទុះកំហឹង ជេរស្ដីទៅកាន់លោកយាយដែលមិនបានមើលថែកូនរបស់ខ្លួនឲ្យបានល្អ។ បន្ទាប់មកក៏ស្ទុះទៅទះ និងដាល់មុខរហូតដល់លោកយាយដួលទៅលើឥដ្ឋ។ លោកយាយត្រូវបានអ្នកជិតខាងបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។

បន្ទាប់ពីទទួលការពិនិត្យមក លោកយាយមានឈាមកកក្នុងភ្នែក និងមិនអាចបើកភ្នែករួច។ លោកយាយអាចប្រឈមនឹងការមើលមិនឃើញទៀតផង។

ប៉ូលិសឈ្មោះថា Arshad Abu បានប្រាប់ប្រភពព័ត៌មានថា ចៅប្រុសរបស់លោកយាយបានរត់គេចខ្លួនជាមួយប្រពន្ធនិងកូន បន្ទាប់ពីកើតហេតុរួច។ ទោះបីជាយ៉ាងណា ប៉ូលិសបានធ្វើការចាប់ខ្លួនចៅប្រុសនៅវេលាម៉ោង១១:០០ព្រឹក ក្នុងថ្ងៃកើតហេតុ។ ប៉ូលិសបានរកឃើញថា កន្លងមកបុរសជាចៅធ្លាប់ជាប់ពាក់ពន្ធគ្រឿងញៀនចំនួនពីរករណី។

ប៉ូលិសបន្ដថា លោកយាយមានមុខរបរជាចុងភៅនៅក្នុងសាលារៀនមួយ។ រាល់បន្ទុកការចាយវាយទាំងអស់គឺស្ថិតនៅលើលោកយាយអ្នករ៉ាប់រង។ ចៅប្រុសនិងប្រពន្ធរបស់គេមិនមានការងារធ្វើឡើយ។ ចំពោះករណីខាងលើនេះ ប៉ូលិសកំពុងឃុំខ្លួនចៅប្រុស ដើម្បីធ្វើការដោះស្រាយបន្តតាមនីតិវិធីច្បាប់៕ 

លោកយាយដែលត្រូវចៅប្រុសវ៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]