ភ្នំពេញ៖ អ្នកបើកម៉ូតូកង់បីនៅកម្ពុជា ដែលកំពុងតែប្រើប្រាស់កម្មវិធី Grab ដើម្បីទទួលយកការកក់លើសេវាធ្វើដំណើរ បានពេញចិត្តនឹងមុខងារពិសេសៗថ្មីៗជាច្រើន ក្នុងកម្មវិធីនេះ ដោយពួកគាត់បានបញ្ជាក់ថា មុខងារពិសេសៗទាំងនោះ នឹងជួយធ្វើឲ្យការងារពួកគេកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពនៃការរកប្រាក់ចំណូលរបស់ពួកគាត់។

អ្នកបើកម៉ូតូកង់បីរបស់ Grab

Grab ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ កំពុងដាក់ឲ្យដំណើរការនូវមុខងារពិសេសៗថ្មីៗជាច្រើន បើគិតចាប់តាំងពីក្រុមហ៊ុននេះ បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ដើម្បីផ្តល់ជូនមធ្យោបាយកាន់តែល្អប្រសើរសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ អ្នកដំណើរជាច្រើន បានសាទរចំពោះការផ្តល់ជូនរបស់ Grab ក្នុងពេលថ្មីៗនេះ ដែលធ្វើឲ្យការដំណើរតាមកម្មវិធីនេះមានតម្លៃថោកជាងគេ និងអាចទទូលបានការលើកទឹកចិត្តជាច្រើន តាមរយៈការសន្សំពិន្ទុ ប្តូរយកការបញ្ចុះតម្លៃ និងប្រម៉ូសិន លើទំនិញដ៏សន្ធឹកសន្ធាប់ នៅតាមហាង និងក្រុមហ៊ុនអាជីវកម្មឈានមុខគេជាច្រើននៅកម្ពុជា។

អ្នកបើកបរ ក៏អាចទទួលបានការលើកទឹកចិត្តជាច្រើនផងដែរ តាមរយៈកម្មវិធីនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកបើកបរជាច្រើនពេញចិត្តជាងគេ គឺមុខងារពិសេសៗផ្សេងៗ ដែលធ្វើឲ្យការងាររបស់ពួកគាត់កាន់តែមានប្រសិទ្ធភាពជាងមុន។

មុខងារពិសេសថ្មីដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមមុខងារថ្មីៗ ដែលជួយឲ្យអ្នកបើកបរ អាចប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុតនៅតាមដងផ្លូវគឺ «Pax No Show» ដែលនឹងផ្តល់ប្រាក់ឈ្នួលលួងចិត្តជាស្វ័យប្រវត្តិដល់អ្នកបើកបរ ប្រសិនបើអ្នកដំណើរដែលបានកក់យានជំនិះរបស់ពួកគាត់ មិនបានមកដល់កន្លែងរង់ចាំក្នុងរយៈពេល ៥ នាទី បន្ទាប់ពីអ្នកបើកបរបានទៅដល់ទេនោះ។

លោក វែន គីរី ដែលបានក្លាយជាដៃគូបើកបរបស់ Grab អស់រយៈពេល ៧ ខែមកហើយនោះបានបញ្ជាក់ថា៖ 

«ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលក្រុមហ៊ុនផ្តល់នូវមុខងារដ៏ពិសេសនេះ (Pax No Show) ដែលផ្ទុយគ្នាស្រឡះទៅនឹងក្រុមហ៊ុនផ្សេងទៀត ដែលមិនត្រឹមតែមិនផ្តល់ប្រាក់ប៉ះប៉ូវឲ្យយើងសម្រាប់ការលុបចោលការកក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិន័យយើងចំពោះការលុបចោលនោះទៀតផង»។

មុខងារពិសេសដ៏មានប្រជាប្រិយភាពផ្សេងទៀតគឺ «Back-to-Back Jobs» ដែលអនុញ្ញាតឲ្យអ្នកបើកបរទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ ក្បែរគោលដៅបច្ចុប្បន្នរបស់ខ្លួន ក្នុងពេលពួកគាត់កំពុងតែដឹកអ្នកដំណើរម្នាក់។ ការដែលអាចទទួលយកការកក់ថ្មីជាបន្តបន្ទាប់គ្នាមានន័យថា អ្នកបើកបរនឹងចំណាយពេលវេលាតិចក្នុងការរង់ចាំចន្លោះនៃការកក់នីមួយៗ។

លោក គ្រី សីហា ដែលជាដៃគូបើកបរម្នាក់របស់ក្រុមហ៊ុន Grab អស់រយៈពេលជិត ១ ឆ្នាំមកហើយនោះបានឲ្យដឹងថា៖

