ភ្នំពេញ៖ ការទទួលថតរឿងភាគបែបបុរាណ និងសម័យលាយបញ្ចូលគ្នាក្នុងខ្សែរឿងតែមួយដូចជារឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» របស់ស្ថានីយទូរទស្សន៍ PNN គឺជាលើកទីមួយហើយសម្រាប់ជីវិតជាអ្នកសិល្បៈរបស់តារាប្រុសដ៏មានប្រជាប្រិយភាពលោក ខាត់ វ៉ៃហាំង។ 

លោកបានអះអាងថា ត្បិតកន្លងមកខ្លួនធ្លាប់គ្រងសម្លៀកបំពាក់សម្តែងជាតួអង្គមួយចំនួនក្នុងសាច់រឿងល្ខោនខោល តែនោះជាការងារថតរូបដើម្បីជួយផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ជាតិ ខុសប្លែកអំពីការងារថតរឿង ដែលត្រូវតុបតែងហើយស្លៀកសម្លៀកបំពាក់បែបបុរាណជាច្រើនថ្ងៃ ក្នុងអំឡុងពេលច្រើនខែទម្រាំការងារបញ្ចប់។ ទោះការស្លៀកសម្លៀកបំពាក់បែបបុរាណលំបាកបន្តិច តែលោកក៏ចូលចិត្តការស្អិតស្អាងខ្លួនបែបបុរាណ។

លោក ខាត់ វ៉ៃហាំង

រូបភាពដែលធ្វើឱ្យតារាប្រុសរូបនេះដក់ចិត្តចងចាំខ្លាំងជាងគេ ហើយតែងរីករាយជានិច្ចរាល់លើកដែលរំឭកដល់នោះ គឺឆាកសម្តែងនៅក្នុងប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ទិដ្ឋភាពគ្រប់យ៉ាងស្រស់ស្អាតប្រៀបដូចឋិតក្នុងការយល់សប្តិ ព្រោះពេលនោះថតឆាកប្រជាពលរដ្ឋធ្វើបុណ្យភូមិក្នុងបរិវេណប្រាសាទ ហើយម្នាក់ៗស្លៀកពាក់សុទ្ធជាសម្លៀកបំពាក់សម័យបុរាណ នាំគ្នាទស្សនាការសម្តែងរបាំបុរាណចម្រុះប្រភេទទាំងយប់ថ្ងៃមានដូចជា របាំក្ងោកពោធិ៍សាត់ របាំអប្សរា និងរបាំជូនពរជាដើម ដូច្នេះមនុស្សចូលរួមក៏ច្រើន ឯរូបភាពវិញក៏កាន់តែអស្ចារ្យខ្លាំងឡើងថែមទៀត។ លោក វ៉ៃហាំង បានរៀបរាប់ថា៖

«ពេលហ្នឹងខ្ញុំដើរមើលគេ ព្រោះយើងជាមេទ័ព យើងដើរមើលគេអ៊ីចឹង! មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះឃើញសិល្បករសិល្បការិនី តែងខ្លួនជាអ្នករបាំតាមប្រភេទនីមួយៗខុសប្លែកគ្នា ដូច្នេះវាស្រស់ស្អាតខ្លាំង ហើយក៏ដក់ជាប់អារម្មណ៍ខ្លាំងដូចគ្នា ជាពិសេសគឺបានឃើញតួឯកស្រីនៅទីនោះតែម្តង»។

ក្រៅពីឆាកសម្តែងដែលរីករាយ ការថតរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» ក៏ប្រឈមនឹងការលំបាកមួយចំនួនដែរ លោក វ៉ៃហាំង បានរម្លឹកថា ឆាកដែលធ្វើឱ្យលោករួមនឹងក្រុមការងារលំបាកខ្លាំងជាងគេ គឺថតសកម្មភាពធ្វើសង្គ្រាម ព្រោះមនុស្សច្រើនពិបាកគ្រប់គ្រង ឯអាកាសធាតុថ្ងៃខ្លះក៏ក្តៅខ្លាំង រហូតធ្វើឱ្យរបកស្បែកខ្នងតួសម្តែងខ្លះថែមទៀតផង។ ទោះត្រូវឆ្លងកាត់ការលំបាក ហើយអត់ធ្មត់ខ្លាំងយ៉ាងណាក៏តួសម្តែងគ្រប់រូបអាចញញឹមបាន ក្រោយបានឃើញលទ្ធផលចុងក្រោយទទួលបានវីដេរឿងប្រកបដោយគុណភាព។

តើភាពប្រែប្រួលនៃស្នេហាក្នុងរឿងភាគថ្មី «និស្ស័យស្នេហ៍នាងមនោរាហ៍» របស់ទូរទស្សន៍ PNN រវាងកម្លោះសង្ហាលោក ខាត់ វ៉ៃហាំង និងកញ្ញាសុភាពទន់ភ្លន់ ស៊ីន យូប៊ីន នឹងក្លាយទៅជាយ៉ាងណា? តើតួអង្គឯកប្រុសស្រីមួយគូនេះ ត្រូវឆ្លងកាត់នូវឧបសគ្គអ្វីខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់រៀងរាល់សប្តាហ៍នាថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧:៥០ នាទី រហូតម៉ោង ៩ យប់៕

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

សូមទស្សនាវីដេអូខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន