ខេត្តកណ្ដាល ​៖ ​តាមប្រភពព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ម្នាក់​បាន​រឹត​ក​សម្លាប់​បុរស​ម្នាក់​ទៀត ព្រោះតែ​ខឹងជនរងគ្រោះ​​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ខ្លួន ពេល​ដែល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ច្រៀង​ខា​រ៉ា​អូខេ​វិញ​ ​ហើយ​ឃើញ​ជន​សង្ស័យ​​កំពុងតែ​​​និយាយ​លេង​ជាមួយ​​ប្រពន្ធ​របស់​គាត់​ស្ងាត់​ៗ​តែ​២​នាក់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ខ្យូ​សលក់​ដី​ឡូ​ត៍​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​មង្គល​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​​ឈ្មោះ ធី សុខ​គី​ម ភេទប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ហើយ​នគរបាល​ដកហូត​បានវត្ថុតាង​រួម​មាន​ខ្សែ​ពណ៌​លឿង​ចំនួន​១ និង​កាំបិត​បុ័ងតោ​១ ។​ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ រ៉ុ​ម សា​រាជ ភេទប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គិរី ខេត្ត​កំ​ពង​ឆ្នាំង​ និង​មាន​ប្រពន្ធ​ឈ្មោះ ពិត​ ចាន់​កែវ អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​នៅ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បឹង​វែង ឃុំ​ក្រាំង​លាវ ស្រុក​រលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​​ខាងលើ​​ដែរ​។

តាម​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​១៤ ខែកក្កដា ប្តី​របស់​នាង​បាន​ផឹកស្រា​ជាមួយ​បងប្អូន​រហូត​ដល់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ដដែល​ទើប​ឈប់​ និង​បាន​បែក​គ្នា​ទៅ​រក​កន្លែងដេក​រៀង​ៗ​ខ្លួន ​។

​ចំណែក​ប្តី​នាង​មិន​បាន​ចូល​ទៅ​ដេក​នោះ​ឡើយ ​ក៏​ចេញ​ទៅ​រក​ច្រៀង​ខា​រ៉ា​អូរ​ខេ​ជាមួយ​មិត្តភក្តិ​៦​ទៅ​៧​នាក់​ផ្សេង​ទៀត លុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជន​សង្ស័យ​ដែល​ទើបតែ​ត្រូវ​បាន​គេ​ជួល​ឲ្យ​មក​ចាក់​បេតុង​ពេល​យប់​បាន​៣​ម៉ោង​ប៉ុណ្ណោះ ក៏​ដើរទៅ​រក​នាង ​ហើយ​សួរ​នាង​ថា​ «​តើ​យប់​ថ្មើរ​ហ្នឹង​​ហើយ​មិន​ទាន់​ចូល​ដេក​ទៀត?​» ខណៈនោះ​នាង​ឆ្លើយ​ថា​«​នៅទេ​» បន្ទាប់​ម​ក​ជនសង្ស័យ​ក៏​បាន​ដើរ​ចាកចេញ​ទៅ​បាត់​ទៅ ចំណែក​នាង​មិន​ទាន់​ចូល​ទៅ​ដេក​ឡើយ​គឺ​បាន​នៅ​អង្គុយ​ចាំ​ប្តី​ជា​បន្ត​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ជនសង្ស័យ​បាន​ដើរ​ត្រឡប់​ទៅ​រក​នាង​ និង​អង្គុយ​ជជែក​លេង​ជាមួយ​នាង​ម្ដងទៀត​ ហើយ​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកក្កដា ទើប​ប្តី​នាង​ត្រឡប់​មក​ពី​ច្រៀង​ខា​រ៉ា​អូរ​ខេ​ជាមួយ​មិត្តភក្តិ​វិញ​ ។ ​ខណៈនោះ​ប្តី​របស់​នាង​បាន​ខឹង​យ៉ាង​ខ្លាំង ​ព្រោះតែ​​ប្រច័ណ្ឌ​នាង​ជាមួយ​ជន​សង្ស័យ ហើយ​ជនរងគ្រោះជា​​ប្ដី​បាន​ឈ្លោះ​ជេរស្តី​នាង​យ៉ាង​ខ្លាំង ព្រមទាំង​ឈ្លោះ​ជាមួយ​ជនសង្ស័យ​​យ៉ាង​ខ្លាំង​ផង​ដែរ ​។

តាមប្រភពដដែលបាន​បន្តទៀត​ថា ​បន្ទាប់​មក​ជនសង្ស័យ​​បាន​ដើរ​ចេញ​ទៅ​បាត់ ចំណែក​ជនរងគ្រោះជា​ប្ដី​​បាន​ដេញ​ឲ្យ​នាង​ចូល​ដេក ហើយ​​ជនរងគ្រោះ​មិន​បាន​ចូលទៅ​​ដេក​ជាមួយ​​នាង​ឡើយ​ ក៏​បាន​ចេញ​ទៅ​បាត់​​ផងដែរ ​តែ​​នាង​មិន​បាន​ទៅ​តាម​ឡើយ រហូត​ដល់​ព្រឹក​ឡើង​នាង​ដើរ​រក ​ស្រាប់តែ​ប្រះ​​ឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ខ្យូ​សបាត់​ទៅ​ហើយ​។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើនោះ​ភ្លាម ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក រួមទាំង​កម្លាំង​ផ្នែក​ពិនិត្យ​ និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក រួម​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​ចុះ​ទៅ​ពិនិត្យកន្លែងកើតហេតុ និង​ធ្វើ​​កោសល្យវិច័្ច​យ ជា​លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​អំពើ​ឃាតក​ម្មរឹតក​សម្លាប់​ ។ ​ទើបលោក​វរ​សេនី​យ៍​ឯក ​មាន សំណាង​ អធិការ​នគរបាល​ស្រុក​អង្គស្នួល​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​​សង្ស័យ​នាំ​ទៅ​ធ្វើការ​សាកសួរ ​ទើប​ដឹង​ថា​ជន​នេះ​គឺជា​ឃាតករ​សម្លាប់​ជន​រង​គ្រោះ​។

តាមប្រភពពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ជន​រង​គ្រោះ ​ព្រោះតែ​ខឹង​ជនរងគ្រោះ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ខ្លួន​គ្មាន​ហេតុផល ​ហើយ​​ក្រោយ​ពេល​ទាស់​ពាក្យ​សម្ដី​គ្នា​ជា​មួយ​​ជនរង​គ្រោះ​រួច ខ្លួន​ក៏​ចេញ​ទៅ​ផ្ទះ ប៉ុន្តែ​ក្រោយមក​ដោយ​នឹក​ខឹង​ខ្លាំង​ពេក​ ទើបខ្លួន​​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ​វិញ​ដើម្បី​សម្លាប់​ចោល ​។ ​លុះ​ពេលខ្លួន​​ដើ​រ​ទៅ​ដល់​ត្រង់​ខ្យូ​ស​លក់​ដី​ឡូ​ត៍​បានឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​លក់​តែ​ម្នាក់ឯង ​ខ្លួន​ក៏​យក​ខ្សែរឹត.​ក​សម្លាប់​ចោល​តែ​ម្ដង​​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]