បើ​គិត​ដល់​រឿង​ឆ្លង​ទន្លេ គឺ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ប្រហែល​មិន​ដូច្នេះ​ទាំង​ស្រុង​ទេ។ “ការវះកាត់” ជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញ​និយម​សព្វថ្ងៃ​នេះ។ ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុតក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។

​វះកាត់ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន?

១- ពេលវេលាក្រោយវះ

អត់​ខុស​អី​ពី​ស្រីៗ​ដែល​ឆ្លង​ទន្លេ​ដោយ​ធម្មជាតិ​ទេ រយៈពេល​ដែល​ល្អក្នុង​ការ​ចាត់​ចែង​យក​កូន​បន្ទាប់​ហោច​ណាស់​ចាប់​ពី ៦ ខែ ទៅ ២ ឆ្នាំ។ រឿង​មួយ​ត្រូវ​ចាំ គឺអាស្រ័យ​លើ​សុខភាពរាងកាយ​ម្ដាយ។ បើ​រាងកាយ​រឹងមាំ ប្រាកដ​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​យក​កូន​បន្ទាប់​ម្នាក់​ទៀត​បាន។ ការ​រង់ចាំរាងកាយ​ដែល​ឆ្លងកាត់​មុខ​កាំបិត​លើក​ទី១ នឹង​ព្យាបាល​ខ្លួន​ឯងដោយ​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​បាត់បង់ ​និងចាប់​ផ្ដើម​ផលិត​ទឹកដោះ ទុក​សម្រាប់​ទារក​ក្រោយ។ ស្រ្ដី​ដែល​ជ្រើសរើស​ការ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាងសម្រាល​បែប​ធម្មជាតិ ២ ដង។

២- ការប្រែប្រួល និងបញ្ហា

អាការៈ​អស់​កម្លាំង ​តានតឹងអារម្មណ៍ (មួម៉ៅ) និង​ឈឺ​ពេញ​ខ្លួនដូចជា ​ឈឺខ្នង ​ឈឺ​ចុង​សុដន់ ឬ​ឈឺ​សាច់​ពោះ​ជា​ច្រើន​សប្ដាហ៍ ជា​អ្វី​ដែល​អាច​កើត​ឡើង​ក្រោយ​វះ។ ក្នុង​ករណី​ឆាប់​មាន​កូន​បន្ទាប់​ពេក​ ក្រោយ​ពី​សម្រាល​ហើយ​ថ្មីៗ ស្រីៗ​យើង​អាច​មាន​បញ្ហា​ក្រោយ​សម្រាល​កូន (បន្ទាប់) ដូចជា៖
-ដាច់​ភ្នាស​ស្បូន
-ទារក​កើត​មុន​ពេល​កំណត់ ឬ
-ទារក​កើត​មក​មិន​គ្រប់​គីឡូ (ក្រោម ២ គីឡូក្រាម)។

យក​ល្អហោច​ណាស់ (យក​កូន​បន្ទាប់) កុំ​ឲ្យ​តិច​ជាង ១៨ ខែ ព្រោះ​ទុក​ពេល​ឲ្យ​រាងកាយ​សះ​ល្អ និង​ទុក​គម្លាត ឬ​ដាក់​ផែនការ​កំណត់​យក​កូន។ ជាក់​ស្ដែង​ចំពោះ​ស្រ្ដី​មួយ​ចំនួន​អាយុ​លើស ៣០ ឆ្នាំ មិន​គួរ​យក​កូនកៀក​គ្នា​ទេ ព្រោះ​អាច​ពិបាក​បង្ក​កំណើត។

ចុះ​សួរ​ថា​តើ​ពេល​ណា​ល្អបំផុត​ហ្មង “Hello គ្រូពេទ្យ”? ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ គឺ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ម្នាក់ៗ កត្តា​រាងកាយ និង​លក្ខខណ្ឌផ្សេង​ទៀត។ ចម្លើយ​ដែល​ល្អសម្រាប់​លក្ខខណ្ឌ យើង​ម្នាក់ៗគួរ​តែទៅ​ជួប​ពេទ្យសួរនាំ និង​សុំ​យោបល់ពី​ពេទ្យ​ជំនាញ​ជាក់​ស្ដែង ដើម្បី​ចៀសវាងមាន​បញ្ហា​ណា​មួយ​ដោយ​យថាហេតុ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយHello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]