ភ្នំពេញ៖ ចំណងជើងទីបី នៃការបោះពុម្ពផ្សាយរបស់ខ្លួន ដែលមានចំណងជើងថា “បឹងអតីត” ត្រូវបាន តម្រា ចាត់ទុកថាជាមុខមាត់ថ្មីមួយទៀត ក្នុងសកម្មភាពបោះពុម្ពផ្សាយរបស់ខ្លួន។

លោក ជីព ចិត្ត គណៈកម្មការជ្រើសរើសការផ្សាយរបស់ តម្រា បានឲ្យដឹងថា «បឹងអតីត» ជាស្នាដៃថ្មីសន្លាងរបស់អ្នកនិពន្ធ ស៊ុយ លីនប៉ាវ រួមជាមួយអ្នកនិពន្ធ ឆោម សុពៅ ដែលនិយាយអំពីបឹងមួយត្រូវបានបោះបង់ចោល ដោយពាក្យចចាមអារាមដ៏ស្រពេចស្រពិល។ យុវវ័យមួយក្រុម ដែលមានបេសកកម្មស្វែងរកទីតាំងថតវីដេអូបានពើបប្រទះនឹងបឹងនោះ ហើយការស្នាក់នៅរបស់ពួកគេនៅក្បែរៗបឹង ត្រូវបានអ្នកស្រុកហាមឃាត់។

«យើងឃើញសាច់រឿងនេះណែនល្អ ហើយបន្ថែមពីលើគំនិតរឿងដែលចាក់ស្រេះទាក់ទាញយើងពេញចិត្តការសរសេរបែបយុវវ័យរបស់អ្នកនិពន្ធវ័យក្មេងទាំងពីរ ដូច្នេះចុងក្រោយតម្រាសម្រេចចិត្តបោះពុម្ពរឿងនេះចំណងជើងធំទីបីរបស់ខ្លួន!»។
លោក ជីព ចិត្ត គណៈកម្មការជ្រើសរើសការផ្សាយរបស់ តម្រា

រឿង «បឹងអតីត» មានចំនួនជិតពីររយទំព័របោះពុម្ពលើកដំបូង ២០០ ច្បាប់ ក្នុងប្រទេសកម្ពុជា និងមានគម្រោងបោះពុម្ពបន្ថែមនូវការកែសម្រួលលើកទីពីរ យោងទៅតាមបម្រែបម្រួលនៃទីផ្សារអំណាននៅកម្ពុជា។

លោកឲ្យដឹងបន្ថែមថា សៀវភៅទីបីនេះ មានការសម្រិតសម្រាំងទាំងខ្លឹមសារ និងក្រដាសមិនឲ្យអ្នកអានខកចិត្ត ចំណែកតម្លៃ តម្រា ព្យាយាមរក្សាត្រឹមតែ ២៥០០០ រៀល មិនឡើងមិនចុះ។

យោងតាមគម្រោង «បឹងអតីត» និងចេញជារូបរាងនៅចុងខែនេះ ហើយប្រិយមិត្តគួរតាមដានផេកតម្រាទៀងទាត់ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស និងប្រូម៉ូសិននានាជាច្រើនទៀត។ តម្រា គឺជាអ្នកបោះពុម្ពផ្សាយក្មេងខ្ចីក្រោយគេមួយ ដែលបានកសាងស្លាកសញ្ញារបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយមានចរាចរបញ្ចេញសៀវភៅលឿនជាងគេមួយ ដោយសារតែគុណតម្លៃ និងខ្លឹមសាររបស់ខ្លួនដែលផ្អែកលើ លើកកំពស់កម្មសិទ្ធិបញ្ញា ទម្លាក់តម្លៃសម្រាប់អ្នកអាន ដែលមានលទ្ធភាពតិច ហើយជ្រើសរើសមាតិកា ដែលមានគុណភាព។ នេះបើតាមលោក ជីព ចិត្ត លើកឡើង។

កាលពីដើមឆ្នាំនេះ តម្រា បានជោគជ័យដោយបានបោះពុម្ពសៀវភៅពីរគឺ «អាគមបរព្រៃ» និង «ពេលវេលា» ដែលជាស្នាដៃរបស់អ្នកស្រី ម៉ីសន សុធារី

រឿង «បឹងអតីត»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]