អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា កំពុងតែពិនិត្យ និងធ្វើការសម្រេចចិត្តក្នុងការនាំយក Gareth Bale ត្រឡប់មកវិញនាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

កីឡាករ Gareth Bale

Bale បានឈ្នះពានរង្វាន់ UEFA Champions League ៤ដងរួចមកហើយ ក្រោយផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីឆ្នាំ ២០១៣ ជាមួយតម្លៃខ្លួន ៨៩.២លានផោន។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane ខ្សែប្រយុទ្ធជម្រើសវេល រូបនេះមិនសូវបានបង្ហាញខ្លួនទីលាននោះទេ ពោលគឺរូបគេហាក់មិនស្ថិតក្នុងក្រសែភ្នែក របស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះទេ។

កីឡាករ Gareth Bale និងលោក Zidane

ក្លិបមានមូលដ្ឋាននៅប៉ែកខាងជើងទីក្រុងឡុងដ៍ Tottenham HotSpur ត្រូវបានគេដឹងថាកំពុងតែរៀបចំសំណើ អមដោយទឹកប្រាក់ ចន្លោះពី ៤៥ ទៅ ៥៤ លានផោន ក្នុងការនាំយកកីឡាកររូបនេះត្រឡប់មកវិញ។ 

កីឡាករ Gareth Bale កាលនៅលេងឲ្យ Spurs

យ៉ាងណាមិញ អ្វីដែលជាបញ្ហាក្នុងការនាំយក Bale ពី Real Madrid សម្រាប់ក្លិបផ្សេងៗដែលចង់បាននោះគឺ ប្រាក់ថ្លៃពលកម្មរបស់ខ្សែប្រយុទ្ធមុខស្រស់រូបនេះមានរហូតទៅដល់ ៦០០,០០០ ផោន ក្នុងមួយសប្ដាហ៍ ខណៈពេលដែលក្លិបផ្សេងៗដែលចង់បាន Bale មិនហ៊ានចំណាយទឹកប្រាក់ដល់កម្រិតនេះទេ។ បើតាមសារព័ត៌មានអេស្ប៉ាញ Marca ជើងឯករង UEFA Champions League រដូវកាលមុន Tottenham Hotspur អាចនឹងផ្ដល់ប្រាក់ពលកម្មជូន Bale ត្រឹមពាក់កណ្ដាលដែលគេទទួលបាននៅ Real Madrid ប៉ុណ្ណោះ។

កីឡាករ Gareth Bale

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក៏មានក្លិបនៅចិនចាប់អារម្មណ៍ចង់បាន Bale មកលេងនៅទឹកដីអាស៊ីផងដែរ ដោយហ៊ានចំណាយទឹកប្រាក់គុណទ្វេសម្រាប់ Bale ប៉ុន្តែត្រូវបានអតីតខ្សែប្រយុទ្ធ Southampton រូបនេះបដិសេធ ដោយលើកហេតុផលថាខ្លួននឹងលេងឲ្យតែក្លិបដែលធំៗនៅអឺរ៉ុបប៉ុណ្ណោះ៕

ប្រភព៖ Mirror 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]