បរទេស៖ ជារឿងមួយធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងប្រុសជនជាតិអង់គ្លេស លោកEd Sheeran ប្រកាសឲ្យដឹងថាលោកបានរៀបការរួចហើយជាមួយមិត្តស្រីសំណព្វចិត្តCherry Seaborn។

គួរឲ្យដឹងផងដែរថា Ed Sheeran និង Cherry Seaborn ចាប់ផ្តើមស្នេហានៅសម័យរៀនថ្នាក់វិទ្យាល័យ រហូតមកដល់ពេលនេះពួកគេទាំងពីរបានក្លាយជាស្វាមីភរិយានឹងគ្នា រស់នៅយ៉ាងមានសុភមង្គល។

ប៉ុន្តែទម្រាំតែមានថ្ងៃនេះ ពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ព្រោះជីវិតស្នេហាមិនស្រស់បំព្រងរហូតនោះទេ។ ដោយក្រោយពីចប់ថ្នាក់វិទ្យាល័យ Cherry Seabornបានទៅរៀនបន្តនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក ចំណែកឯEd Sheeran បានចាប់យកអាជីពជាអ្នកចម្រៀង និងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ ចំពោះចំណុចនេះអ្នកគាំទ្រសង្ស័យថា ពួកគេទាំងពីរបានចែកផ្លួវគ្នា ដើម្បីបំពេញតួនាទីរៀងៗខ្លួន។

រហូតមកដល់ឆ្នាំ២០១៥ លោកEd Sheeran បានប្រកាសផ្អាកពីសិល្បៈមួយរយៈ និងមិនទទួលការងារមួយឆ្នាំពេញ។ លោកបានត្រលប់ទៅផ្ទះនៅឯទីក្រុងLondonវិញចំនួន៤ខែ។ ក្រោយមកលោកចាប់ផ្តើមធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ហើយថែមទាំងឆ្លៀតទៅសហរដ្ឋអាមេរិកដើម្បីជួបនឹង Cherry Seaborn ទៀតផង។ ការជួបគ្នាលើកនេះប្រៀបដូចជាការរំលឹកអនុស្សាវរីយ៍ចាស់ៗ ហើយបានធ្វើឲ្យពួកគេត្រឡប់មកទាក់ទងគ្នាម្តងទៀត។

បន្ទាប់ពីត្រលប់មកទាក់ទងគ្នាវិញ Ed Sheeran ចាប់បើកចំហរពីស្នេហារបស់ខ្លួន ដោយលោកបានផ្តល់បទសម្ភាសន៍មួយថា «នេះជាលើកដំបូងដែលខ្ញុំលង់ស្រលាញ់មនុស្សម្នាក់យ៉ាងពិតប្រាកដ។ ខ្ញុំមានក្តីសុខខ្លាំងណាស់ ព្រោះរយៈពេលជាច្រើនឆ្នាំកន្លងមកខ្ញុំបានប្រើពេលជាមួយមនុស្សស្រីម្នាក់នេះ ហើយទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ នេះជារឿងដែលល្អមែនទែន ពួកយើងនៅជាមួយគ្នា ចិញ្ចឹមឆ្មាជាច្រើនក្បាល នេះហើយជាជីវិតដែលខ្ញុំចង់បាន»

ទន្ទឹងនឹងនេះនៅខែមករា ឆ្នាំ២០១៨ Ed Sheeran បានបង្ហើបឲ្យដឹងថាលោកបានភ្ជាប់ពាក្យស្ងាត់ៗជាមួយមិត្តស្រី នៅក្នុងរដូវChristmasឆ្នាំ២០១៧។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ លោកបានប្រាប់គ្រប់គ្នាទៀតថា លោកបានរៀបការជាមួយCherry រួចរាល់ហើយ។

យោងតាមប្រភពព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា ពិធីរៀបការរបស់Ed Sheeran បានរៀបចំឡើងនៅទីក្រុងឡុនដុន និងអញ្ជើញភ្ញៀវចូលរួមត្រឹមតែ៤០នាក់ គឺមានតែសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ៕

លោកEd Sheeran
លោកEd Sheeran និងភរិយា
លោកEd Sheeran និងភរិយា
លោកEd Sheeran និងភរិយា
លោកEd Sheeran និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]