«នៅពេលដែលខ្ញុំបានធ្វើដំណើរជិតទៅដល់គោលដៅ ដែលត្រូវទម្លាក់ភ្ញៀវ ខ្ញុំអាចទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ នៅមុនពេលដឹកអ្នកដំណើរបច្ចុប្បន្នរបស់ខ្ញុំដល់គោលដៅ។ ប្រសិនបើអ្នកដំណើរម្នាក់មិនមកដល់ទីតាំងដែលត្រូវទៅយក ក្រោយពីការរង់ចាំរយៈពេល ៥ នាទីទេនោះ ខ្ញុំអាចលុបចោលការកក់នោះ ហើយ Grab នៅតែផ្តល់ប្រាក់ឈ្នួលសងវិញចំនួន ២០០០ រៀល សម្រាប់អ្នកបើកបរ»។
អ្នកបើកម៉ូតូកង់បីរបស់ Grab

មុខងារពិសេសផ្សេងទៀតដែល Grab បានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ គឺ «My Destination» ដែលមានន័យថា អ្នកបើកបរអាចជ្រើសរើសគោលដៅមួយទុកមុន ដូចជាទៅផ្ទះជាដើម ហើយកម្មវិធីនេះនឹងជួយរកការកក់ជាអាទិភាពចំពោះអ្នកដំណើរដែលទៅគោលដៅតែមួយដូចអ្នកបើកបរដែរ។ លោក គីរី បានបន្ថែមថា៖ 

«ខ្ញុំចូលចិត្តមុខងារពិសេសៗទាំងនេះ និងសង្ឃឹមថា ក្រុមហ៊ុននេះនឹងរក្សាការបង្កើតមុខងារដ៏មានអត្ថប្រយោជន៍ជាច្រើនទៀតបែបនេះ»។

មុខងារ «Heatmap» ដែលជាមុខងារថ្មីមួយផ្សេងទៀតរបស់ Grab គឺជាមុខងារបង្ហាញពីផែនទីមួយ ដែលនឹងបង្ហាញឲ្យអ្នកបើកបរមើលឃើញតំបន់ផ្សេងៗក្នុងទីក្រុងពីកន្លែងផ្សេងៗ ដែលមានសកម្មភាពកក់យានជំនិះច្រើន ហេតុនេះពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីកន្លែងដែលមានតម្រូវការខ្ពស់នោះដូចជា កន្លែងកម្មវិធីប្រគំតន្ត្រី ឬព្រឹត្តិការណ៍កីឡាជាដើម ដែលអាចមានអ្នកដំណើរច្រើន។
លោក សូត្រ សុខណា ដែលបានភ្ជាប់កម្មវិធី Grab អស់រយៈពេលច្រើនជាង ១ ឆ្នាំនោះ បាននិយាយថា៖ 

«Grab ផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់អ្នកបើកបរ ហើយកម្មវិធីនេះបង្ហាញឲ្យយើងឃើញពីកន្លែងផ្សេងៗដែលមានការកក់ច្រើន»។
មុខងារពិសេសរបស់ Grab នៅលើទូរស័ព្ទដៃ

ក្រុមហ៊ុន Grab បានបញ្ជាក់ថា ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ខ្លួន គឺការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតឱកាសនៃការរកប្រាក់ចំណូលសម្រាប់ដៃគូបើកបររបស់ខ្លួន ក៏ដូចជាធ្វើឲ្យសេវាជិះយានជំនិះកាន់តែមានតម្លៃថោកសម្រាប់ប្រជាជនកម្ពុជា កាន់តែច្រើន។ លោក រ៉ូណាល់ វ៉ង (Ronald Wong) នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ 

«ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាប្រចាំតំបន់ យើងចង់ចែករំលែក និងសិក្សាពីប្រតិបត្តិការរបស់យើងទូទាំងតំបន់នេះ ដើម្បីអភិវឌ្ឍកម្មវិធីរបស់យើងបន្ថែមទៀត និងធ្វើឲ្យសេវាជិះយានជំនិះមានសុវត្ថិភាព សន្តិសុខ មានអត្ថប្រយោជន៍ច្រើន សម្រាប់ទាំងអ្នកធ្វើដំណើរ និងដៃគូបើកបររបស់យើង»។

លោក វ៉ង មានប្រសាសន៍បញ្ចប់ថា៖ 

«យើងស្តាប់ដៃគូបើកបររបស់យើងយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀនពីពួកគាត់ទាក់ទងនឹងបញ្ហាប្រឈមមុខពិសេសៗមួយចំនួន ដែលពួកគេជួបប្រទះនៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ហើយយើងពិតជាមានមោទនភាពណាស់ចំពោះមធ្យោបាយ ដែលយើងអាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យារបស់យើងដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]