WARNING: GRAPHIC CONTENT 

ថៃ៖ យុវជនវ័យជំទង់ជនជាតិថៃម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោអាធ័ម ដោយសារតែ ភាពធ្វេសប្រហែសដេកសាកថ្មទូរស័ព្ទដាក់នៅជិតខ្លួន។

យុវជនរងគ្រោះដែលបានស្លាប់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Aron Yotyoi មានអាយុ ២១ឆ្នាំ ត្រូវបានប្រទះឃើញដេកស្លាប់នៅលើគេង កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ ក្នុងខេត្ត Chonburi ប្រទេសថៃ។

យុវជនរងគ្រោះបានស្លាប់នេះ ឈ្មោះ Aron Yotyoi

បើយោងតាមប្រភពសារព័ត៌មាន សាកសពរបស់ជនរងគ្រោះ ត្រូវបានគេដឹង និងមើលឃើញថា ស្លាប់ដោយសារតែការឆក់ចរន្តអគ្គិសនី ព្រោះតែការដេកសាកថ្មទូរស័ព្ទដាក់នៅជិតខ្លួន។ សាកសពមានហូរឈាមជុំវិញផ្អែកក្រលៀន និងបានរងរបួសដោយការដុតរលាកយ៉ាងធ្ងន់ធ្ងរទៅលើមុខនិងដៃ។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីលោក Weerayot Duangithong អាយុ ២៤ឆ្នាំ ដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះ បាននិយាយថា ដោយសារតែហាក់មានការសង្ស័យ ព្រោះតែមិនឃើញប្អូនប្រុសចេញមកហូបអាហារពេលល្ងាច ទើបរូបលោកសម្រេចចិត្តដើរទៅមើលនៅក្នុងបន្ទប់ ប៉ុន្តែបន្ទប់ប្អូនលោកត្រូវបានចាក់សោរ ទើបលោកឡើងអើតមើលតាមបង្អួច ក៏ស្រាប់តែឃើញប្អូនប្រុសស្ថិតក្នុងសភាពបែបនេះតែម្តង។

យុវជនរងគ្រោះបានស្លាប់នេះ ឈ្មោះ Aron Yotyoi

«ខ្ញុំបានព្យាយាមគោះទ្វារបន្ទប់ប្អូនប្រុសខ្ញុំដែរ តែគេអត់មានឆ្លើយតបអីមកវិញសោះ។ ម្យ៉ាងដោយសារតែ បន្ទប់ជាប់សោរទៀតនោះ ទើបខ្ញុំឡើងអើតមើលតាមបង្អួចដើម្បីចង់ដឹងថា តើប្អូនប្រុសខ្ញុំមានកើតឬអីអត់ ហើយនៅពេលនោះខ្ញុំក៏ឃើញគេហាក់ដេកធម្មតា។ ខ្ញុំក៏មិនបានដឹងទេថា គេស្លាប់នោះទេ រហូតទាល់តែខ្ញុំបានចូលទៅដល់ក្នុងបន្ទប់ ទើបបានដឹងថាប្អូនខ្ញុំស្លាប់បាត់ទៅហើយ» លោក Weerayot និយាយ។

យ៉ាងណាមិញ ក្រោយប៉ូលិសបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ និងធ្វើការពិនិត្យទៅលើសាកសពនោះ គេជឿជាក់ថា យុវជនរងគ្រោះដែលជាកម្មករសំណង់រូបនេះ បានស្លាប់រយៈពេលជាង៦ម៉ោងមកហើយ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នមន្រ្តីប៉ូលិសជំនាញ ក៏កំពុងតែស្វែងរកភស្ថុតាងបន្ថែមទៀតជុំវិញនឹងករណីនេះ ខណៈឯសាកសពក៏នឹងត្រូវបញ្ជូនបន្ត ដើម្បីធ្វើកោសល្យវិច័យ បញ្ជាក់ឲ្យរឹតតែច្បាស់ពីមូលហេតុនៃការស្លាប់មួយនេះផងដែរ។

រូបភាពក្នុងយប់កើតហេតុ

***នេះក៏ជាសារមួយជួយដាស់តឿនដល់គ្រប់គ្នា គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ យល់ល្អគួរសាកថ្មទូរស័ព្ទដាក់ឲ្យឆ្ងាយពីខ្លួន ឬកុំការប្រើប្រាស់តែម្តង ក្នុងអំឡុងពេលកំពុងតែសាកថ្ម ដើម្បីចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង ដូចករណីយុវជនរងគ្រោះខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]